ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យបក្សកាន់អំណាចព្រមានអ្នកថ្លែងថារដូវកាលចាប់ឃុំឃាំងនិងរដូវកាលដោះលែង

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានព្រមាន ដល់អ្នកនិយាយថា នៅកម្ពុជាមានរដូវ កាលចាប់ឃុំឃាំង និងរដូវកាលដោះលែង ជាចេតនាដាក់បន្ទុកមកលើរាជរដ្ឋាភិបាល រៀបចំផែនការ។ ការអះអាងនេះត្រូវបាន អ្នកនាំពាក្យរូបនេះបញ្ជាក់យ៉ាងដូច្នេះថា “ការចាប់ជនល្មើស និងការដោះលែង ទណ្ឌិតគ្មានរដូវកាលនោះទេ” ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បន្ទាប់ពីមានមតិមួយចំនួនថា ដល់រដូវដោះ លែងអ្នកទោសហើយ។ ជាក់ស្តែងអ្នក ទោសមួយចំនួនជាអតីតសកម្មជនបក្ស សង្គ្រោះជាតិ អ្នកនយោបាយ អ្នកសារព័ត៌ មានត្រូវបានដោះលែងឲ្យមានសេរីភាព វិញជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានជាប់ ពន្ធនាគារជាច្រើនខែច្រើនឆ្នាំ ។

លោក សុខ ឥសាន្ត បានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃអង្គារ ២ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហាថា “អ្វី ទៅជារដូវចាប់ និងរដូវដោះលែង។ តាម ការណ៍ពិតជាក់ស្តែងនៅកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសលើពិភពលោក ការចាប់ចងនិងការដោះលែងជនល្មើសច្បាប់ គ្មានរដូវទេឲ្យតែពេលណាប្រព្រឹត្តល្មើស ច្បាប់ខុសច្បាប់នោះជនល្មើសច្បាប់នឹងត្រូវចាប់ខ្លួនជាមិនខាន” ។

លោកបានបន្តថា ចំណែកការដោះ លែងជនជាប់ចោទ និងទណ្ឌិតក៏ដូច្នេះដែរ គ្មានរដូវកាលទេវាអាស្រ័យលើសាច់រឿង របស់សាមីជន និងករណីនីមួយៗ។ ដូច្នេះ ការណ៍ដែលនិយាយថា មានរដូវចាប់និងរដូវ ដោះលែងនោះហាក់ដូចជាមានចេតនា ចោទថា ជាផែនការចាប់ចង និងដោះលែង ដោយមិនផ្អែកលើបញ្ហាបទល្មើស និងនីតិ វិធីរបស់ស្ថាប័នតុលាការទាល់តែសោះ។ ហេតុនេះមុននឹងនិយាយស្តីសូមស្នើអ្នក ដែលមានសិទ្ធិនិយាយមេត្តាពិចារណាផងកុំចេះតែពឺតទាំងមិនដឹងខ្យល់នោះ ។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះស្របពេលដែលព្រះមហាក្សត្របានចេញព្រះ រាជក្រឹត្យលើកលែងទោសដល់ទណ្ឌិតមួយចំនួនតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានដូចជា លោកគឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ, អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ និង សហការីចំនួន៣នាក់, លោក អ៊ុំ សំអាន សមាជិករដ្ឋសភាអតីតគណបក្សសង្គ្រោះជាតិ, អតីតបុគ្គលិកវិទ្យុអាស៊ីសេរីចំនួន២ នាក់, លោក សួន សេរីរដ្ឋា អតីតប្រធាន គណបក្សអំណាចខ្មែរ និងជាចុងក្រោយ នេះគឺលោក មាជ សុវណ្ណរា និងសកម្មជន ទាំង១៣នាក់ទៀត ៕ ហេង សូរិយា