ព័ត៌មានទាន់ហេតុការណ៍៖

អូឡាំពិកទទួលបានអ្នកចុះឈ្មោះរត់ Full Marathon លើកទី៤នៅសៀមរាបជិត៣.៥០០នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ ចក្រភពខ្មែរ (Full Marathon) ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហាញពីតួលេខអ្នកមកចុះឈ្មោះរត់ប្រមាណ៣.៥០០នាក់ ដើម្បីចូលរួមរត់ Full Marathonគឺរត់ចម្ងាយ ៤២គីឡូម៉ែត្រ ១៩៥ម៉ែត្រ លើកទី៤ គ្រោងរៀបចំនៅថ្ងៃទី៦ ខែសីហា ខាងមុខនៅខេត្តសៀមរាប។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា គណៈកម្មការបានទទួលពាក្យអ្នកចុះឈ្មោះជិត ៣,៥០០នាក់ មានប្រជាជនខ្មែរចំនួន ១,៧៥៥នាក់ និងបរទេស ១,៥០០នាក់ មកពី ៥១ប្រទេសជុំវិញពិភពលោក។

លោកអគ្គលេខាធិការ រូបនេះបានបញ្ជាក់ថា អ្វីគួរយើងឲ្យចាប់អារម្មណ៍ខ្លាំងនេះ គឺការកើនឡើង របស់ភ្ញៀវទេសចរ បរទេស បានមកចុះឈ្មោះរត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ-ចក្រភពខ្មែរ គឺមានកំណើនទេសចរចិនកើនឡើងច្រើនជាងគេ រហូតជាង ៦០០នាក់ ។ អគ្គលេខាំថិការបានបញ្ជាក់ថា “ការកើនឡើងរបស់តេសចរចិន ដោយសារមានការផ្សព្វផ្សាយច្រើននៅលើទីផ្សារចិន សំដៅទាក់ទាញប្រជាជនចិនមកចូលរួមរត់ Full Marathon បានច្រើនជាងគេ។ នេះគឺជាយុទ្ធសាស្ដ្ររបស់ក្រសួងទេសចរណ៍ មានទិសដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន ២០លាននាក់ ត្រឹមឆ្នាំ២០២០។

NKD-36x6_outline

លោក សែម ផល្លា នាយកប្រតិបត្តិ រៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ ចក្រភពខ្មែរ មានអ្នកចូលរួម កើនឡើងជាបន្តបន្ទាប់ ដោយសារមានការជំរុញពីក្រសួងទេសចរណ៍ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរចិនឲ្យចូលមក ទស្សនា កម្ពុជាហើយក្នុងចំណោម ទេសចរទាំង មានមួយចំនួនគឺជាអ្នករត់ប្រណាំងផងដែរ ” ។

ប៉ុន្ដែបើធៀបនឹងការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ រយៈពេល ២០ឆ្នាំកន្លងមកនេះ ទើបតែ ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ គឺមានអ្នកចូលរួមជិត១ម៉ឺននាក់តាមរយៈការបង្កើនជើងហោះហើរត្រូវពីប្រទេសចិន និង មកពីបណ្តាប្រទេសផ្សេងទៀត ដូចជាម៉ាឡេស៊ីជាដើម ។ ដូច្នេះNOCC សង្ឃឹមថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ-ចក្រភពខ្មែរ អាចទទួលបានអត្តពលិក មកពីជុំវិញពិភពលោកច្រើនដូច ពាក់កណ្តាលម៉ារ៉ាតុងដែរ ៕ សារីម