ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រីនាង សុវណ្ណារី ចោទមេយោធាសឹករងស្រុកអង្គរបុរីជំរិតទារលុយ១.៦០០ដុល្លារពីការដឹកឈើធ្វើទ្រើងចិញ្ចឹមត្រី

ខេត្តតាកែវ៖ អ្នកស្រី នាង សុវណ្ណារី ហួសចិត្តនឹងលោកមេបញ្ជាការសឹករង ស្រុកអង្គរបុរីប្រើកម្លាំងក្រោមឱវាទចំនួន៦នាក់មកជំរិតទារលុយពីអ្នកស្រីចំនួន១.៦០០ ដុល្លារពីការដឹកឈើស្របច្បាប់យកទៅឲ្យប្រជាពលរដ្ឋធ្វើទ្រើងចិញ្ចឹមត្រីជាលក្ខណៈ គ្រួសារ ។

អ្នកស្រីបញ្ជាក់ថា ការប្រើកម្លាំងទាហានមកជំរិតទារប្រាក់ពីអ្នកស្រីបានកើតឡើង កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុក អង្គរបុរី ខេត្តតាកែវ ។

អ្នកស្រីបន្ដទៀតថា អ្នកស្រីបានដឹកឈើ ប្រភេទលេខ២ដែលទិញពីច្រាំងចំរេះ ខណ្ឌ ឫស្សីកែវ ដោយដឹកតាមរថយន្ដកូរ៉េចំណុះ២តោនកន្លះចំនួន២គ្រឿងយកទៅឲ្យប្រជាពលរដ្ឋតាមដងស្ទឹងស្រុកអង្គរបុរីដើម្បី ចិញ្ចឹមត្រីឆ្ដោជាលក្ខណៈគ្រួសារ ហើយ ពេលដែលប្រជាពលរដ្ឋចិញ្ចឹមបានផលគឺអ្នកស្រីប្រមូលទិញទាំងអស់យកមកលក់នៅលើទីផ្សារក្នុងប្រទេស ។

អ្នកស្រី នាង សុវណ្ណារី បានអះអាងថា ក្រោយពេលលោកស្រីដឹកឈើនេះទៅ ដល់ទីតាំងខាងលើស្រាប់តែលោក អ៊ូច យី មេបញ្ជាការយោធាសឹករងស្រុកអង្គរបុរីប្រើកម្លាំងក្រោមឱវាទចំនួន៦នាក់មកឃាត់ រថយន្ដដឹកឈើរបស់អ្នកស្រីនិងបង្គាប់ឲ្យបង់ប្រាក់១.៦០០ដុល្លារទើបឲ្យរថយន្ដទាំង២គ្រឿងនេះរួចខ្លួន ។

អ្នកស្រីបញ្ជាក់បន្ថែមថា ក្រោយពេលដែលអ្នកស្រីរកប្រាក់បានចំនួន១.៦០០ ដុល្លារ អ្នកស្រីបានឲ្យអ្នកបើកបររថយន្ត ដឹកឈើយកលុយទៅបង់ឲ្យលោក គឹម ហាន ជាកូនចៅរបស់លោក អ៊ូច យី នៅ ម៉ោង៥ព្រឹកថ្ងៃទី២ ខែកក្កដា ទើបកម្លាំង របស់លោក អ៊ូច យី ដោះលែងរថយន្ដវិញ។

ជុំវិញការចោទប្រកាន់ពីសំណាក់អ្នកស្រី នាង សុវណ្ណារី ទៅលើលោក អ៊ូច យី មេបញ្ជាការយោធាសឹករងស្រុកអង្គរបុរី រឿងប្រើកម្លាំងទៅជំរិតទារប្រាក់១.៦០០ ដុល្លារពីការដឹកឈើស្របច្បាប់ខាងលើលោក អ៊ូច យី បានថ្លែងទទួលស្គាល់ថា លោកពិតជាបានប្រើកម្លាំងចេញពីអង្គភាព ចំនួន៦នាក់ឲ្យទៅឃាត់រថយន្ដ២គ្រឿងដឹកឈើមែនតែលោកធ្វើតាមបញ្ជាពីមេខេត្ត។

លោកបន្ដថា ការចុះទៅឃាត់រថយន្ដ ដឹកឈើខាងលើកម្លាំងរបស់លោកមិនបានធ្វើកំណត់ហេតុពាក់ព័ន្ធអ្វីដើម្បីឆ្លើយតប ជូនទៅថ្នាក់ខេត្តនោះទេ ហើយលោកក៏មិន បានដឹងថា ឈើរបស់អ្នកស្រី នាង សុវណ្ណារី ខុសច្បាប់ ឬត្រូវច្បាប់នោះដែរ ។ ចំណែកប្រាក់១.៦០០ដុល្លារដែលកូនចៅរបស់លោកឈ្មោះ គីម ហាន ទទួលពីលោកស្រីគឺទទួលខុសត្រូវខ្លួនឯងទៅ ៕ ជីសូរកា