ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រាវជ្រាវបញ្ជាក់ថាទូកបុរាណដែលប្រទះឃើញក្នុងភូមិបំពេញរាជ្យផលិតឡើងនៅឆ្នាំ១២០៧

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងឱកាសកិច្ចប្រជុំ បច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និង អភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុក បណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្ត កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦កន្លង មកនោះមានកាលបរិច្ឆេទផលិតនៅ ឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។

លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបាន អ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការ អបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូង បំផុត ដែលមានអាយុកាលចាស់ជាងគេ ក្នុងតំបន់អង្គរ ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការ វិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡេនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹត និងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈ សកល ។

បើតាមទម្រង់រូបរាងជាក់ស្តែងបាន បញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដី ជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូលមាន ប្រវែង១២,៨៣ម៉ែត្រ ។ ចំពោះទីតាំងដែល រកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ជាប់នឹងស្ទឹងសៀមរាបហូរទៅកាន់ស្រុកពួក ។

លោកសុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថាលទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះ សាធារណជននិងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យ សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ- អន្តរជាតិ បានទស្សនា និងទទួលបានព័ត៌មាន លម្អិតអំពីទូកបុរាណនេះ ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារក ទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំង អស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។ ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និង សន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែងទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ ៕ ហេង នរិន្ទ្រ

Untitled-1


ចែករំលែក៖