ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់ក្រោយរងការបង្រ្កាបចាប់ខ្លួនពីបទជួញដូរសារធាតុញៀននៅក្នុងថ្នាំវេជ្ជសាស្រ្តខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់រងការចោទប្រកាន់ពីបទជួញដូរសារធាតុញៀននៅក្នុងវេជ្ជសាស្រ្តប្រភេទថ្នាំពេទ្យបំរើការវះកាត់មនុស្សរឺសត្វ ត្រូវបានកម្លាំងអាវុធហត្ថចាប់បញ្ជូនយកទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោយរងការបង្រ្កាបចាប់ខ្លួនពួកគេទាំង២នាក់នៅវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្ពានតាផាន់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យខណៈជនសង្ស័យធ្វើដំណើរតាមរថយន្ត១គ្រឿងចេញពីខេត្តបាត់ដំបងឆ្ពោះទៅក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា៖ ក្រោយពីទទួលព័ត៌មានពីបណ្តាញសម្ងាត់ដឹងថាជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀនលាក់ក្នុងរថយន្តនោះរួចហើយ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានពញ្ជាឱ្យលោកដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើចចំនួន២នាក់ ១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ ២៨ឆ្នាំ ជាមុខសញ្ញាជួញដូរ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងខេត្តបាត់ដំបង ២.ឈ្មោះ ឌឿម មីនា ភេទប្រុស អាយុ ២២ឆ្នាំ (ម្ចាស់រថយន្ត) រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យក្នុងរថយន្តរកឃើញ វត្ថុតាងរួមមាន៖ប្រភេទកេតាមីនចំនួន ២៥០ដប-មេតំហ្វេតាមីនទឹកកកចំនួន ២កូនថង់តូច ស្មើ ៥,២៨ក្រាម-ទូរស័ព្ទចំនួន ០៤គ្រឿង និងរថយន្តកាមរីបាឡែន១គ្រឿង ។

លោកមេបញ្ជាការរងប្រាប់ឱ្យដឹងទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថារូបគេបានយកប្រភេទថ្នាំពេទ្យផ្ទុកសារធាតុញៀនពីស្រ្តីម្នាក់នៅខេត្តបាត់ដំបង ហើយបម្រុងយកទៅលក់ឱ្យអតិថិជនដែលកម្មង់ទិញនៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែត ។ ការប្រកបមុខរបរជួញដូរនេះពួកគេទើបតែប្រព្រឹត្តលើកទី១ ។

​សូមបញ្ជាក់ថាថ្នាំប្រភេទកេតាមីនមានផ្ទុកសារធាតុញៀនហើយត្រូវបានជនល្មើសជួញដូរដើម្បីយកទៅកែច្នៃខុសគោលដោះទៅជាប្រភេទថ្នាំញៀនក្នុងការប្រើប្រាស់ ។ ប្រភេទថ្នាំនេះដែរ កាលពីកន្លងទៅនេះត្រូវជនខិលខូចជួញដូរទ្រង់ទ្រាយធំបានរងការបង្រ្កាបម្តងរួចហើយនៅតំបន់កាស៊ីណូក្រុងប៉ោយប៉ែត ៕ សំ វិច្ឆិកា