ព័ត៌មានទាន់ហេតុការណ៍៖

អ៊ី​រ៉​ង់​ និង​មហាអំណាច​ទាំង​៦​ចាប់ផ្តើម​បន្ត​កិច្ច​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​

​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់​ IRNA​ បាន​ផ្សព្វផ្សាយ​ថា​ អ៊ី​រ៉​ង់​ និង​មហាអំណាច​ទាំង​៦​បាន​បន្ត​ពិភាក្សា​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ខណៈ​កាលបរិច្ឆេទ​ផុតកំណត់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ខិត​ជិត​មក​ដល់​ ហើយ​ដែល​អ៊ី​រ៉​ង់​សង្ឃឹមថា​ នឹង​ទម្លុះទម្លាយ​បានការ​ជាប់​គាំង​អូស​បន្លាយពេល​១២​ឆ្នាំ​ក្នុង​ជម្លោះ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​។​

​កិច្ចព្រមព្រៀង​គឺ​បាន​សម្រេច​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៥​ រវាង​អ៊ី​រ៉​ង់​ នឹង​អា​មេ​រិ​ក​ បារាំង​ អង់គ្លេស​ អា​ល្លឺ​ម៉​ង់​ រុ​ស្ស៊ី​ និង​ចិន​ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្វែងគំនិត​ស្មុគស្មាញ់​ដែល​មិន​ទាន់​អាច​រក​ច្រក​ឃើញ​នៅឡើយ​ ទាក់ទង​ក្រុម​សង្កេតការណ៍​អង្គការសហប្រជាជាតិ​ចូល​ទៅ​ត្រួតពិនិត្យ​ដល់​បន្ទាយ​យោធា​អ៊ី​រ៉​ង់​ និង​ការ​លុប​ចោល​ទណ្ឌកម្ម​ទាំងស្រុង​ទៅ​លើ​ទីក្រុង​តេ​អេ​រ៉​ង់​នោះ​។​

​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​ លោក​ Abbas​ Araqchi​ ត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន​ IRNA​ ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយ​ខណៈ​ដែល​ទៅ​ដល់ទី​ក្រុង​ Vienna​ ដើម្បី​ចូលរួម​ប្រជុំ​នោះ​ថា​ «​យើង​មាន​ពេល​ពីរ​ បី​ស​ប្តា​ហ៍​ទៀត​ ហើយ​យើង​មាន​ក្តី​សង្ឃឹម​ទៅ​លើ​ដំណោះស្រាយ​ចុង​ក្រោយ​កើតឡើង​ នៅ​មុន​ពេល​កំណត់​ថ្ងៃ​ទី​៣០​ ខែមិថុនា​មក​ដល់​ ​ ។​ មានការ​រីក​ចម្រើន​ ប៉ុន្តែ​ទោះ​យ៉ាងណា​ យើង​នៅ​មានការ​លំបាក​ស្មុគស្មាញ​»​។​

​កាលពី​ពេល​កន្លង​មក​ថ្មីៗ​នេះ​ មេដឹកនាំ​សាសនា​ជាន់ខ្ពស់​ និង​មាន​អំណាច​បំផុត​របស់​អ៊ី​រ៉​ង់​ គឺ​លោក​ Ayatollah​ Ali​ Khamenei​ បាន​បញ្ជាក់​ថា​ មិន​ថា​ មាន​បញ្ហា​អ្វី​នោះ​ឡើយ​ រឿង​ប្រទេស​ជាតិ​ គឺ​មិន​អាច​អនុញ្ញាត​ឲ្យ​មានការ​ចូល​ត្រួតពិនិត្យ​ដល់​បន្ទាយ​យោធា​ឡើយ​។​ មេបញ្ជាការ​កងទ័ព​ជាន់ខ្ពស់​បំផុត​ក៏​បាន​ជំទាស់​គម្រោងការ​នេះ​ដែរ​ ហើយ​ដែល​គេ​មើល​ថា​ បើ​មាន​កិច្ចព្រមព្រៀង​គ្នា​នោះ​ ទីក្រុង​តេ​អេ​រ៉​ង់​នឹង​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ទាំង​អម្បាល​ម៉ា​ណ​។​

​លោក​ Abbas​ Araqchi​ បាន​ថ្លែង​ថា​ ការ​ចូល​ត្រួតពិនិត្យ​ទីតាំង​គ្មាន​អាវុធ​បរមាណូ​នោះ​គឺ​ពិតជា​មិន​អាច​ទទួលយក​បាន​ឡើយ​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​ ប្រទេស​បារាំង​បាន​អះអាង​ថា​ ខ្លួន​ត្រៀមលក្ខណៈ​នៅ​ក្នុង​ការ​រាំង​ខ្ទប់​រាល់​ការ​ចរាចរ​ហិរញ្ញវត្ថុ​ ដរាបណា​ទីក្រុង​តេ​អេ​រ៉​ង់​នៅ​តែ​មិន​ព្រម​ទទួល​ យក​លក្ខខណ្ឌ​ដែល​បាន​លើក​ឡើង​នោះ​។​

​អ៊ី​រ៉​ង់​ និង​បារាំង​បាន​នឹកគិត​ដល់​ការ​ពន្យារពេល​កំណត់​កាលបរិច្ឆេទ​ចុង​ក្រោយ​ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​ចុង​ក្រោយ​អាច​ធ្វើ​ឡើង​មិន​ហួស​ពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៥​នោះ​ឡើយ​។​

​រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ដែល​ថា​ ប្រទេស​នេះ​មាន​មហិច្ឆតា​ផលិត​អាវុធ​ប្រល័យ​លោក​ ។​ ទីក្រុង​តេ​អេ​រ៉​ង់​អះអាង​ថា​ ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​របស់​ខ្លួន​ក្នុង​គោលដៅ​បម្រើ​ដល់​វិស័យ​ អគ្គិ​ស​និ​ និង​ប្រកបដោយ​សន្តិភាព​តែ​ប៉ុណ្ណោះ​៕

cfdropy