ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អ.ស.ប និងរុស្ស៊ីគាំទ្រដល់ការខិតខំរបស់អឺរ៉ុបក្នុងការការពារកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការគាំទ្រដល់អឺរ៉ុប ក្នុងការការពារកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់ ក្រោយពេលអាមេរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួម ជាមួយនឹងប្រធានគណកម្មការសហគមន៍អឺរ៉ុប លោក Jean Claude Juncker នៅទីស្នាក់ការក្នុងទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្សុិក អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា «ខ្ញុំគាំទ្រទាំងស្រុង ដល់ការខិតខំរបស់អឺរ៉ុប បន្តកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់»។ ចំណែកប្រធានសហគមន៍អឺរ៉ុបវិញលោក Juncker ក៏បានបញ្ជាក់ផងដែរថា ការសម្រេចការពារកិច្ចព្រមព្រៀង បរមាណូជាមួយអុីរ៉ង់គឺមានសារសំខាន់យ៉ាងខ្លាំង ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកទាំងមូល។

ក្នុងថ្ងៃជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergei RYabkov ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីបានគាំទ្រដល់សហគមន៍អឺរ៉ុប ក្នុងកិច្ចពិភាក្សា ស្តីពីការបន្តរក្សាកិច្ចព្រមព្រៀងជាមួយអុីរ៉ង់ នៅសប្តាហ៍ក្រោយ នៅទីក្រុងវៀនណា ប្រទេសអូទ្រិស។

កន្លងមកបណ្តាប្រទេសមហាអំណាចនៅក្នុងតំបន់អឺរ៉ុប បានសន្យារក្សាកិច្ចព្រមព្រៀង បរមាណូជាមួយអុីរ៉ង់ដដែល ក្រោយពេលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីសប្តាហ៍កន្លងមក។

នៅថ្ងៃទី១៦ ខែឧសភា ប្រធានគណកម្មការសហគមន៍អឺរ៉ុប ក៏បានរិះគន់ដល់ប្រធានាធិបតីអាមេរិក ដែលបានសម្រេច ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូដោយខ្វះការពិចារណា។

កាលពីថ្ងៃទី១៥ ខែឧសភា សហគមន៍អឺរ៉ុប បានអនុម័តលើគម្រោងសេដ្ឋកិច្ច ដែលមាន៩ចំណុច ដើម្បីរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ក្នុងនោះមានការរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអុីរ៉ង់ ដើម្បីធានាដល់ការជួញដូរផលិតផល និងប្រេង រវាងអុីរ៉ង់ នឹងអឺរ៉ុបនៅតែបន្តដូចដើម។

កាលពីថ្ងៃទី១៦ ខែឧសភា នៅ Bulgaria មេដឹកនាំសហគមន៍អឺរ៉ុប មានកិច្ចពិភាក្សា ស្តីពីការប្រតិកម្មរបស់អឺរ៉ុបទៅលើអាមេរិកក្រោយអាមេរិក ដកកិច្ចព្រមព្រៀង បរមាណូជាមួយអុីរ៉ង់។ ប្រធានគណកម្មការអឺរ៉ុប និងបណ្តាមេដឹកនាំបានសន្យាបន្តរក្សាកិច្ចព្រមព្រៀងនោះដដែល ។

កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ដែលបានចុះហត្ថលេខារវាងអុីរ៉ង់ និងប្រទេស ៥+១រួមមាន អង់គ្លេស បារាំង អាមេរិក ចិន រុស្ស៊ី និងអាល្លឺម៉ង់ កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ ប៉ុន្តែនៅថ្ងៃទី៨ ខែឧសភា កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង ខាងលើ បើទោះបីមានការប្រឆាំងពីសម្ព័ន្ធមិត្តនៅអឺរ៉ុបក្តី។

កន្លងមកថ្មីនេះ អីុរ៉ង់ និងចិនក៏បានសម្រេចបង្កនទំនាក់ទំនងសេដ្ឋកិច្ច និងបន្តរក្សាកិច្ចព្រមព្រៀងបរមាណូដដែល។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន នឹងអុីរ៉ង់ បានដើរតួនាទីយ៉ាងសំខាន់ ដោយប្រទេសទាំងពីរត្រូវការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕ ម៉ែវ សាធី