ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញរៀបចំកាត់ក្រី និងព្យាបាលដើមឈើទាលដែលមានអាយុកាលជាង១០០ឆ្នាំជាប់ប្រាសាទបាយ័ន

ខេត្តសៀមរាប៖ ដើមឈើទាលមួយ ដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទ បាយ័នជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់ កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិត នៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នក ជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាល ដើមឈើទាលនេះតាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧មក។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែល បានដឹកនាំការងារនេះបញ្ជាក់ថា ការកាត់ ក្រី និងព្យាបាលដើមឈើក្នុងរមណីយដ្ឋានអង្គរ គឺជាភារកិច្ចដែលក្រុមការងាររបស់លោកតែងធ្វើជាប្រចាំ។ ដោយឡែកដើម ឈើទាលមួយដើមធំនេះក្រុមការងាររបស់លោកបានសង្កេតឃើញថា ដើមរបស់វា បានពុកនិងប្រហោងខាងក្នុងដោយកន្លែង ហើយមែកមួយចំនួនក៏ងាប់ដែលអាចនឹងបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។

NKD-36x6_outline

លោកសូវ៉ាត បន្ថែមថា ក្រៅពីកាត់មែក ដើម្បីសម្រាលទម្ងន់ដើម ក្រុមការងារ លោកក៏នឹងព្យាបាលដើមឈើទាលមួយដើមនេះឲ្យអស់លទ្ធភាព ដើម្បីឲ្យដុះ សាច់ថ្មី ព្រោះដើមឈើទាលដ៏ធំនេះមាន អាយុកាលយូរជាទីចាប់អារម្មណ៍របស់ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកបន្ត ថា ដោយសារដើមឈើទាលនេះមាន កម្ពស់ដល់ទៅជាង៤០ម៉ែត្រ ក្រុមការងារត្រូវចំណាយរៀបចំរន្ទាយូរ ហើយគ្រោង នឹងចាប់ផ្តើមកាត់ក្រីនៅចុងខែមេសានេះ។សូមបញ្ជាក់ថា ព្រៃឈើគឺជាធាតុដ៏សំខាន់មួយនៃបេតិកភណ្ឌអង្គរក្នុងចំណោមធាតុ សំខាន់ទាំងបីគឺប្រាសាទបរិស្ថាន(ព្រៃឈើ និងទឹក)និងសហគមន៍។ព្រៃឈើក្នុងតំបន់អង្គរអាចជួយស្រូបទឹកភ្លៀងនិងផ្តល់ សំណើមដល់គ្រឹះប្រាសាទជួយការពារ ខ្យល់ព្យុះមិនឲ្យបោកបក់ខ្លាំងប៉ះពាល់ ប្រាសាទ និងបង្កើតបានជាទេសភាពដ៏ ស្រស់ស្អាតដល់ប្រាសាទផងដែរ។បច្ចុប្បន្ន ព្រៃឈើក្នុងរមណីយដ្ឋានអង្គរមានប្រហែល ១៥ភាគរយនៃផ្ទៃដីសរុប៤០១គីឡូម៉ែត្រក្រឡានៃរមណីយដ្ឋានអង្គរ។ ក្នុងឆ្នាំ ២០១៦កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើថែមក្នុងផ្ទៃដីទំនេរបានចំនួន ជាង៦ម៉ឺនដើម និងកំពុងបន្តដាំថែមទៀតលើផ្ទៃដីទំនេរនៃរមណីយដ្ឋានអង្គរទាំងមូល៕ ហេង​ សូរិយា