ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចម្រៀងប្រចាំខេត្តស្វាយរៀង និងជាអ្នកកាសែតម្នាក់ ត្រូវរថយន្តជិះបុករងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសដែលគេស្គាល់ថា ជាអ្នកចម្រៀងប្រចាំខេត្តស្វាយរៀង និងបម្រើការងារនៅមន្ទីវប្បធម៌ វិចិត្រ សិល្បៈខេត្ត បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈមាន រថយន្តសាំងយ៉ុងមួយគ្រឿង បើកគេចម៉ូតូនៅខាងមុខជ្រុលរួចទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨នេះ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះឡឹក ទិត្យ អាយុ៥២ឆ្នាំ មុខរបរ បម្រើការងារនៅមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង និងជាអ្នកកាសែត រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក FUTURE ពណ៌មាស ស្លាកលេខ ស្វាយរៀង ១I ៦៨៥៦ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តបង្កហេតុ ឈ្មោះ បាន សៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តម៉ាក សាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ ២AQ ៤៣៦១ បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរពីលិចមកកើត ខណៈនោះក៏បានគេចចេញពីម៉ូតូ ដែលនៅខាងមុខរួចជ្រុលចង្កូតទៅបុកម៉ូតូម៉ាក FUTURE ពណ៌មាស ស្លាកលេខ ស្វាយរៀង ១I ៦៨៥៦ ពីចំហៀងក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរក្បែរនោះ ជួយសង្គ្រោះដឹកមកមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗផងដែរ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែង និងអូសយកមធ្យោបាយវត្ថុតាងទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន