ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិជាង២០០នាក់អបអសាទរដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលបន្តព្យាបាលមិនគិតថ្លៃនៅឃុំឈើទាលស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិត្រោកក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជាង២០០នាក់មានការអបអសប្បាយចិត្តយ៉ាងខ្លាំងខណះ ដែលក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀងបន្តចុះមកពិនិត្យនិងព្យាបាលមិនគិតថ្លៃដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលមានជម្ងឺធ្វើអោយសេដ្ឋកិច្ចក្រុមគ្រួសារបានបង្កភាពងាយស្រួលធូស្រាលបានមួយកំរិតក្នុងការដោះស្រាយជីវភាពគ្រួសារ។
ការចុះមកពិនិត្យនិងព្យាបាលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិត្រោកឃុំឈើទាលស្រុកស្វាយជ្រំដោយមានប្រជាពលរដ្ឋ មកព្យាបាលជាង២០០នាក់។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលដឹកនាំគ្រូពេទ្យចុះមកពិនិត្យព្យាបាលដោយផ្ទាល់បានឱ្យដឹងថានាពេលនេះមាន ប្រជាពលរដ្ឋ ដែលមកពិនិត្យជំងឺ មានចំនួនជាង២០០នាក់  ហើយជំងឺ ដែលបានពិនិត្យរួមមាន ជំងឺរោគស្រ្តី  ជំងឺភ្នែក ជំងឺមាត់ធ្មេញ  ជំងឺផ្លូវចិត្ត  វះកាត់តូច ឆ្លុះអេកូ  ថតវិទ្យុសាស្ត្រ ពិនិត្យឈាម។ ក្នុងការពិនិត្យព្យាបាលនេះ បានចែកចេញជា៣វគ្គ មួយវគ្គៗមាន៤ភូមិ ប្រើប្រាស់បុគ្គលិកពេទ្យ៤០នាក់ រថយន្តគ្លីនិកចល័ត១គ្រឿង  ដែលជាជំនួយពីប្រទេសចិន និងរថយន្តសង្គ្រោះ១គ្រឿង  ដែលជាអំណោយ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឱសថផ្តល់ជូនពីក្រសួងសុខាភិបាល។
លោក បានបញ្ជាក់ទៀតថា ការចុះពិនិត្យព្យាបាលជំងឺនេះ មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជារួម​គឺសំ​ដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ដោយសារក្រុមគ្រូពេទ្យ ចុះទៅពិនិត្យព្យាបាល ជំងឺដល់មូលដ្ឋានរបស់ពួកគាត់ផ្ទាល់  ដែលធ្វើឲ្យពួកគាត់ចំណេញទាំងពេលវេលា និងមិនចំណាយប្រាក់កាស។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ អាស្រ័យហេតុនេះហើយ បានជាលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្កើតនូវមន្ទីររពេទ្យ និងមណ្ឌលសុខភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យកាន់តែគៀកនឹងប្រជាពលរដ្ឋ និងកម្មកររោងចក្រ ដោយលោកបានផ្តល់ឱសថ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យទំនើបៗ ដល់មន្ទីររពេទ្យទាំងអស់ សម្រាប់ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ផងដែរ៕ យឹម សុថាន