ព័ត៌មានទាន់ហេតុការណ៍៖

អ្នកម៉ូតូឌុបម្នាក់ដឹកចោរ ទៅកន្លែងស្ងាត់ត្រូវចោរយកកូនកាំបិតអារករបួសធ្ងន់ យកម៉ូតូបានសម្រេច

ចែករំលែក៖

ប៉ោយប៉ែតៈ បុរសម្នាក់ជាអ្នកម៉ូតូឌុប ត្រូវចោរប្លន់អារក បណ្ដាលឲ្យរងរបួសធ្ងន់ រួចយកម៉ូតូបានសម្រេចកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍កម្លាំងនគរបាលការពារព្រំដែនគោក៩១១ប្រាប់ថា ជនរងគ្រោះមានឈ្មោះ អង រំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូដែលចោរប្លន់យកនោះម៉ាក ឌ្រីម សង់សេរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខ៧៤១៤ ។

ប្រភពបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបានដឹកចោរពីក្រុងប៉ោយប៉ែតសំដៅទៅភូមិព្រៃព្រិច លុះដល់កន្លែងវាលស្ងាត់ ចោរបានធ្វើសកម្មភាព អារកម្ចាស់ម៉ូតូបានសម្រេច ។ ប្រភពបញ្ជាក់ថា នៅកន្លែងកើតហេតុកន្លងមក ក៏ធ្លាប់មានក្រុមចោរប្លន់យកម៉ូតូច្រើនដងផងដែរ ។

ជនរងគ្រោះក្រោយពីកើតហេតុ បានរត់ឲ្យ អ្នកស្រុកជួយ ក៏មានភាពបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ តែទោះសមត្ថកិច្ចប្រឹងប្រែងយ៉ាងណាក៏ដោយ ចោរប្លន់ខាងលើបានជិះម៉ូតូគេចខ្លួនបានដោយសុវត្ថិភាព ដោយឡែកជនរងគ្រោះត្រូវបានអ្នកស្រុកដឹកតាមម៉ូតូយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយសារសភាពរបួសធ្ងន់ ជនរងគ្រោះ ក៏ដឹកបន្តទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។

អ្នកស្រុកបានលើកឡើងថា នៅក្រុងប៉ោយប៉ែត បច្ចប្បន្នក្រុម ចោរ ឆក់ ប្លន់ ក្រុមក្មេងស្ទាវហាក់ដូចជាកម្រើកឡើងវិញ នេះ ក៏ដោយសារតែមានករណីល្បែងស៊ីសង គ្រប់ប្រភេទកំពុងតែខ្លះជ្រកតាមតូបកាហ្វេ បៀ អាប៉ោង កន្ទុយលេខ ល្បែងបញ្ជល់មាន់កំពុងតែពោរពេញរីករាលដាល តែក្នុងករណីបង្ក្រាបរបស់សមត្ថកិច្ច ហាក់បីដូចជាមានកំរិត បក្ខពួកនិយម ៕ វណ្ណា

se-1 se-2 se-3 se-4


ចែករំលែក៖