ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិតវ៉ា ទាមទារ ទម្លាក់មេភូមិព្រៃព្រិច ព្រោះតែគ្មានសីលធម៌

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ ប្រមាណជា ៥០ នាក់មកពីភូមិព្រៃព្រិច បានផ្ទុះការតវ៉ាទាមទារ ទម្លាក់មេភូមិ ព្រៃព្រិចនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ២០១៥ នៅមុខសាលាសង្កាត់ប៉ោយប៉ែត ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ ប៉េតុង ស្ថិតនៅក្នុងភូមិមិត្ដភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋដែលតវ៉ាឱ្យដឹងថា ការ តវ៉ាទាមទារទម្លាក់មេភូមិព្រៃព្រិចខាង លើនេះ ពួកគាត់បានធ្វើឡើងចំនួន៣លើក រួចមកហើយ ប៉ុន្ដែចៅសង្កាត់-ក្រុង ប៉ោយប៉ែតពុំបានដោះស្រាយឱ្យពួកគាត់ នោះទេ បើទោះបីជាពួកគាត់បានដាក់ ពាក្យបណ្ដឹងស្នើសុំទម្លាក់មេភូមិនេះក៏ដោយ ។

តាមសម្ដីស្ដ្រីម្នាក់តំណាងឱ្យអ្នកតវ៉ា បានឱ្យដឹងថា មេភូមិព្រៃព្រិចដែលពួក គាត់ចង់ឱ្យចុះចេញពីតំណែងមេភូមិនោះ ឈ្មោះ ហុក លឿម ។ អ្នកស្រីមេភូមិ ហុក លឿម ខាងលើនេះ កន្លងទៅតែងតែ បង្កការក្ដៅក្រហាយដល់ប្រជាពលរដ្ឋ ក្នុងភូមិដូចជាការជេរបញ្ចោអ្នកស្រុក ដោយគ្មានហេតុផល និងគ្មានសីលធម៌ ក្នុងខ្លួនសូម្បីតែបន្ដិច ។ មិនតែប៉ុណ្ណោះ នៅបានបណ្ដែតបណ្ដោយឱ្យកូនប្រុសស្រី របស់គាត់បង្កហិង្សាដល់អ្នកដទៃ និងមិន បានអប់រំកូនចៅឱ្យមានការគោរពដល់ ប្រជាពលរដ្ឋក្នុងភូមិ ។
ស្ដ្រីតំណាងឱ្យអ្នកតវ៉ាខាងលើបានឱ្យ ដឹងទៀតថា កន្លងទៅអ្នកស្រីមេភូមិព្រៃ ព្រិចបានយកដុំថ្មមកគប់ទៅលើកូនស្រី របស់គាត់ ខណៈកូនស្រីរបស់គាត់កំពុង មានផ្ទៃពោះដោយពុំមានហេតុផលទៀត ផង ។ ដោយសារទង្វើ និងសកម្មភាព របស់អ្នកស្រី ហុក លឿម បែបនេះហើយ ទើបពួកគាត់ទាមទារ និងដាក់ពាក្យបណ្ដឹង សុំឱ្យទម្លាក់មេភូមិបែបនេះចេញ ហើយ គួររកមេភូមិថ្មីមកជំនួស ។

ប្រជាពលរដ្ឋបានឱ្យដឹងដែរថា មេភូមិ រូបនេះ មិនត្រឹមតែគ្មានសីលធម៌ដែល អាចឱ្យប្រជាពលរដ្ឋគោរពដូចជាម៉ែឪ ប៉ុណ្ណោះទេ តែថែមទាំងគំរាមប្រជាពល រដ្ឋថាបើអ្នកណាហ៊ានទៅប្ដឹងដករូបគាត់ ចេញពីមេភូមិនោះ គាត់នឹងមិនស៊ីញ៉េ រាល់ឯកសារផ្សេងៗ ពិសេសការធ្វើបែប បទរត់ការខ្ចីលុយពីធនាគារផ្សេងៗ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មេភូមិ ឈ្មោះ ហុក លឿម នៅពេលបុណ្យទាន ក្នុងភូមិម្ដងៗតឹងតែង និងហាមឃាត់មិន ឱ្យមានចាក់ធុងបាស់រាំកម្សាន្ដហាក់បី ដូចជាបិទសិទ្ធិការសប្បាយមិនខុសពី សម័យប៉ុលពតនោះឡើយ ។

ប្រជាពលរដ្ឋអ្នកតវ៉ាបានប្រតិកម្ម ផងដែរ ទៅនឹងលោកចៅសង្កាត់ប៉ោយ ប៉ែតដែលមិនបានដោះស្រាយចំពោះ បណ្ដឹងរបស់ពួកគាត់ដែលបានដាក់មកជាយូរមកហើយនោះ ។

ជុំវិញការតវ៉ាទម្លាក់ និងការចោទ ប្រកាន់ទៅលើមេភូមិព្រៃព្រិចនេះដែរ អ្នកស្រី ហុក លឿម មេភូមិព្រៃព្រិចបាន ប្រាប់អ្នកយកព័ត៌មាននគរវត្ដតាមទូរស័ព្ទ ដោយបានបដិសេធចោលចំពោះការ ចោទប្រកាន់ទាំងអស់ខាងលើនេះ។

អ្នកស្រីមេភូមិព្រៃព្រិចបានបន្ដថា ការដែលប្រជាពលរដ្ឋប្ដឹងរូបគាត់នោះ មិនមែនជាការពិតឡើយ ហើយអ្វីដែល ប្រជាពលរដ្ឋបានចោទប្រកាន់វាជាការ មូលបង្កាច់រូបគាត់តែប៉ុណ្ណោះ ។ ដូច្នេះ អ្នកស្រីមិនអាចទទួលយកបានឡើយ ពិសេសដែលចោទថាបានជេរប្រមាថ ប្រជាពលរដ្ឋ ។

ដោយឡែកលោក នុត លី ចៅសង្កាត់ ប៉ោយប៉ែតបានឱ្យដឹងថា ចំពោះបញ្ហា ប្រជាពលរដ្ឋទាមទារទម្លាក់មេភូមិខាង លើនេះលោកបានជំរុញឱ្យប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងបញ្ជាក់ពីមូលហេតុ កំហុសឆ្គងរបស់មេភូមិ ហើយលោកនឹង បញ្ជូនសំណុំរឿងទៅសាលាក្រុងប៉ោយប៉ែត ដើម្បីដំណោះស្រាយជូនពួកគាត់ ។

លោកចៅសង្កាត់បន្ដថា លោកនឹង កោះហៅមេភូមិឈ្មោះ ហុក លឿម មក ស្រាយបំភ្លឺចំពោះអ្វីដែលប្រជាពលរដ្ឋ បានលើកឡើង និងបង្កើតគណៈកម្មការ ចម្រុះចុះទៅស្រាវជ្រាវថាតើមេភូមិ ខាងលើនេះអនុវត្ដការងារប៉ះពាល់អ្វីខ្លះ ដល់ប្អូនប្រជាពលរដ្ឋ ៕ វណ្ណា

Poypet