ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ ៖ ទិន្នន័យរបស់ គ.ជ.ប. មិនមានការបែកធ្លាយ ឬមានអ្នកចូល hack បានទេ

ភ្នំពេញ ៖ ទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនមានការបែកធ្លាយ ឬមានអ្នកចូលHack នោះទេដោយមានអ្នកជំនាញប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង និងមានជំនួយ បច្ចេកទេសពីរដ្ឋាភិបាលជប៉ុនមកជួយថែមទៀតផង។ នេះបើតាមការអះអាងរបស់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា រហូតមកដល់ពេលនេះទិន្នន័យរបស់គ.ជ.ប. អត់មានការបែកធ្លាយ ឬមានអ្នកណាចូល Hackបានទេ។ តែពីមុនមកមានករណី លួចចូលក្នុងហ្វេសប៊ុករបស់លោកផ្ទាល់ ដែលជាអ្នកនាំពាក្យ និងចូលទៅមន្ត្រី គ.ជ.ប.ម្នាក់ ឬពីរនាក់ដោយប្រើពាក្យមិនល្អដល់ដំណើរការបោះឆ្នោតតែបានដោះស្រាយរួចរាល់ហើយ ។

អ្នកនាំពាក្យ គ.ជ.ប.បានបញ្ជាក់ទៀត ថា សម្រាប់គ.ជ.ប.បានរៀបចំថែទាំបាន ល្អណាស់ ហើយអ្វីដែល គ.ជ.ប. ផុសតាមវេបសាយជាដើមជាឯកសារថតចម្លងចេញពីច្បាប់ដើម ហើយច្បាប់ដើមការពារបាន ល្អណាស់ មានអ្នកប្រចាំការ២៤ម៉ោងនិង មានជំនួយបច្ចេកទេសមកពីជប៉ុនថែម ទៀត។ រហូតមកដល់ពេលនេះទិន្នន័យ របស់គ.ជ.ប.គឺអត់មានការបែកធ្លាយមិនមានអ្នកណាចូលបានទេ គ.ជ.ប. អត់មាន រឿងសម្ងាត់ទេ គ.ជ.ប. សម្ងាត់តែនៅក្នុង បន្ទប់សម្ងាត់ការគូសលើសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ការបត់ហើយទម្លាក់ចូលទៅក្នុងហឹបឆ្នោត ក្រៅពីហ្នឹងគឺលែងមានការ សម្ងាត់ហើយ ។

ទោះបីជាហេក(Hack)យកទៅណាក៏មិនមានបញ្ហាអ្វីដូចជាបញ្ជីបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺមានតែបិទផ្សាយបន្ថែម ទៀត និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ហើយមិនមានរឿងអ្វីសម្ងាត់គួរឲ្យព្រួយ បារម្ភទេសម្រាប់គ.ជ.ប. ៕ ហេង សូរិយា