ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីជើងចាស់ Buffon សង្ឃឹមថានឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀតនារដូវកាលក្រោយ

អ្នកចាំទី Buffon ដែលធ្លាប់លេងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ជាមួយនឹងក្លឹបរបស់ខ្លួនពោលគឺ Juventus បន្ទាប់ពីទទួលរងបរាជ័យ ក្រោមថ្វីជើងក្លិបអធិរាជស្តេចស Real Madrid កាលពីប៉ុន្មានចុងសប្តាហ៍កន្លងទៅនេះ មកបាននិយាយរូបគាត់នឹងព្យាយាមឡើងឲ្យដល់វគ្គផ្តាច់ព្រ័ត្រសាជាថ្មីម្តងទៀតនារដូវកាលក្រោយ។

កីឡាករវ័យ៣៩ឆ្នាំរូបនេះធ្លាប់បានជួយក្លិប Juventus ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ៣លើករួចមកហើយពោលរួមមាន ឆ្នាំ២០០៣ ចាញ់ AC Milan , ឆ្នាំ២០១៥ ចាញ់ FC Barcelona និងចុងក្រោយនេះ ២០១៧ ចាញ់ Real Madrid ដោយលទ្ធផល ៤-១ ដែលសរុបមកបានត្រឹមតែជាជើងឯករងតែប៉ុណ្ណោះ ខណៈកុងត្រារបស់គាត់សល់តែ១រដូវកាលទៀតផង។

បន្ទាប់ពីបរាជ័យចុងក្រោយនាទឹកដីប្រទេសវែល ថ្ងៃមុននេះកីឡាករសញ្ជាតិអ៊ីតាលីបានថ្លែងប្រាប់ក្រុមសារព័ត៌មាន Sky Sports Italia ថា « ខ្ញុំនៅសល់កុងត្រា១រដូវកាលទៀត ដូច្នេះហើយខ្ញុំសង្ឃឹមថា នឹងព្យាយាមហើយអាចមានឱកាសឡើងមកវគ្គផ្តាច់ព្រ័ត្រនេះជាថ្មីម្តងទៀតនាឆ្នាំចុងក្រោយនេះ។ តែយ៉ាងណាក្នុងរដូវកាលនេះពួកយើង (Juventus) បានខិតខំដោយលទ្ធផលល្អគួរទទួលយកបានហើយចំពោះអ្នកគាំទ្រទាំងអស់គ្នា» ៕ ដេវីត