ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់អាចនឹងបោះបង់ចោលកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥

មេដឹកនាំជាន់ខ្ពស់អុីរ៉ង់លោក Ali Khamenei បានបង្ហាញការមន្ទិលសង្ស័យ ពីលទ្ធភាពរបស់អឺរ៉ុបនៅក្នុងការរក្សាកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក ត្រាំ បន្ទាប់ពីអាមេរិកដកខ្លួនចេញ នៅពេលដែលអឺរ៉ុប មិនអាចការពារបាននោះអុីរ៉ង់នឹងត្រូវដកខ្លួនចេញផងដែរ។

មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ali Khamenei បាននិយាយទៅកាន់ប្រធានាធិបតីអុីរ៉ង់ លោក ហាសសាន់ រ៉ូហានី កាលពីថ្ងៃទី២៩ ខែសីហាថា «យើងគ្មានបញ្ហាអ្វីដែលត្រូវពិភាក្សាជាមួយអឺរ៉ុប ហើយយើងត្រូវបោះបង់ចោលនៅក្តីសង្ឃឹមថា អឺរ៉ុបអាចជួយដល់សេដ្ឋកិច្ចអុីរ៉ង់ ឬរក្សាកិច្ចព្រមព្រៀងបរមាណូ។ កិច្ចព្រមព្រៀងទាំងនោះគ្រាន់តែជាវិធីសាស្ត្រ មិនមែនជាគោលដៅឡើយ។ ប្រសិនបើមិនទទួលបានផលប្រយោជន៍នោះ យើងចាំបាច់ត្រូវតែចាកចេញពីកិច្ចព្រមព្រៀងបរមាណូនោះទៅ»។

លោក Khamenei បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងតេអុីរ៉ង់ និងមិនចរចាជាមួយអាមេរិកនោះឡើយស្តីពីកិច្ចព្រមព្រៀងថ្មី។ បច្ចុប្បន្នអាមេរិកចង់បង្ហាញថា ខ្លួនអាចបញ្ជូនអុីរ៉ង់ឲ្យចូលតុពិភាក្សា ដោយគោលនយោបាយទណ្ឌកម្មយ៉ាងតឹងតែងរបស់ខ្លួន។

ជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើអុីរ៉ង់របស់រដ្ឋាភិបាល ដូណាល់ ត្រាំ កំពុងតែធ្វើឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីអុីរ៉ង់ រ៉ូហានី ប្រឈមនឹងសម្ពាធសេដ្ឋកិច្ចយ៉ាងធំធេងបើទោះបីប្រទេសជាច្រើនបានបន្តព្រមព្រៀងក្នុងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនេះក្តី។

កាលពីថ្ងៃទី២៩ ខែសីហា ក្រុមអ្នកបង្កើតច្បាប់អុីរ៉ង់ បានសម្រេចដកហូតតំណែងរដ្ឋមន្ត្រីក្រសួងអបរំ បន្ទាប់ពីការដកតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាល២-៣ថ្ងៃមុន។

ប្រធានាធិបតី រ៉ូហានី ទទួលបានជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៧ ជាមួយនឹងគម្រោងសេដ្ឋកិច្ច ក្រោយការលុបទណ្ឌកម្មពីអាមេរិក។ ប៉ុន្តែភាពតានតឹងបន្តកើតឡើង ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងហើយប្រកាសលុបដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ ដោយបង្កើនការដាក់ទណ្ឌកម្មជាបន្តទៀតទៅលើប្រទេសអុីរ៉ង់។ ចំណុចទាំងនោះបានធ្វើឲ្យគោលនយោបាយរបស់លោក រ៉ូហានី ត្រូវបានបំផ្លាញទាំងស្រុង។ មិនតែប៉ុណ្ណោះ ពលរដ្ឋអុីរ៉ង់អត់ការងារធ្វើបានកើនឡើងដល់ទៅ១២ភាគរយ និងតម្លៃប្រាក់រៀលអុីរ៉ង់ធ្លាក់ថ្លៃជាងពាក់កណ្តាល។

ប៉ុន្តែ ការខាតបង់យ៉ាងពិតប្រាកដរបស់អុីរ៉ង់ស្ថិតនៅខាងមុខនៅឡើយ ពេលអាមេរិកអនុវត្តដាក់ទណ្ឌកម្មជាលើកទីពីទៅលើវិស័យថាមពល និងប្រេងព្រមទាំងវិស័យធនាគាររបស់ប្រទេសនេះនៅខែវិច្ឆិកា ឆ្នាំ២០១៨៕ ម៉ែវ សាធី