ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលបិទច្រកព្រំដែនពាណិជ្ជកម្មសំខាន់បំផុតរបស់ប៉ាឡេស្ទីន

កាលពីថ្ងៃទី១៧ ខែកក្កដា អុីស្រាអែលបានសម្រេចបិទច្រកព្រំដែនដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនទំនិញទៅកាន់ ហ្គាហ្សា ដើម្បីជាការសងសឹកដល់សកម្មភាពវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហាម៉ាស។

រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែល លោក Avigdor Lieberman បានបញ្ជាក់ថា អុីស្រាអែលបានបិទផ្លូវដឹកជញ្ជូនប្រេង និង ឧស្ម័នហ្គាសឆ្លងកាត់ព្រំដែន Kemem Shalom រហូតដល់ថ្ងៃអាទិត្យខាងមុខ (ថ្ងៃ ទី២២ ខែកក្កដា) ប៉ុន្តែអុីស្រាអែលបានអនុញ្ញាតឲ្យដឹកជញ្ជូនស្បៀងអាហារចាំបាច់ និងឱសថជាដើម។

លោកបន្តទៀតថា អុីស្រាអែលក៏បាន បិទច្រកផ្លូវសមុទ្រដើម្បីកាត់បន្ថយនាវារបស់ប៉ាឡេស្ទីនធ្វើដំណើរចូលទៅកាន់ហ្គាហ្សា។

ភាគីអុីស្រាអែលបានបញ្ជាក់ថា បើទោះបីក្រុមហាម៉ាសនៅហ្គាហ្សាបានយល់ព្រមលើបទឈប់បាញ់កាលពីសប្តាហ៍ កន្លងមក ប៉ុន្តែនៅតែមានការបង្ហោះគោមភ្លើងពីហ្គាហ្សាទៅកាន់តំបន់ជនបទអុីស្រាអែលក្នុងគោលដៅបំផ្លាញស្រែចម្ការ ពល រដ្ឋអុីស្រាអែលធ្វើឲ្យកសិកររងការខូចខាតជាច្រើនដោយសារតែស្រូវជិតប្រមូលផលរងនូវការឆាបឆេះ។

កន្លងមក រដ្ឋាភិបាលទីក្រុង Tel Aviv បានបើកការវាយប្រហារទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំទៅលើក្រុមហាម៉ាសនៅហ្គាហ្សាមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។ ក្រុមហាមាសក៏បានបើកការវាយប្រហារទៅលើទីតាំងរបស់អុីស្រាអែលដោយ មីស៊ីល បង្កផលលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ការបិទខ្ទប់លើតំបន់ហ្គាហ្សាមិនត្រឹមតែធ្វើឡើងដោយប្រទេសអុីស្រាអែលតែ មួយទេ គឺប្រទេសជិតខាងផ្សេងទៀត ដូចជាអេហ្ស៊ីបក៏បានសម្រេចបិទព្រំដែនផងដែរ ធ្វើឲ្យទឹកដីប៉ាឡេស្ទីននៅតំបន់ហ្គា ហ្សាកំពុងបន្តឯកោកាន់តែខ្លាំងនៅលើ ឆាកអន្តរជាតិ។

កាលពីសប្តាហ៍កន្លងទៅ នាយករដ្ឋ មន្រ្តីអុីស្រាអែលបានប្រកាសបិទស្ពានដឹកទំនិញដែលតភ្ជាប់រវាងតំបន់ហ្គាហ្សា នឹង ទឹកដីអុីស្រាអែល។ តាំងពីយប់ថ្ងៃចន្ទ ទី ១៦ ខែកក្កដា កន្លងមក ការដឹកជញ្ជូន គ្រឿងឧបភោគ បរិភោគ រួមទាំងផលិត ផលប្រើប្រាស់ចាំបាច់មួយចំនួនទៅឲ្យ ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាត្រូវ បានអុីស្រាអែលដាក់កម្រិត។

គួររំឭកជូនថា បន្ទាប់ពីដុំថ្ម ការប្រើ ដបសាំងចងភ្ជាប់នឹងក្លែង និងគោមហោះបានក្លាយជានិមិត្តរូបនៃការប្រឆាំងរបស់ពលរដ្ឋប៉ាឡេស្ទីនលើអុីស្រាអែល ហើយ ដែលទង្វើថ្មីមួយនេះកំពុងធ្វើឲ្យរដ្ឋអំណាចអុីស្រាអែលពិបាកទប់ស្កាត់ខ្លាំងណាស់។ វិធានការដែលអុីស្រាអែលបានប្រើក្នុងការតបវិញ គឺបិទខ្ទប់ច្រកសេដ្ឋកិច្ចដើម្បីដាក់ គំនាបលើថ្នាក់ដឹកនាំចលនាហាម៉ាស ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សាសព្វ ថ្ងៃ។ សម្រាប់អុីស្រាអែល មានតែពួកហា ម៉ាសទេ ដែលអាចរារាំងការបង្ហោះក្លែង និងគោមហោះដែលចងភ្ជាប់ដោយដប សាំងចូលក្នុងទឹកដីអុីស្រាអែលបាន។

ធនាគារពិភពលោកបានយល់ឃើញ ថា វិធានការពង្រឹងការបិទខ្ទប់លើតំបន់ហ្គាហ្សារបស់អុីស្រាអែលពេលនេះ នឹងធ្វើឲ្យស្ថានការណ៍មនុស្សធម៌នៅទីនោះដែល កំពុងដុនដាបស្រាប់ រឹតតែធ្លាក់ដុនដាប កាន់តែខ្លាំងថែមទៀត ពិសេសចំពេល ដែលមានពលរដ្ឋប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្គាហ្សាចំនួន៨០ភាគរយ ក្នុងចំណោម ២លាននាក់កំពុងរស់នៅដោយពឹងលើ ជំនួយមនុស្សធម៌។ ប្រឈមមុខនឹងវិធានការរឹតបន្តឹងរបស់អុីស្រាអែលពេលនេះ រដ្ឋអំណាចតំបន់ហ្គាហ្សាបានចាត់វិធានការចាំបាច់មួយចំនួន ដូចជាផ្តល់អាទិភាពឲ្យហាងធ្វើនំបុ័ងជាអ្នកដែលទទួលបានប្រេង និងឧស្ម័នហ្គាសមុនគេ ដើម្បីបន្តផលិត នំបុ័ង។ ចំណែកពលរដ្ឋបាននាំគ្នាសម្រុកទិញប្រេងស្តុកទុក រួមទាំងផលិតផលចាំ បាច់ប្រចាំថ្ងៃមួយចំនួនផង។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យចលនាហាម៉ាសក៏បានព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតមានពីការសម្រេចរបស់ អុីស្រាអែលពេលនេះ។ សូមជម្រាបជូនថា តំបន់ហ្គាហ្សាដែលស្ថិតនៅចន្លោះទឹកដី អុីស្រាអែល អេហ្ស៊ីប និងសមុទ្រមេឌីទែរ៉ា ណេ ត្រូវបានអុីស្រាអែលបិទខ្ទប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសតាំងពី១០ឆ្នាំមុនរួចទៅហើយ។ ចំណែកព្រំដែនជាមួយប្រទេស អេហ្ស៊ីបក៏ត្រូវបានរដ្ឋអំណាចអេហ្ស៊ីបបិទ បើកស្រេចតែចិត្តដោយមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ទេ៕ ម៉ែវ សាធី