ព័ត៌មានទាន់ហេតុការណ៍៖

អា​មេ​រិ​ក​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

​​ប្រភព​ព័ត៌មាន ​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ថា​ អា​មេ​រិ​កបាន​បន្ថែម​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​ដែល​មិន​បញ្ចេញ​ឈ្មោះ ​ដល់​មន្ត្រី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ ដោយសារ​តែ​មន្ត្រី​ទាំងនោះ​ជាប់​ទាក់ទិន​អំពើ​ពុក​រលួយ​ និង​ រំលោភសិទ្ធិ​មនុស្ស​ ។​
​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ លោក​ Nicolas​ Maduro​ បាន​ហៅ​វិធានការ​នេះ​ថា​ ជា​ការ​ប៉ុនប៉ង​មួយ​រំលោភ​មក​លើ​អធិបតី​យ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ ។​

​កាលពី​ឆ្នាំ​មុន​អា​មេ​រិ​កបាន​អនុវត្ត​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ដែល​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​បាតុករ​ ។​ កាលពី​មុនគេ​ដាក់​ទណ្ឌកម្ម​តែ​ចំពោះ​ពួក​មន្ត្រី​នោះ​ទេ​ ដែល​ហាម​ចូល​ទៅ​កាន់​ទឹកដី​អា​មេ​រិ​ក​ ប៉ុន្តែ​លើក​នេះ​ គឺ​ហាម​ទាំង​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ផង​ដែរ​ ។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោកស្រី​ Jen​ Psaki​ បាន​ថ្លែង​ថា​ «​យើង​ផ្ញើ​សារ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ អ្នក​ដែល​រំលោភសិទ្ធិ​មនុស្ស​ អ្នក​ដែល​ទទួលផល​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទាំងនោះ​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ទេ​»​ ។

​លោក​ Maduro​ បាន​ប្រតិកម្ម​យ៉ាង​ខឹងសម្បា​ហើយ​បាន​បញ្ជាក់​ថា​ លោក​នឹង​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ។​ លោក​បន្ត​ថា​ លោក​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​មើល​មក​យើង​ ហើយ​គិត​ថា​ យើង​ជា​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​នោះ​ទេ​ ។

​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នេះ​ប្រកាស​ឡើង​បន្ទាប់​ពី​លោក​ Maduro​ បាន​ប្រកាស​ចោទប្រកាន់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ Joe​ Biden​ ថា​ជា​អ្នក​រួមគំនិត​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល​សង្គមនិយម​របស់​គាត់​ នៅ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​មេដឹកនាំ​កា​រា​បៀ​ន​ (Caribbean)​ នៅ​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​ ។​

​ការិយាល័យ​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ Joe​ Biden​ បាន​ហៅ​ការ​ចោទប្រកាន់​នេះ​ថា​ គ្មាន​មូលដ្ឋាន​ និង​គ្មាន​ការ​ពិត​ ។

​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​នឹង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មាន​សភាព​តានតឹង​ជា​យូរ​ឆ្នាំ​មក​ហើយ​ ។​ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ការទូត​ចុង​ក្រោយ​បំផុត​គឺ​ក្នុង​ឆ្នាំ​២០១០​ ៕
9(23)

10(23)