ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីរបស់អង់គ្លេស Joe Hart ប្រឈមការបាត់បង់កៅអីជម្រើសដំបូងនៅប្រទេសរុស្សុីឆ្នាំ២០១៨

អ្នកចាំទីជម្រើសជាតិរបស់ក្រុមតោកំណាចអង់គ្លេស Joe Hart បច្ចុប្បន្នកំពុងប្រឈមហានិភ័យបាត់បង់តួនាទីជាអ្នកចាំទីក្នុងជម្រើស១១នាក់ដំបូង សម្រាប់ការបង្ហាញខ្លួននៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំ២០១៨ បន្ទាប់ពីទម្រង់លេងរបស់ខ្លួនធ្លាក់ចុះ ដោយរបូតគ្រាប់បាល់បញ្ចូលទីយ៉ាងច្រើនគ្រាប់ ជាមួយក្រុមញញួរធំ West Ham ។

លោក David Moyes អ្នកចាត់ការទូទៅក្រុមញញួរធំ West Ham បានបង្វែរទំនុកចិត្តដាក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Adrian វ័យ៣០ឆ្នាំវិញម្តង បន្ទាប់ពីកីឡាករ រូបនេះបានបង្ហាញទម្រង់លេងល្អ ប៉ុន្តែមិនបានជាប់ជម្រើស ១១នាក់ដំបូង ។ Adrian នឹងត្រូវបានក្រុម West Ham ដាក់ឲ្យចូលលេងជម្រើស១១នាក់ដំបូង ទល់នឹងក្រុមខ្លាំង Man City សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។

NKD-36x6_outline

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក៏បានពិចារណារួចរាល់អស់ហើយសម្រាប់ជ្រើសរើសអ្នកចាំទីរូបណា ត្រៀមទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ខណៈដែលអ្នកចាំទីពីររូបផ្សេងទៀតគឺកីឡាករ Jordan Pickford របស់ក្រុម Everton និងកីឡាករ Jack Butland របស់ក្រុម Stoke City កំពុងស្ថិតនៅក្នុងជម្រើសអាទិភាពផងដែរ។

សូមបញ្ជាក់ថា បច្ចប្បន្ន Joe Hart កំពុងលេងជាលក្ខណៈខ្ចីជើងឲ្យក្រុម West Ham បន្ទាប់ពីរដូវកាលមុនត្រូវក្លិបនៅក្របខ័ណ្ឌអុីតាលី Serie A គឺ Torino ខ្ចីជើង មួយរដូវកាលកន្លងមកហើយពីក្រុម Man City ។ អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះ ទទួលប្រាក់ពលកម្មនឿយហត់១៧៥.០០០ផោនក្នុង១សប្តាហ៍ ស្របពេលលោក David Moyes ក៏បានសម្តែងការមិនពេញចិត្ត នឹងអ្នកចាំទីអង់គ្លេសរូបនេះ ក្នុងការបញ្ចេញសមត្ថភាពមិនបានល្អសោះសម្រាប់ចំនួនប្រកួតដែលអតីតអ្នកចាត់ការក្រុមបិសាចក្រហមចូលមកដឹកនាំថ្មី ៕ ដេវីត