ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលប្រើប្រាស់គ្រាប់បែកឆ្លាតវៃរបស់អាមេរិកវាយប្រហារទីតាំងអុីរ៉ង់នៅស៊ីរី

កាលពីថ្ងៃទី១ ខែឧសភា គេហទំព័រ Zaman Al Wasl របស់ស៊ីរីបានផ្សាយថា តាមរូបភាព និងប្រភពព័ត៌មានពីកម្លាំងយោធា បានឲ្យដឹងថា អុីស្រាអែលបានប្រើប្រាស់គ្រាប់បែកឆ្លាតវៃ GBU-39 របស់អាមេរិក វាយប្រហារទៅលើទីតាំងយោធារបស់អុីរ៉ង់នៅក្នុងតំបន់ភាគកណ្តាលប្រទេសស៊ីរី។ ការប្រើអាវុធខាងលើ គឺវាយប្រហារចំគោលដៅខ្ពស់។

តាមរូបភាពបង្ហាញឲ្យឃើញថា ឃ្លាំងដាក់យន្តហោះ ត្រូវបានកម្ទេចទាំងស្រុងនៅខាងក្នុងចំណែកខាងក្រៅវិញ មិនខូចខាតនោះឡើយ។ គ្រាប់បែក GBU-39 បានទម្លុះជញ្ជាំងចូលទៅកាន់គោលដៅ។

សូមបញ្ជាក់ផងដែរថា កាលពីខែមេសា យន្តហោះចម្បាំង២គ្រឿងរបស់អុីស្រាអែល ប្រភេទ F 35 បានប្រើប្រាស់គ្រាប់បែក GBU-39 វាយប្រហារដោយជោគជ័យ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់។

ក្នុងចំណោមអ្នកស្លាប់ មានលោក Mehdi Dahqan Yazdli របស់កម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ និងជាមេបញ្ជាការកងយន្តហោះគ្មានមនុស្សបើក។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អុីស្រាអែលបានធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំនៅតំបន់ជាប់ព្រំដែនស៊ីរី។ សមយុទ្ធខាងលើ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសក្នុងតំបន់ ពិសេសគឺប្រទេសអុីរ៉ង់។ សមយុទ្ធខាងលើធ្វើឡើងនៅឯតំបន់ហ្គោឡេន ហេជស៍ (Golan Heights) ជាប់ព្រំដែនជាមួយស៊ីរី ខណៈកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែខ្លាំងឡើង។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចូលរួមក្នុងសមយុទ្ធយោធានៅឯតំបន់ Golan Heights នៅថ្ងៃអង្គារសប្ដាហ៍នេះដោយអះអាងថា វាគឺជាសមយុទ្ធយោធាប្រចាំឆ្នាំ និងធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយោធា ក៏ដូចជាដើម្បីថែរក្សាស្ថិរភាពនៅក្នុងតំបន់ ប្រឈមមុខនឹងការកើនឡើងកាន់តែខ្លាំង នៃឥទ្ធិពលអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ជាពិសេសនៅស៊ីរីដែលជាប្រទេសក្បែរខាងអ៊ីស្រាអែល។

ទោះបីជាបែបនេះក្តី ចេតនាពិតដែលស្ថិតនៅពីក្រោយសមយុទ្ធនេះ កំពុងស្ថិតនៅក្នុងការសង្ស័យ ខណៈការធ្វើសមយុទ្ធយោធានេះ កើតមានឡើងនៅចំពេលអ៊ីស្រាអែល ត្រូវបានរាយការណ៍ថា បានបង្កើនសកម្មភាពយោធានៅក្នុងប្រទេស ស៊ីរីក្នុងគោលបំណងប្រឆាំងនឹងក្រុមឧទ្ទាមហេសបូលឡាហ៍ និងក្រុមកងជីវពលអ៊ីរ៉ង់ ដែលជាខ្នងបង្អែករបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។

គួរបញ្ជាក់ថា តំបន់ Golan Heights ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស៊ីរី តែអ៊ីស្រាអែលបានដណ្ដើមយកមកគ្រប់គ្រង នៅអំឡុងសង្រ្គាម៦ថ្ងៃ ដែលអ៊ីស្រាអែលជាអ្នកទទួលបានជ័យជម្នះ៕ ម៉ែវ សាធី