ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជី សម្ពោធ សេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលសម្រាប់ម្ចាស់លំនៅឋាន

ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានសហការជាមួយនឹងភ្នាក់ងារចែកចាយរបស់ខ្លួនក្នុងការបើកដំណើរការ SCG Roofing Solution Center នៅរាជធានីភ្នំពេញ ដែលផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយសម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍ ដែលមានបំណងស្វែងរកម៉ូដដំបូល និងសេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូល។

SCG Roofing Solution Center នេះគឺជាទីតាំងផ្ដល់សេវាកម្មប្រឹក្សា និងដោះស្រាយផ្នែកដំបូលដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចមកប្រើប្រាស់ដើម្បីចាប់ផ្ដើមរចនាដំបូលគេហដ្ឋានរបស់ខ្លួន ជ្រើសរើសសម្ភារៈសំណង់ និងស្វែងរកជាងដែលត្រឹមត្រូវសម្រាប់ការងារប្រក់ដំបូល។

មជ្ឈមណ្ឌលផ្ដល់សេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលនេះ ស្ថិតនៅក្នុងភ្នាក់ងារចែកចាយរបស់អេសស៊ីជី ឈ្មោះថា ម៉ៅ គឹមសៀន ត្រេឌីង ខូ អិលធីឌី ដែលជួយផ្ដល់ដំណោះស្រាយល្អប្រពៃសម្រាប់ការងារសាងសង់ដំបូល។ សេវាកម្មនេះត្រូវបានបង្កើតឡើង ដោយគិតគូលើការចង់បានរបស់អតិថិជន ដែលបង្ហាញថា ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យចង់បានអ្នកជំនាញជួយដល់ពួកគេ ក្នុងការចាត់ចែងដំណើរការសាងសង់ដំបូល។ សេវាកម្មនេះនឹងជួយដល់អតិថិជនតាំងពីការចាប់ផ្ដើមការងាររចនាប្លង់ដំបូល ការណែនាំសម្ភារដែលគួរប្រើប្រាស់ ការរចនាគ្រោងដំបូល ការណែនាំជាងដែលគួរប្រើប្រាស់ និងការគាំទ្រផ្នែកបច្ចេកទេសផ្សេងៗ។

លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានពន្យល់ថា៖ “យើងបានសិក្សាលើតម្រូវការរបស់អតិថិជន ហើយបានរកឃើញថា ពួកគាត់ភាគច្រើនត្រូវការសេវាកម្ម និងដំណោះស្រាយលើការងារសាងសង់ ជាពិសេសដំណោះស្រាយដែលជួយឲ្យពួកគេអាចគ្រប់គ្រងដំណើរការសាងសង់បានកាន់តែងាយស្រួលជាងមុន។ ការងារប្រក់ដំបូល គឺជាដំណាក់កាលមួយដែលមានភាពស្មុគស្មាញខ្លាំង នៅក្នុងការសាងសង់លំនៅដ្ឋាន។ ក្នុងនាមជាអ្នកជំនាញ យើងបង្កើត ‘SCG Roofing Solution Center’ ដើម្បីផ្ដល់សេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលទាំងស្រុងសម្រាប់ការងារប្រក់ដំបូល។ អ្នកជំនាញដែលទទួលការបណ្ដុះបណ្ដាលពី អេសស៊ីជី នឹងជួយដល់អតិថិជនយើងក្នុងការគ្រប់គ្រងដំណើរការប្រក់ដំបូលទាំងមូល ដែលរាប់ចាប់តាំងពីការរចនាប្លង់ រហូតដល់ការណែនាំជាង និងការគាំទ្របច្ចេកទេស។ ធ្វើដូច្នេះ ធានាថា អតិថិជននឹងទទួលបានដំបូលផ្ទះល្អស្អាតបំផុត។ សេវាកម្មនេះ ជាតឹកតាងបង្ហាញឲ្យឃើញការយកចិត្តទុកដាក់របស់អេសស៊ីជី ចំពោះអតិថិជន និងបំណងរបស់ក្រុមហ៊ុនក្នុងការផ្ដល់ដំណោះស្រាយផ្សេងៗ ដែលជួយឲ្យអតិថិជនអាចទទួលបានដោយងាយនូវលទ្ធផលការងារដែលគេចង់បាន។”

លោកស្រី ម៉ៅ គឹមសៀន ជាភ្នាក់ងារចែកចាយ ម៉ៅ គឹមសៀន ត្រេឌីង ខូ អិលធីឌី បានបង្ហាញនូវក្តី រំភើបរីករាយចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌល SCG Roofing Solution Center នេះឡើង។ លោកស្រី ម៉ៅ គឹមសៀន បានមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលផ្ដល់សេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលនេះនឹងមានប្រយោជន៍សម្រាប់អតិថិជន ដែលកំពុងស្វែងរកសេវាសាងសង់ដំបូល។ នៅពេលនេះ ពួកគេអាចចាប់ផ្ដើមការរចនា និងសាងសង់ដំបូលលំនៅដ្ឋានរបស់ខ្លួនកាន់តែងាយស្រួល និងមានគុណភាពខ្ពស់ជាងមុន។ អ្នកជំនាញមកពីអេសស៊ីជីអាចជួយពួកគេនៅក្នុងគ្រប់ដំណាក់កាលនៃការសាងសង់ដំបូល។”

គួរបញ្ជាក់ដែរថាក្រុមហ៊ុន អេសស៊ីជី ផ្ដល់ជូននូវសម្ភារសំណង់ និងសេវាជាច្រើនសម្រាប់វិស័យសំណង់នៅកម្ពុជា ហើយបានគាំទ្រយ៉ាងសកម្មលើការងារអភិវឌ្ឍន៍ជំនាញជាងសំណង់នៅក្នុងប្រទេសថែមទៀតផង។ កម្មវិធីប្រកួតជាងសំណង់ដែលកំពុងរៀបចំជាហូរហែរ និងជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលចាប់ដំណើរការកាលពីខែកុម្ភៈកន្លងទៅ ព្យាយាមស្វែងរក និងផ្សព្វផ្សាយជាងបូក និងជាងប្រក់ដំបូលដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការប្រកួត និងការបណ្ដុះបណ្ដាលនេះមានគោលបំណងអភិវឌ្ឍជំនាញរបស់ជាងសំណង់ លើកកម្ពស់គុណភាពសំណង់ និងអភិវឌ្ឍវិស័យសំណង់ជារួម៕ វឌ្ឍនា