ព័ត៌មានទាន់ហេតុការណ៍៖

អ្នកមគ្គុទ្ទេសក៍វាយគ្នាបែកផ្សែងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍

ប៉ោយប៉ែតៈ បុរសជាអ្នកនាំភ្ញៀវទេសចរណ៍(មគ្គុទេសក៍) ទៅទស្សនាប្រាសាទអង្គរវត្តម្នាក់ត្រូវជនសង្ស័យជាអ្នកមគ្គុទេសក៍ ដូចគ្នាយកតំបងពីសមត្ថកិច្ចវាយបណ្តាលឲ្យហើមក្បាល កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូល ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកនាំភ្ញៀវទេសចរណ៍ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកជនសង្ស័យ ឈ្មោះ ចេម ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរ បុគ្គលិករបស់ក្រុមហ៊ុនស៊ូជីង មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បនរស់នៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

តាមការរៀបរាប់ពីបុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនគាត់បាននាំភ្ញៀវពីរទៅបីនាក់ ពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គោលបំណង ឆ្ពោះទៅខេត្តសៀមរាប ដោយនិយាយជាមួយភ្ញៀវក្នុងតម្លៃ៣០ដុល្លារ ដើម្បីម៉ៅតាក់ស៊ីឯកជន ។ ចំពោះភ្ញៀវដែលគាត់នាំមកដើម្បីរករថយន្តជិះនោះ ក្នុងនោះគាត់បានប្រាក់ចំណេញ១០ដុល្លារ ហើយក្នុងប្រាក់១០ដុល្លារ គាត់ត្រូវបង់ឲ្យប៉ូលីសទេសចរណ៍នៅទីនោះ៥ដុល្លារទៀត លុះមកដល់ចំណុចកើតហេតុ ឈ្មោះ ចេម ដែលជាបុគ្គលិកស៊ូជិញ ចង់បានភ្ញៀវទេសចរណ៍ដែលគាត់នាំមកនោះទៅលក់ឲ្យរថយន្តតាក់ស៊ី ក្នុងសមាគមម៉ៅទៅសៀមរាប រថយន្ត១គ្រឿងក្នុងតម្លៃ៤៨ដុល្លារពីភ្ញៀវទេសចរណ៍ តែពេលនោះគាត់(ជនរងគ្រោះ)មិនឲ្យ ក៏កើតពាក្យសំដីតឹងសរសៃ កដាក់គ្នា បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ហើយឈ្មោះ ចេម បានទាញដំបងពីប៉ូលិសទេសចរណ៍ម្នាក់ ដែលនៅជិតនោះមកវាយលើរូបគាត់ចំក្បាល១ដំបងបណ្ដាលឲ្យហើមតែម្ដង ។

NKD-36x6_outline

ពាក់ព័ន្ធការចោទខាងលើឈ្មោះ ចេម បាននិយាយថា ឈ្មោះសុខ ចាន់ថា ដែលខ្លួនវាយនោះ តែងតែលេបខាយពាក្យសំដីឌឺដង ហើយនៅពេលនេះ រូបគេទ្រាំនឹងទង្វើនេះមិនបាន ក៏ផ្ទុះហិង្សា កុំឲ្យលើកក្រោយចេះតែឌឺដងបែបនេះទៀត។

ក្រោយពីកើតហេតុជនរងគ្រោះ និងជនសង្ស័យ ត្រកម្លាំងអាវុធហត្ថស្នាក់៥៦៨ ហៅមកសួរនាំរកមូលហេតុនាំឲ្យផ្ទុះអំពើហិង្សា ភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ បែបនេះ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថស្នាក់ការ៥៦៨ ស្នើសុំក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ប្រាប់ថា រឿងរ៉ាវខាងលើនេះ ដោយមើលឃើញថា មិនធ្ងន់ណាស់ណានោះ ក៏បានអនុញ្ញាតឲ្យជនសង្ស័យ ធ្វើកិច្ចសន្យាបញ្ឈប់អំពើបំបែបនេះបន្តទៀត ហើយលើកក្រោយ បើនៅតែមិនរាងចាលទេនោះ សមត្ថកិច្ចនឹងមានវិធានការ តាមច្បាប់ ៕ វណ្ណា

dd (1) dd (2) dd (3) dd (4) dd (5)