ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកំណែទម្រង់ម៉ាឡេស៊ីត្រូវបានដោះលែងពីពន្ធនាគារ ក្រោយបានការលើកលែងទោសពីមហាក្សត្រ

អ្នកកំណែទម្រង់នយោបាយម៉ាឡេស៊ី លោក Anwar Ibrahim ត្រូវដោះលែងពីមន្ទីរឃុំឃាំងកាលពីថ្ងៃពុធ បន្ទាប់ពីទទួលការលើកលែងទោសពីព្រះមហាក្សត្រ ។

លោក Anwar Ibrahim អាយុ៧០ឆ្នាំត្រូវបានផ្តន្ទាទោសពីបទរួមភេទ កាលពីឆ្នាំ២០១៥ ដែលការផ្តន្ទាទោសនេះ គាត់និយាយថា ជាគោលដៅកំទេចសម្ព័ន្ធភាពរបស់លោកដែលប្រឆាំងរដ្ឋាភិបាលចម្រុះកាន់អំណាចយូរអង្វែងនៅម៉ាឡេស៊ី ។ តាមការផ្តន្ទាទោស លោកAnwar Ibrahim នឹងមានសេរីភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែដោយសារការឈ្នះឆ្នោតមិនដែលបានរំពឹងទុកកាលពីសប្តាហ៍មុន ដែលធ្វើឲ្យចប់ការគ្រប់គ្រងរបស់គណបក្សរណសិរ្សជាតិរយៈពេល៦០ ឆ្នាំនោះ ទើបនាំឱ្យមានការដោះលែងលោកAnwar Ibrahimយ៉ាងឆាប់រហ័ស ។

លោក Anwar បានលើកគ្រវីដៃទៅរកអ្នកសារព័ត៌មាន ពេលចេញពីមន្ទីរពេទ្យវះកាត់ស្មាដែលជាសះស្បើយហើយនោះ ។ ព្រះបរមរាជវាំងម៉ាឡេស៊ីថ្លែងការណ៍ថា ព្រះមហាក្សត្របានលើកលែងទោសពេញលេញចំពោះលោក Anwar Ibrahim បន្ទាប់ពីទទួលបានដំបូន្មានពីក្រុមប្រឹក្សាភិបាល ។

លោក Anwar ជានាយករដ្ឋមន្ត្រីស្ថិតក្នុងការរង់ចាំ ប៉ុន្តែទំនងមិនទទួលយកតំណែងនេះភ្លាមៗនោះទេពីលោក Mahathir Mohamad ដែលក្រោយពីបានដឹកនាំសម្ព័ន្ធភាពរបស់លោក Anwar ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទទួលបានជ័យជំនះ ក្លាយជាមេដឹកនាំអាយុចាស់ជាងគេបំផុតលើពិភពលោក គឺអាយុ៩២ឆ្នាំទៅហើយនោះ ។

លោក Mahathir កាន់តំណែងនាយករដ្ឋមន្ត្រីរយៈពេល២២ឆ្នាំ រហូតដល់ឆ្នាំ២០០៣នោះ, កាលពីថ្ងៃអង្គារបានប្រកាសថា លោកនឹងគ្រប់គ្រងប្រទេសម៉ាឡេស៊ី រយៈពេលពី១ឆ្នាំទៅ២ឆ្នាំដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ី ៕ ថាច់ យ៉ាត