ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនចោរឆក់កាបូបជនបរទេសបានសម្រេចចំនួន៥លើកទៅតុលាការ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់កាបូបជនបរទេសម្នាក់ ទៅតុលាការ ក្រោយសមត្ថកិច្ចសាកសួរចប់នីតិវិធី ។

មន្រ្តីកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ តន់ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ចំណុចផ្លូវលេខ៦៧ កែងផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ។ ចំណែកនារីរងគ្រោះឈ្មោះ MATHI LDE SPERRY អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារកណ្ដាល ខណ្ឌដូនពេញ ។

មន្រ្តីដដែរបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានស្រាវជ្រាវដេញតាមចាប់ជនសង្ស័យកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីយប់ ត្រង់ចំណុចផ្លូវលេខ៦៧ កែងផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានប្រហែល១ម៉ោង នៅចំណុចផ្លូវ១៣០កែងផ្លូវ១៣ ក្បែរផ្សារកណ្តាល ខណ្ឌដូនពេញ ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានបន្តទៀតថា បន្ទាប់ពីអាវុធហត្ថខណ្ឌដូនពេញបានទទួល ពាក្យបណ្តឹង ពីជនរងគ្រោះជាជនបរទេសឈ្មោះ MATHI LDE SPERRY ថាមានបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ព័ណ៌ខ្មៅ ធ្វើសកម្មភាពឆក់យកកាបូបរបស់ខ្លួនបានសម្រេច ។ បន្ទាប់ពីទទួលបានភិនភាគជនសង្ស័យរួច ដោយប្រើរយៈពេលប្រហែល១ម៉ោង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក៏បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនសង្ស័យខាងលើ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីបន្ត និងដកហូតយកបានកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានចូលមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀនចំនួន០៥ដងរួចមកហើយ។ ក្រោយពេលចេញពីមណ្ឌលកែប្រែ រូបគេបានប្រកបរបរជាជាងកាត់សក់ តែយូរៗម្តងរូបគេតែងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនាពេលរាត្រី។ កន្លងមករូបគេឆក់បានចំនួន០៥លើក គឺឆក់ពីប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ទើបតែលើកចុងក្រោយនេះ ពេលរូបគេចេញពីហូបអាហារ នៅជិតវត្តបទុមវតី ក៏ឃើញជនបរទេស០២នាក់ដើរ មានស្ពាយកាបូបផងនោះ ទើបរូបគេជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយនោះ ជិះគេចខ្លួនតែម្តង ស្រាប់តែមិននឹកស្មានថា រូបគេគេចខ្លួនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ស្រាវជ្រាវចាប់ខ្លួនរូបគេបានតែម្តង ៕ ស តារា