ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់នៅតែឈរចំណាត់លេខ១នៅ FIFA Ranking

FIFA Ranking គឺជាចំណាត់ថ្នាក់របស់ក្រុមបាល់ទាត់នៅលើពិភពលោក ដែលខិតខំប្រកួតជារៀងរាល់ខែ ទាំងប្រកួតលំដាប់ ពាន និង មិត្តភាព។ ក្រុមណាមួយដែលមានពិន្ទុខ្ពស់ជាងគេនឹងទទួលបានចំណាត់ល្អជាងគេផងដែរ។ អ្នកមានចំណាត់ថ្នាក់ល្អទៀតសោតគឺជាបច្ច័យល្អនៅពេលចែកពូលប្រកួតធំៗ ដូចជាពានរង្វាន់បាល់ទាត់ពិភពលោកជាដើម ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ពេលចែកពូលគឺមិនមានឱកាសជួបគ្នាទេ មានន័យថាក្រុមខ្លាំងៗគឺ អាចជៀសគ្នាបានក្នុងវគ្គចែកពូល។

ក្រុមជ្រើសជាតិកំពូលទាំង៤ក្នុងចំណាត់ថ្នាក់ FIFA Ranking ប្រចាំខែមីនានេះមានដូចជា៖

១-អាល្លឺម៉ង់ឈរចំណាត់ថ្នាក់លេខ១ មាន ១៦០២ពិន្ទុ ក្នុង៥ប្រកួតចុងក្រោយ ក្រុមឥន្ទ្រីស្លាបដែកមួយនេះមិនដែលស្គាល់ពាក្យថាចាញ់ទេ គឺឈ្នះ ៣ប្រកួត ស្មើ ២ប្រកួត។ ឈ្នះ Norway ៦ទល់់នឹង០ ឈ្នះ Northern Ireland ៣ទល់នឹង១ ឈ្នះ Azerbaijan ៥ទល់នឹង១ ស្មើ England ០ទល់នឹង០ និង ស្មើ France ២ទល់នឹង២។

២-ប្រេស៊ីលឈរចំណាត់ថ្នាក់លេខ២ មាន ១៤៨៤ពិន្ទុ ក្នុង៥ប្រកួតចុងក្រោយ ក្រុមសាំបាមួយនេះមិនដែលស្គាល់ពាក្យថាចាញ់ទេ គឺឈ្នះ ២ប្រកួត ស្មើ ៣ប្រកួត។ ស្មើ Colombia ១ទល់់នឹង១ ស្មើ Bolivia ០ទល់នឹង០ឈ្នះ Chile ៣ទល់នឹង០ ឈ្នះ Japan ៣ទល់នឹង១ នឹង ស្មើ England ០ទល់នឹង០។

៣-ព័រទុយហ្គាល់ឈរចំណាត់ថ្នាក់លេខ៣ មាន ១៣៥៨ពិន្ទុ ក្នុង៥ប្រកួតចុងក្រោយ ក្រុមដែលមានតារាឆ្នើម CR7 មួយនេះមិនដែលស្គាល់ពាក្យថាចាញ់ទេ គឺឈ្នះ ៤ប្រកួត ស្មើ ១ប្រកួត។ ឈ្នះ Hungary ១ទល់់នឹង០ ឈ្នះ Andorra ២ទល់នឹង០ ឈ្នះ Switzerland ២ទល់នឹង០ ឈ្នះ Saudi Arabia ៣ទល់នឹង០ និងស្មើ USA ១ទល់នឹង១។

៤-អាហ្សង់ទីនឈរចំណាត់ថ្នាក់លេខ៤ មាន ១៣៤៨ពិន្ទុ ក្នុង៥ប្រកួតចុងក្រោយ ក្រុមដែលមានតារាឆ្នើម Messi មួយនេះ គឺឈ្នះ ២ប្រកួត ស្មើ ២ប្រកួត និង ចាញ់ ១ប្រកួត។ ស្មើ Venezuela ១ទល់់នឹង១ ស្មើ Peru ០ទល់នឹង០ឈ្នះ Ecuador ៣ទល់នឹង១ ឈ្នះ Russia ១ទល់នឹង០ និង ចាញ់ Nigeria ៤ទល់នឹង២។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់ FIFA Ranking នេះមានការប្រែប្រួលប្រចាំខែនីមួយៗ ប៉ុន្តែការ ប្រែប្រួលចំណាត់ថ្នាក់កំពូលៗទាំង៤ហាក់មិនមានគម្លាតឆ្ងាយប៉ុន្មានទេ ដោយក្រុមប្រទេស ខ្លាំងៗខាងលើអាចផ្លាស់ប្តូរចំណាត់ថ្នាក់គ្នា១លេខ ឬធ្លាក់២លេខប៉ុណ្ណោះ។ ការធ្លាក់ចំណាត់ ឬការឡើងចំណាត់ថ្នាក់អាស្រ័យទៅលើពិន្ទុ និងការប្រកួតរវាងប្រទេសនឹងប្រទេសក្នុង លក្ខណៈ មិត្តភាពជាដើម ៕ ដេវីត