ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់គំរាមបាញ់មីស៊ីលទៅលើគោលដៅនានារបស់អាមេរិកនិងអុីស្រាអែល

កាលពីថ្ងៃទី២២ ខែសីហា អុីរ៉ង់បានប្រមានថានឹងបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំង នានារបស់អាមេរិក និងអុីស្រាអែល ប្រសិនបើអុីរ៉ង់រងការវាយប្រហារពីអាមេរិកនោះ។

មានប្រសាសន៍ទៅកាន់ក្រុមសាសនិកអ៊ិស្លាម នៅរដ្ឋធានីតេអេរ៉ង់ ក្នុងពីធីបុណ្យ Eid Al Adhaលោក Ahmad Khatami បានបញ្ជាក់ថា «អាមេរិកនឹងត្រូវសងនៅតម្លៃខ្ពស់ បើបង្កសង្គ្រាមជាមួយអុីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោន បានដឹងយ៉ាងច្បាស់ថា ប្រសិនបើធ្វើឲ្យខាតបង់ដល់ប្រទេសអុីរ៉ង់ក្នុងកម្រិតណាក្តី អាមេរិក និងអុីស្រាអែលក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីល»។

ក្នុងពេលជាមួយគ្នានេះកម្លាំងបដិវត្តអ៊ិស្លាមអ៊ីរ៉ង់ IRGC បានប្រកាសថា អុីរ៉ង់អាចនឹងវាប្រហារដោយមីស៊ីលទៅលើទីតាំងនានានៅក្នុងទីក្រុងប្រទេសអុីស្រាអែល ប្រសិនបើអុីរ៉ង់រងការគំរាមកំហែងនោះ។

កន្លងមកថ្មី កម្លាំងទាហាន IRGC បានប្រកាសថា នឹងបន្តបង្កើនសកម្មភាពការពារជាតិ ដោយប្តេជ្ញា មិនចុះចាញចំពោះគំនាបរបស់សត្រូវនោះឡើយ ពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់ប្រទេសនេះ។ កាលពីសប្តាហ៍កន្លងមក មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Khamenei បានបញ្ជាក់ថា អាមេរិកគួរតែបញ្ចៀស ប្រើប្រាស់កម្លាំងយោធាជាមួយអុីរ៉ង់ បើមិនចងរងការខាតបង់ ដោយអុីរ៉ង់មានកម្លាំងការពារយ៉ាងរឹងមាំ។

ការប្រកាសខាងលើរបស់អុីរ៉ង់ កើតឡើងក្រោយពេលដែល ទីព្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបំពេញទស្សនកិច្ចអុីស្រាអែលដោយបានប្រកាសថា អាមេរិកនឹងធ្វើនៅរឿងរ៉ាវផ្សេងទៀតដើម្បីដាក់គំនាបលើអុីរ៉ង់ ក្រៅពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មជាថ្មីទៅលើអុីរ៉ង់ កាលពីដើមខែសីហានេះ ដោយរារាំងអុីរ៉ង់រកស៊ីជាមួយប្រទេសផ្សេងទៀត។ ដំណាក់កាលទីពីរ អាមេរិកនឹងដាក់ទណ្ឌកម្មសម្តៅទៅលើវិស័យសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចអុីរ៉ង់ គឺវិស័យប្រេង និងធនាគារដែលនឹងដាក់ទណ្ឌកម្មនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕ ម៉ែវ សាធី