ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិទទារជិត២០០នាក់ក្នុងសង្កាត់ចេកក្រុងស្វាយរៀងនាំគ្នាធ្វើបុណ្យឡើងអ្នកតានៅទួលត្រពាំងព្រៃខ្លាដើម្បីសុំទឺកភ្លៀងនិងសេចក្ដីសុខ

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់ប្រជាពលរដ្ឋក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ជិត២០០នាក់បាននាំគ្នាធ្វើបុណ្យឡើងអ្នកតា នៅទួលត្រពាំងព្រៃខ្លា ដែលជាទំនាមទំលាប់ជាយូរយារណាស់មកហើយ ដើម្បីរំលឹកដល់អ្នកតាដែលមានបារមី និងបន់ស្រន់សុំទឹកភ្លៀង និងសុំសេចក្ដីសុខសប្បាយគ្រប់ៗគ្នាកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមលោកតាសូរកាយអាយុ៨៧ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង បានរៀបរាប់ពីប្រវត្តិសង្ខេបរបស់ទួលត្រពាំងព្រៃខ្លា ប្រាប់ដល់កូនចៅ ក៏ដូចជាអ្នកភូមិប្រុសស្រីថា កាលពីដើមឡើងទីទួលនេះសំបូរដោយព្រៃគុម្ភឡើងក្រាស់ក្រែល និងមានសត្វជាច្រើន ព្រមទាំងមានសត្វខ្លា១គូរនៅជាប្រចាំ ខណៈដែលអ្នកភូមិជាច្រើននាក់នាំគ្នាអុជធូបដើម្បីសុំខ្ចីចានឆ្នាំងផងដែរ។

មិនតែប៉ុណ្ណោះ នៅទួលនេះគឺមានស្រះត្រពាំងទឹក មានពណ៌ខ្មៅជុំវិញ ព្រមទាំងមានត្រីធំៗដោយនៅពេលយប់អ្នកភូមិមិនហ៊ានមកព្រៃនេះទេ ព្រោះកណ្ដាលអធ្រាតគេឃើញមានភ្លើងទេវតាយ៉ាងធំហោះនៅលើទួលនេះ។

ចំណែកឯចោរដែលបានលួចក្របីអ្នកស្រុកដើរកាត់មកទីទួលនេះ គឺវង្វេងផ្លូវហើយដោយរកផ្លូវចេញមិនឃើញដោយម្នាក់ៗភ័យរត់យកព្រះអាយុរៀងៗខ្លួន ព្រោះសំបូរព្រៃក្រាស់ ដូចនេះហើយទើបអ្នកភូមិនាំគ្នាហៅថា ទួលត្រពាំងព្រៃខ្លាតែម្ដង។

ដូចនេះហើយ ជារៀងរាល់ឆ្នាំ ក្នុងខែមិថុនា អ្នកភូមិតែងតែនាំគ្នាធ្វើពិធីឡើងអ្នកតាសុំទឹកភ្លៀង និងសុំសេចក្ដីសុខរហូតដល់បច្ចុប្បន្ន។

ក្រោយពីបញ្ចប់កម្មវិធី អ្នកភូមិក៏បាននាំគ្នាលេងល្បែងកំសាន្ត និងរាំច្រៀងយ៉ាងសប្បាយរីករាយផងដែរ ៕ យឹម សុថាន

NKD-36x6_outline