ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់ដូរនៅផ្លូវ៦០ម៉ែត្រសំពះអង្វរដល់អភិបាលខណ្ឌមានជ័យអនុគ្រោះដល់ពួកគាត់ផង

ភ្នំពេញ៖ ក្រុមអាជីវករអ្នកលក់ទឹកអំពៅ លក់លតឆារ ទឹកបរិសុទ្ធ ទឹកក្រូច តាមម៉ូតូរ៉ឺម៉កជារបៀបអ្នកលក់ចល័តនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ គិតត្រឹមផ្លូវកែងលក់រថយន្តទំនើប ត្រង់ចំណុចដីឡូតិ៍ដ៏ធំរបស់លោកឧកញ៉ា ឃុន សៀ បានសុំអង្វរដល់អភិបាលខណ្ឌមានជ័យ គួរតែអនុគ្រោះដល់ពួកគាត់ក្នុងការលក់ដូរផង។

ក្រុមអាជីវករមានចំនួន៩រទេះម៉ូតូចល័តកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានព្យាយាមសុំជួបលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក្នុងគោលបំណងជម្រាបជូនរាលបញ្ហាការលក់ដូរ និងសុំផ្តល់ការណែនាំ។ ក៏ប៉ុន្តែពួកគាត់ត្រូវបានរារាំងដោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។

ស្ត្រីម្នាក់ជាអ្នកលក់ទឹកអំពៅបាននិយាយថា ពួកគាត់លក់ដូរនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ហើយមិនមែនលក់នៅលើផ្លូវនោះទេ។ គឺបានដាក់លក់ចូលក្នុងកៀនបំផុត មិនរំខានដល់អ្នកធ្វើដំណើរនោះ ហើយកាកសំណល់អំពៅ ឬសំរាមផ្សេងពួកគាត់បានរៀបចំទុកដាក់កាកសំណល់ទាំងនេះនៅក្នុងថង់ ឬបាវបានត្រឹមត្រូវល្អណាស់ មិនបោះចោលសំរាមពាស់វាលពាស់កាលនោះឡើយ។

ចំណែកបុរសម្នាក់ទៀតអ្នកលក់លតឆារបាននិយាយថា រូបគាត់ទើបតែត្រ ឡប់ពីប្រទេសថៃ ហើយរូបគាត់ថា នឹងមិនធ្វើចំណាក់ស្រុកទៀតទេ។ ទើបខំខ្ចីលុយគេធ្វើធុងរទេះលតឆារលក់បន្តិចបន្តួចនៅទីនេះ ហើយឥឡូវបើអាជ្ញាធរមិនអនុញ្ញាតឲ្យលក់ តើឲ្យទៅលក់នៅទីណា? ពួកគាត់មិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នោះទេ។ ពួកគាត់សុំអង្វរទៅអភិបាលខណ្ឌមានជ័យអនុគ្រោះដល់ពួកគាត់ផង។

NKD-36x6_outline

បុរសម្នាក់អ្នកលក់ទឹកអំពៅ ក៏បាននិយាយឲ្យដឹងទៀតថា ពួកគាត់ជាសមាជិកគណបក្សប្រជាជន ហើយសម្តេចតេជោ តែងតែបានយកចិត្តទុកដាក់លើពលរដ្ឋក្រីក្រ ចុះហេតុអ្វីបានជាក្រុមសណ្តាប់ធ្នាប់ខណ្ឌមានជ័យបញ្ចេញចរិកមិនយល់យោគដល់ពួកគាត់។ ពួកគាត់លក់ដូរតែត្រឹមម៉ោង៥ល្ងាច គឺនាំគ្នារើទៅផ្ទះអស់ហើយ ចំពោះសំរាម កាកសំណល់ផ្សេងគឺគាត់បានប្រមូលដាក់ក្នុងបាវឲ្យបានត្រឹមត្រូវមិនឲ្យរាយប៉ាយនៅលើដងផ្លូវនោះទេ។

ស្ត្រីម្នាក់ក៏បាននិយាយឲ្យដឹងដែរថា កន្លងទៅលោកអភិបាលខណ្ឌមានជ័យ ដូចមិនបានជំទាស់នោះទេ។ តែក្រោយពីប្រធានសណ្តាប់ធ្នាប់ខណ្ឌមកថ្មី ក៏មានការតឹងរ៉ឹងដល់ពួកគាត់ ដេញចាប់ធុងរទេះពួកគាត់ដូចជាសាហាវមិនអនុគ្រោះសោះ ហើយមិនត្រឹមតែប៉ុណ្ណោះ គម្រាមវាយខ្នោះថែមទៀត ចាប់ធុង និងរទេះមកសាលាខណ្ឌហើយពិន័យ៥០០០០រៀលទៀត និងមិនអនុញ្ញាតឲ្យលក់ដូរទៀតទេ ហេតុដូច្នេះធ្វើជីវភាពពួកគាត់រស់បានយ៉ាងម៉េច៕ តាឡឹម