ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនួញជនជាតិបរទេសម្នាក់ ជិះម៉ូតូឡាំប្រ៊ឺតា ត្រូវក្រុមចោរ ឆក់យកកាបូបលុយបានសម្រេច ជាង៣ម៉ឺនដុល្លារ

ភ្នំពេញ៖ ក្រុមចោរ៤នាក់ បានធ្វើសកម្មភាពឆក់យកកាបូបលុយ ពីបុរសជនបរទេសជាអ្នកជំនួញម្នាក់ ខណៈកំពុងតែជិះម៉ូតូ ឡាំប្រ៊ឺតា (ម៉ូតូឥណ្ឌា) គោលបំណងទៅអាកាសយានដ្ឋានពោធិ៍ចិនតុង អស់ទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ទាំងព្រឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ករណីចោរឆក់ទ្រព្យសម្បត្តិជនបរទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលឹម ថ្ងៃ ៩កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ (ផ្លូវព្រះមុន្នីរ៉េត) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

យោងតាមសម្តីជនរងគ្រោះជាជាតិជនបរទេស ដោយចេះនិយាយភាសាខ្មែរខ្លះៗ បានឲ្យដឹងថា រូបគាត់មកស្នាក់នៅស្រុកខ្មែរច្រើនឆ្នាំហើយ ដោយរូបគាត់ប្រកបមុខរបរជាអ្នកជំនួញ ហើយមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរ ចេញពីផ្ទះរបស់គាត់នៅម្តុំសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយបានជិះម៉ូតូឡាំប្រ៊ឺតា ឥណ្ឌា ក្នុងគោលដៅឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរទៅប្រទេសកំណើតរបស់គាត់វិញ ។ លុះដល់ចំណុចស្តុបផ្សាដើមគរ ផ្លូវលេខ២១៧ (ផ្លូវព្រះមុន្នីរ៉េត) ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿងបានមកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយរបស់គាត់ ដែលមានលុយជាង៣,០០០០ដុល្លារអាមេរិក ។

ជនរងគ្រោះបន្តថា ក្នុងហេតុការណ៍នោះដែររូបគាត់ក៏បានប្រតាយប្រតប់ជាមួយក្រុមចោរដែល តែនៅមិនអាចដណ្ដើមយកកាបូបគាត់បានមកវិញទេ ហើយក្រុមចោរក៏យកកាបូបទៅបាត់ដោយសុវត្ថិភាព និងបណ្តាលឲ្យគាត់រងរបួសរលាត់ដៃរលាត់ជើងផងដែរ ។

ក្រោយកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ប៉ុន្តែដោយសារតែរឿងនេះមិនមែនកើតឡើងនៅប៉ុស្តិ៍សមត្ថកិច្ច ក៏បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលបឹងសាឡាងវិញ ៕ ស តារា