ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតាម្ចាស់ទឹកម្ចាស់ដីខ្វះជម្រកបង្កអព្ភូតហេតុឆេះផ្ទះអ្នកភូមិរាល់ថ្ងៃ

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់រយៈពេល២សប្តាហ៍ អំឡុងខែកក្កដា គ្រួសារអ្នកភូមិមួយបានរងនូវអព្ភូតហេតុចម្លែក ដោយសារភ្លើងឆេះកើតឡើងស្ទើររាល់ថ្ងៃ ។ ម្ចាស់ផ្ទះអស់តម្រិះ ក៏រកវិធីចុងក្រោយ គឺការបញ្ជាន់រូប ទើបដឹងថា ម្ចាស់ទឹកម្ចាស់ដី ខ្វះទីជម្រក ដូច្នេះទើបបង្កឲ្យមានភ្លើងឆេះផ្ទះអ្នកភូមិមួយគ្រួសារនោះស្ទើររាល់ថ្ងៃ ។

ចាប់តាំងពីពាក់កណ្តាលខែកក្កដា ប្រជាពលរដ្ឋរាប់រយនាក់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចភ្ញាក់ផ្អើលចោមរោមមើលអព្ភូតហេតុចម្លែកមួយ ដែលតែងតែបង្កជាភ្លើងឆាបឆេះទ្រព្យសម្បត្តិនៅក្នុងផ្ទះគ្រួសារកសិករមួយរស់នៅក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ម្ចាស់ផ្ទះ និងអ្នកភូមិមិនដឹងអំពីមូលហេតុ ដែលនាំឲ្យមានភ្លើងឆេះទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួនជារឿយៗនោះទេ ។

លោក សាត ស៊ាត អធិការរងនគរបាលស្រុកបាណន់បានឲ្យដឹងថា នៅភូមិបឹងក្រសាល ពិតជាមានអព្ភូតហេតុដ៏ចម្លែកកើតឡើងមែន ដែលក្នុងនោះម្ចាស់ផ្ទះឈ្មោះ បឿន សាលឿន អាយុ៣៧ឆ្នាំ និងភរិយាឈ្មោះ កោប យី អាយុ៣៨ឆ្នាំ មានកូនស្រី២នាក់ ។ លោកអធិការរងដែលបានឃើញហេតុការណ៍ភ្លើងឆេះផ្ទាល់ភ្នែកផងនោះ បានបន្ថែមថា ជារឿយៗភ្លើងឆាបឆេះសម្ភារ និងទ្រព្យសម្បត្តិនានា ទាំងនៅលើផ្ទះ និងនៅក្រោមផ្ទះ រហូតដល់កម្លាំងសមត្ថកិច្ច នគរបាលស្រុក និងប៉ុស្តិ៍ដាក់កម្លាំងប្រចាំការតាមឃ្លាំមើល ហើយពិតជាមានការភ្ញាក់ផ្អើល គឺពិតជាមានភ្លើងឆេះម្តង ត្រង់នេះ ម្តងត្រង់នោះ ស្ទើរមិនលោះថ្ងៃនោះឡើយ គិតចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា មក ។

អ្នកស្រី ឈន ជឿន អាយុ៦៦ឆ្នាំជាម្តាយម្ចាស់ផ្ទះដែលមានកើតហេតុបញ្ហាភ្លើងឆេះ ហើយក៏ជាអ្នកជួបហេតុការណ៍ផ្ទាល់ភ្នែក និងលើកដំបូបាននិយាយថា វេលាម៉ោងប្រហែល១១ព្រឹក ថ្ងៃទី១៧ ខែកក្កដា គ្រាដែលគាត់កំពុងអង្គុយក្រោមផ្ទះសុខៗ ស្រាប់តែក្រឡេកឃើញភ្លើងឆេះគំនរស្បូវនៅក្រោមជង្រុកស្រូវខាងក្រោយផ្ទះ ។ គាត់បានរត់ទៅពន្លត់ ហើយសង្ស័យថា មានគេលួចដុត ។ គាត់ក៏បានប្រមូលស្បូវនោះទៅទុកនៅក្បែរផ្ទះ ប៉ុន្តែប្រហែល១០នាទីក្រោយមក ភ្លើងក៏បានឆេះស្បូវនោះទៀត ។ គាត់ក៏ស្រែកហៅកូនចៅឲ្យជួយពន្លត់ ។

អ្នកស្រី ឈន ជឿន បានបន្តថា មកដល់ថ្ងៃទី១៨ ខែកក្កដា ភ្លើងបានឆេះដំបូលជង្រុកស្រូវវិញម្តង ហើយឆេះទាំងស្រូវអស់៤ការ៉ុងថែមទៀត ។ អ្នកស្រីនៅតែសង្ស័យថា អាចមានគេលួចដុត ។ គាត់ក៏បានឲ្យកូនចៅប្រមូលស្រូវដែលនៅសេសសល់យកទៅគរទុកនៅក្រោមផ្ទះ ។ នៅថ្ងៃទី១៩ ខែកក្កដា ស្រាប់តែភ្លើងឆេះស្រូវដែលគរទុកក្រោមផ្ទះនោះអស់៣ការ៉ុងទៀត ។ ១០នាទីក្រោយមក ភ្លើងក៏ឆេះគំនរស្បូវ២កន្លែងដំណាលគ្នា ធ្វើឲ្យគាត់កាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើង ។

អព្ភូតហេតុចម្លែកនេះ បានស្ងប់ស្ងាត់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ភ្លើងឆេះមុងផង វាំងននផង នៅលើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ ។ សម្ភារ អេឡិចត្រូនិកដូចជាអាំភ្លី ក៏ត្រូវភ្លើងឆេះជាបន្តបន្ទាប់ ។

អ្នកស្រី ឈន ជឿន បាននិយាយថា ដោយឃើញសភាពការណ៍មិនស្រួល ក្រុមគ្រួសារគាត់ក៏បានជញ្ជូនអីវ៉ាន់ពីលើផ្ទះ យកទៅផ្ញើនៅផ្ទះអ្នកជិតខាង ប៉ុន្តែមិនបានប៉ុន្មាននាទីផង ភ្លើងតាមឆាបឆេះអីវ៉ាន់ទាំងនោះនៅផ្ទះគេទៀត ។ សកម្មភាពបែបនេះធ្វើឲ្យក្រុមគ្រួសាររបស់អ្នកស្រី កាន់តែខ្វល់ខ្វាយ និងជ្រួលច្របល់ខ្លាំងឡើង ។ នៅពេលដែលគាត់យកសម្ភារ ពូកខ្នើយទៅពាក់លើរបងនៅក្បែរផ្ទះវិញ ក៏ត្រូវភ្លើងឆេះទៀត ។ រហូតដល់ថ្ងៃទី៣០ ខែកក្កដា អព្ភូតហេតុភ្លើងឆេះបានចាប់ផ្តើមតាំងពីព្រឹករហូតដល់ម៉ោង៧យប់ គឺឆេះៗៗៗរហូតដល់៦ដងឯណោះ ។ អ្នកស្រីបញ្ជាក់ថា ភ្លើងឆេះ នៅចំពោះហ្វូងមនុស្ស ដែលកំពុងចោមរោម និងឃ្លាំមើលតែម្តង ។

អ្នកភូមិបឹងក្រសាលសុទ្ធតែបានអះអាងថា ពួកគេបានឃើញអព្ភូតហេតុភ្លើងឆេះនេះ ហើយថា វាជារឿងដែលមិនធ្លាប់ជួបប្រទះពីមុនមកទេ ។ គេធ្លាប់តែឃើញនៅក្នុងរឿងអក្សរសិល្ប៍ ឬក្នុងភាពយន្ត ដោយមិនដែលជួបប្រទះទិដ្ឋភាពជាក់ស្តែងយ៉ាងដូច្នេះឡើយ ។ អ្នកភូមិខ្លះ តាមឃ្លាំមើលសកម្មភាពភ្លើងឆេះផ្ទះអ្នកស្រី ឈន ជឿន និងចាំជួយពន្លត់ ស្ទើរដាច់បាយដាច់ទឹកទៅហើយ ។

លោក យ៉ម រឿត សមាជិកគណៈកម្មការវត្តបឹងក្រសាល ដែលបានឃើញអព្ភូតហេតុភ្លើងឆេះដោយផ្ទាល់ភ្នែកដែរនោះបាននិយាយថា នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា គ្រាដែលលោក និងអ្នកភូមិ រួមទាំងនគរបាលកំពុងអង្គុយនៅតូបលក់ដូររបស់ម្ចាស់ផ្ទះ ស្រាប់តែភ្លើងឆេះបាវអង្ករ និងឆេះកញ្ច្រែងដាក់ឌីវីឌី នៅក្បែរនោះ ។ ដើមឡើយ លោកឮតែគេនិយាយពីរឿងភ្លើងឆេះនៅផ្ទះនេះ ។ ពេលឃើញ ទិដ្ឋភាពជាក់ស្តែងយ៉ាងដូច្នេះ ធ្វើឲ្យលោកងឿងឆ្ងល់ ស្ទើរតែមិនគួរឲ្យជឿ ។ នៅពេលដែលឃើញផ្ទាល់ភ្នែកយ៉ាងដូច្នេះ លោកក៏ចេះតែឆ្ងល់ពីរឿងភ្លើងឆេះនេះ ។ លោកថា មិនធ្លាប់ឃើញអព្ភូតហេតុបែបនេះទេ តាំងពីតូចមក ។

លោក បឿន សាលឿន ដែលជាម្ចាស់ផ្ទះបាននិយាយថា កាលពីជាង១ឆ្នាំមុន លោករើសបានវត្ថុបុរាណមួយ ដែលមានទម្រង់ដូចម្កុដ ដែលធ្វើពីលោហធាតុ មានកម្ពស់ប្រហែល៧០សង្ទីម៉ែត្រ និងទទឹងប្រហែល៥០សង្ទីម៉ែត្រ ។ លោកបានយកវត្ថុនោះទៅរក្សាទុកនៅផ្ទះរហូតមក ដោយគ្មានបញ្ហាអ្វីឡើយ ។ បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះទ្រព្យសម្បត្តិដោយងាយៗ លោក និងក្រុមគ្រួសារបានទៅរកគ្រូមើល ហើយគ្រូទាយថា អព្ភូតហេតុនេះកើតឡើងដោយសារលោករក្សាទុកវត្ថុបុរាណនៅលើផ្ទះ ។ បន្ទាប់ពីឮដូច្នេះ នៅថ្ងៃទី២៩ ខែកក្កដា លោក និងក្រុមគ្រួសារ ក៏បានយកវត្ថុបុរាណនោះទៅប្រគេនលោកនៅវត្តបឹងក្រសាលឲ្យរក្សាទុក ដោយរំពឹងថា លែងមានអព្ភូតភ្លើងឆេះទៀតហើយ ។ ប៉ុន្តែផ្ទុយទៅវិញ ភ្លើងនៅតែតាមឆេះសម្ភារ និងទ្រព្យសម្បត្តិរបស់លោកដដែល ។

ទំនងជាអស់តម្រិះ លោកបឿន សាលឿន ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ជាបន្តបន្ទាប់រហូតដាក់កម្លាំងនគរបាលចាំឃ្លាំមើលជាមួយអ្នកភូមិ និងបានឃើញហេតុការណ៍ឆេះជាបន្តបន្ទាប់មកទៀត ។ ដោយសារស្ថានភាពមិនធូរស្រាល ទាំងសមត្ថកិច្ច និងអាជ្ញាធរ និងអ្នកភូមិបានផ្តោតទៅលើបញ្ហាអបិយជំនឿជារឿងដែលសំខាន់ ។

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ដោយមានការព្រមព្រៀងគ្នាទាំងអាជ្ញាធរសមត្ថកិច្ច ក្រុមគ្រួសារលោកបានរៀបចំពិធីបញ្ជាន់រូប និងបួងសួងសុំសេចក្តីសុខ ។ នៅវេលាដែលមានពិធីបញ្ជាន់រូប ឬពិធីបួងសួងនោះ មិនឃើញមានអព្ភូតហេតុចម្លែកកើតឡើងទៀតឡើយ ខណៈដែលមានមនុស្សរាប់រយនាក់ចង់ឃើញភ្លើងឆេះ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីបញ្ជាន់រូបនោះ គឺមានអ្នកស្នងរូបរហូតដល់ទៅ៦រូបឯណោះ ហើយអ្នកស្នងរូបបាននិយាយថា អព្ភូតហេតុភ្លើងឆេះញឹកញាប់នោះ មិនមែនកើតឡើងដោយសារតែការក្តៅក្រហាយនឹងម្ចាស់ផ្ទះយកវត្ថុបុរាណទៅរក្សាទុកនៅលើផ្ទះនោះទេ ។ អ្វីដែលជាមូលហេតុពិតប្រាកដនោះ គឺដោយសារម្ចាស់ទឹកម្ចាស់ដី ជាពិសេសអ្នកតាវល្លិ៍ ដែលរក្សាព្រៃភ្នំនៅតំបន់នោះខ្វះទីជម្រក ។

អ្នកសួរដេញដោលអ្នកស្នងរូបនោះនិយាយថា អ្នកតាម្ចាស់ទឹក ម្ចាស់ដីបានយំស្រែក និងស្តីបន្ទោសម្ចាស់ផ្ទះថា មិនបានអើពើនឹងការខ្វះទីជម្រករបស់ពួកគេ ហើយទាមទារឲ្យម្ចាស់ផ្ទះ និងអ្នកភូមិជួយធ្វើកន្លែងស្នាក់នៅឲ្យបានសមរម្យក្បែរដើមពោធិ៍ធំមួយនៅមុខវត្តបឹងក្រសាល ទើបម្ចាស់ផ្ទះ និងអ្នកភូមិរស់នៅបានសុខសាន្ត ។ ម្ចាស់ផ្ទះនិងអ្នកភូមិ បានយល់ព្រមទទួលសំណើនោះហើយ ប៉ុន្តែមិនទាន់ដឹងថា អព្ភូតហេតុភ្លើងឆេះ បានបញ្ចប់ ឬយ៉ាងណានោះទេ ។

អ្វីដែលបានកើតឡើង ហាក់ដូចជាមិនមានលក្ខណៈវិទ្យាសាស្ត្រ ប៉ុន្តែអបិយជំនឿនៅតែដក់ជាប់ក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋ ។ ប្រសិនបើក្រោយការរៀបចំទៅតាមអ្វីដែលអ្នកស្នងរូបបានស្នើ ហើយលែងមានបញ្ហាអព្ភូតហេតុភ្លើងឆេះទៀតនោះ មានន័យថា អបិយជំនឿគឺជារឿងមួយដែលសំខាន់ ៕ ហេង សូរិយា

aes (1)

aes