ព័ត៌មានទាន់ហេតុការណ៍៖

អុីនធើណេត២៤ម៉ោង យីហោ B៥៥ បង្កប់ល្បែងសុីសងភ្នាល់បាល់ជាច្រើនកន្លែងក្នុងខណ្ឌដូនពេញ កំពុងថ្គើននិងអនុសាស្រ្តរបស់សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ៖ បើទោះបីជាអនុសាស្រ្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ខេត្ត ក្រុង រាជធានី លុបបំបាត់រាល់ល្បែងសុីសងទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដោយ ។ប៉ុន្តែគេសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះ ទីតាំងអុីនធើណេត២៤ម៉ោង យីហោ B៥៥ ជាច្រើនកន្លែងកំពុងតែរីកដុះដាល ដូច ផ្សិត ក្នុងខណ្ឌដូនពេញ ដែលបង្កប់ទៅ ដោយ ល្បែងសុីសងភ្នាល់បាល់ ។

គួរបញ្ជាក់ថា ទីតាំងភ្នាល់ធំៗ ចំនួន៣ កន្លែង ដែលជ្រកក្រោមយីហោ យីហោ B៥៥ ទី១ស្ថិតនៅផ្លូវលេខ៥៣ សង្កាត់ផ្សារ ថ្មីទី២ មួយកន្លែង , ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ៥២E)ផ្លូវលេខ ១៤៤ គីក្បែរសាលាសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញពេញ ព្រមទាំងនៅទល់មុខ សាលារៀនចិនតែម្តង , សាខាទី៣ស្ថិតនៅ តាមបណ្តោយផ្លូវលេខ ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ហើយទីតាំងទាំងអស់នេះកំពុងតែដំណើរការដោយរលូន មិនមានអាជ្ញាធរឫសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបនោះទេ ។

ជាការពិតណាស់! ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ:រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអុីនធើណេត២៤ម៉ោង ដែលជ្រកក្រោមយីហោ យីហោ B៥៥ ខាងលើនេះ កំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាប រហូតទាក់ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ៕ស តារា