ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុំ គន្ធា សុំបន្តឡើងឆាករកលុយចិញ្ចឹមជីវិត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់មួយរយៈពេលស្រាប់តែ អតីតអ្នកចម្រៀងយេៗ អ្នកនាង អ៊ុំ គន្ធាចេញមុខជាថ្មី ប្រកាសស្នើសុំឲ្យបណ្តាស្ថានីយទូរទស្សន៍ ក្នុងស្រុកផ្តល់ឱកាសឲ្យនាងឡើងច្រៀងតាមឆាកតន្ត្រីដើម្បីរកថវិកាទ្រទ្រង់ការរស់នៅប្រចាំថ្ងៃពិសេសសម្រាប់ជួយកូនៗនិងម្តាយ។

ក្រោយលែងលះគ្នាជាមួយតារាចម្រៀងលោកផានសុផាតកាលពីជាង១០ឆ្នាំមុនហើយបន្តធ្លាក់ខ្លួនក្រីក្រតោកយ៉ាកនិងផ្ទុកមេរោគអេដស៍។កន្លងទៅនាងទទួលបានការជួយជ្រោមជ្រែងពីសប្បុរសជនមួយចំនួននិងពីអ្នកផលិតកម្មវិធីឲ្យនាងបន្តច្រៀងប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះនាងហាក់បាត់បង់ឱកាសទាំងនេះ។ការស្នើសុំឡើងឆាកនេះបានធ្វើឡើងក្រោយពីការងារច្រៀងរបស់នាងលែងមាននិងស្ងប់ស្ងាត់ខ្លាំង ងាកមកកូនៗក៏ត្រូវការអាហារថវិកាសម្រាប់បន្តការសិក្សាប្រចាំថ្ងៃ។ តារាស្រីរូបនេះបានលើកឡើងថា នាងអាចដើរ និងឡើងច្រៀងតាមឆាកតន្ត្រីបាននៅឡើយដែរ។ នាងបញ្ជាក់ដែរថាការរកការងារធ្វើគឺជាជម្រើសតែមួយមុខគត់ដែលនាងត្រូវធ្វើដើម្បីជួយម្តាយចាស់ និងកូនៗ ហើយនាងក៏មិនចង់លើកដៃសុំជំនួយពីសប្បុរសជនជារៀងរហូតនោះទេ។

នាងស្នើឲ្យអ្នកផលិតកម្មវិធីផ្តល់ឱកាសសម្រាប់នាងបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ និងមានប្រាក់ចំណូលចិញ្ចឹមជីវិតបន្តទៅមុខ។ នាងរំពឹងថា អ្នកផលិតកម្មវិធីនានានឹងផ្តល់ឱកាសនាងជាបន្តបន្ទាប់ពិសេសការចេញច្រៀងដើម្បីជួយខ្លួនឯងនិងគ្រួសារបន្តទៀត៕ វឌ្ឍនា


ចែករំលែក៖