ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់និងអុីស្រាអែលគំរាមកំហែងដាក់គ្នាកាន់តែខ្លាំងឡើង

អុីរ៉ង់ និងអុីស្រាអែល កាន់តែប្រឈមមុខតានតឹងដាក់គ្នាខ្លាំងឡើងៗ ក្រោយពេលដែលអុីរ៉ង់ព្រមានតបអុីស្រាអែលវិញថា «ម្រាមដៃរបស់យើងដាក់នៅលើប៊ូតុងមីស៊ីលរួចរាល់ គ្រាន់តែចុច គោលដៅនានានៅក្នុងប្រទេសអុីស្រាអែលនឹងត្រូវកម្ទេចដោយមីស៊ីលទំនើបៗជាមិនខាន»។

សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ នេះបានផ្សាយថា បន្ទាប់ពីបានឮការប្រកូកប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃបុណ្យឯករាជ្យខួបទី៧០ឆ្នាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឲ្យអន្តរជាតិងើបឡើងប្រឆាំងអ៊ីរ៉ង់នោះ កងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានព្រមានតបវិញបន្ទាប់ពីសេចក្តីថ្លែងការណ៍ថា «ដៃរបស់ពួកយើង គឺស៊កនៅជាប់កៃ (ឬប៊ូតុង) សម្រាប់បញ្ជាមីស៊ីលរួចជាស្រេចហើយ ដោយគ្រាន់តែចុចវាប៉ុណ្ណោះ នោះគ្រាប់មីស៊ីលនឹងហោះទៅស្រោចលើមូលដ្ឋានទ័ពអាកាសនានា នៅលើទឹកអ៊ីស្រាអែលតែម្តង»។

ការប្រកាសក្តែងៗរបស់អ៊ីរ៉ង់ខាងលើនេះ បានកើតមានឡើងផងដែរ បន្ទាប់ពីផែនទីនៃមូលដ្ឋានទ័ពស៊ីរី ដែលគេចោទថា អ៊ីរ៉ង់ជាអ្នកគ្រប់គ្រងនោះ ត្រូវបានសារព័ត៌មានអ៊ីស្រាអែលយកទៅធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃដើមសប្តាហ៍នេះតែម្តង។

មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ ហូហ្សេន សាឡាមី (Hossein Salami) បានព្រមានថា «អ៊ីស្រាអែលកំពុងតែរស់នៅក្នុងមាត់សត្វនាគហើយ ព្រោះថាពេលនេះ មូលដ្ឋានទ័ពដែលស្ថិតនៅភាគខាងជើង និងខាងលិចអ៊ីស្រាអែល បានស្ថិតក្នុងទិសដៅ នៃគ្រាប់មីស៊ីលយើងជាស្រេច»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយបានអះអាងថា «អ៊ីរ៉ង់ជាសត្រូវរបស់យើងទាំងអស់គ្នា ជាសត្រូវរបស់អ៊ីស្រាអែលរួមទាំងពិភពអារ៉ាប់»។

លោកបានបន្តទៀតថា «អ៊ីរ៉ង់បាននិយាយដោយចំហ ពីការបំផ្លាញអ៊ីស្រាអែល។ អ៊ីរ៉ង់កំពុងឡោមព័ទ្ធតំបន់មជ្ឈិមបូព៌ា ហើយចង់ក្រសោបយកតំបន់នេះទាំងមូល។ ពួកគេបានបាញ់គ្រាប់រ៉ុក្កែតលើទីក្រុងរីយ៉ាដ និងអារ៉ាប៊ីសាអ៊ូឌីត និងកំពុងគ្រប់គ្រងប្រទេសលីបង់ ព្រមទាំងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ហ្គាសា និងអ៊ីរ៉ាក់។ ចំណែកឯនៅស៊ីរីវិញ ពួកគេកំពុងព្យាយាមបង្កើតមូលដ្ឋានទ័ព ដូច្នេះប្រទេសស្រឡាញ់សន្តិភាពទាំងអស់ គួរតែងើបឡើងប្រឆាំងនឹងអ៊ីរ៉ង់»៕ ម៉ែវ សាធី