ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបបន្តដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្សុី ឯរុស្ស៊ីត្រៀមវាយបកតបវិញ

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៤ ខែឧសភា បានសម្រេចអនុម័តដាក់ ទណ្ឌកម្ម បន្ថែមទៅលើប្រទេសរុស្ស៊ី ។សកម្មភាពខាងលើបានធ្វើឲ្យទីក្រុងមូស្គូកាន់តែខឹងសម្បាយ៉ាងខ្លាំង ដោយបាន ប្រកាសថា នឹងតបតវិញយ៉ាងស័ក្តិសម បំផុត។

គណៈកម្មការសហគមន៍អឺរ៉ុបបាន សម្រេចដាក់បញ្ចូលឈ្មោះ មន្ត្រីរុស្ស៊ី៥រូប ទៀត នៅក្នុងតំបន់គ្រីមៀ ក្នុងបញ្ជីខ្មៅដាក់ ទណ្ឌកម្ម ហើយការដាក់ទណ្ឌកម្មនោះនឹងមានប្រសិទ្ធភាពភ្លាមនៅថ្ងៃទី១៤ ខែ ឧសភា។

នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុបបានបញ្ជាក់ថា «គណៈកម្មការអឺរ៉ុប បានសម្រេចដាក់បញ្ចូលមន្ត្រីរុស្ស៊ី៥នាក់ទៀតក្នុងបញ្ជីទណ្ឌកម្មថ្មី ដោយសារតែ មានសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ។ មិនតែ ប៉ុណ្ណោះ មន្ត្រីទាំង៥រូបបានចូលរួមនៅក្នុងសកម្មភាពបោះឆ្នោតប្រធានាធិបតី រុស្ស៊ី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅតំបន់ គ្រីមៀ»។

បច្ចុប្បន្នការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើរុស្ស៊ី រួមមានទណ្ឌកម្មសេដ្ឋកិច្ច និងបុគ្គល មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ រុស្ស៊ី ។ប៉ុន្តែនៅពេលនេះអឺរ៉ុប ក៏បានបន្ត ដាក់ទណ្ឌកម្ម ទៅលើមន្ត្រីនៅក្នុងតំបន់ គ្រីមៀ។

ប្រតិកម្មទៅលើការដាក់ទណ្ឌកម្មថ្មី របស់អឺរ៉ុប អ្នកនាំពាក្យ ក្រសួងការបរទេស រុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា ទីក្រុងមូស្គូនឹងមានវិធានការតបតវិញយ៉ាងស័ក្តិសមបំផុត។ លោកស្រីបានបន្តទៀតថា «ការដាក់ទណ្ឌ កម្មថ្មីរបស់អឺរ៉ុប បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់អឺរ៉ុប កំពុងតែប្រឆាំងជា មួយពលរដ្ឋនៅក្នុងតំបន់គ្រីមៀ ប្រឆាំង នឹងគោលបំណងនិងផលប្រយោជន៍របស់ពលរដ្ឋ។

តាមការបញ្ជាក់របស់មន្ត្រីការបរទេស រុស្ស៊ី មនុស្សគ្រប់រូបនៅអឺរ៉ុប បានឃើញយ៉ាងច្បាស់ពីការដាក់ទណ្ឌកម្មប្រឆាំង រុស្ស៊ី ជាការបង្ហាញពីសាមគ្គី មានលក្ខណៈ បែបបទគ្មានប្រយោជន៍ ហើយលទ្ធផល ដែលទទួលបាន គឺអឺរ៉ុប ត្រូវរងនូវផលប៉ះពាល់និងការខាតបង់ជាច្រើន។ ភាគីរុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការវាយបកទៅលើអឺរ៉ុបវិញ។

អឺរ៉ុប បានអនុវត្តដាក់ទណ្ឌកម្ម ទៅលើ ប្រទេសរុស្ស៊ី តាំងពីឆ្នាំ២០១៤ ក្រោយពេល អំពើហិង្សាកើតឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន និង ការដាក់បញ្ចូលគ្រីមៀនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី៕ ម៉ែវ សាធី