ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌានិងចិនកំពុងប្រជែងគ្នាពីឥទ្ធិពលយោធានៅលើដែនសមុទ្រ

ឥណ្ឌានិងចិន ជាប្រទេសមហាអំណាចបរមាណូនៅក្នុងតំបន់អាស៊ី ហើយប្រទេស ទាំងពីរ មានកម្លាំងទាហាន និងអាវុធទំនើបៗ ប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែនៅពេលនេះ ចិនក៏បានចាប់ផ្តើមផលិតនាវាផ្ទុកយន្តហោះទី៣ ដើម្បីពង្រឹងអំណាចគ្រប់គ្រងលើដែនសមុទ្រ ។

ចំពោះឥណ្ឌាវិញក៏បានខិតខំពង្រឹងវិស័យការពារដែនសមុទ្រ របស់ខ្លួនផងដែរ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី ណឺ ម៉ាឡា ស៊ីថារ៉ាម៉ាន់ (Nirmala Sitharaman) បាននិយាយថា កងទ័ពជើងទឹក ឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពារ ដែនសមុទ្ររបស់ខ្លួន បើទោះជាមាននាវាផ្ទុកយន្ដហោះចម្បាំងតិចជាងពីរគ្រឿង ដែលប្រមុខកងទ័ពជើងទឹកឥណ្ឌាថា ត្រូវការជាចាំបាច់ក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ ២០១៨។

ឥណ្ឌាមានគម្រោងដាក់ឱ្យដំណើរការ នាវាផ្ទុកយន្ដហោះចម្បាំងបីគ្រឿង ក្នុង នោះមានដូចជា នាវាផ្ទុកយន្ដហោះចម្បាំង INS Vikramaditya, IAC-1 និង IAC-2 ដែលនាវចម្បាំងទាំងពីរនេះ មិនទាន់ផលិត បានជោគជ័យនៅឡើយទេ។ ចំណែកឯ ប្រមុខកងទ័ពជើងទឹកឥណ្ឌា លោក ស៊ូ នីល ឡេនបា (Sunil Lanba) បានអះអាង ថា ឥណ្ឌាត្រូវការជាចំាបាច់ នាវាផ្ទុកយន្ដហោះចម្បាំងយ៉ាងតិចណាស់ពីរគ្រឿង ​ ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌា លោកស្រី Nirmala Sitharaman បានអះអាងថា កងទ័ពជើងទឹកឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពារជាតិ ដោយ មាននាវាមុជទឹក ៣គ្រឿង និង នាវាចម្បាំង ៦គ្រឿង។ «ខ្ញុំមានជំនឿចិត្តថា បច្ចុប្បន្នកងទ័ពជើងទឹកឥណ្ឌាមានសមត្ថភាពពេញ លេញ ដើម្បីការពារជាតិ និងដែនសមុទ្រប្រឆាំងនឹងរាល់ការគំរាមកំហែងទាំង អស់»។ នេះជាការលើកឡើងរបស់ លោក ស្រី Nirmala Sitharaman។

គួរបញ្ជាក់ថា នាវាចម្បាំងផ្ទុកយន្ដហោះ IAC-1 និង IAC-2 ដែលជាផលិតផលនៅក្នុងស្រុកត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យដំណើរការនៅចន្លោះឆ្នំា២០១៩ និងឆ្នាំ ២០២៣៕ ម៉ែវ សាធី