ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ទិញរថយន្តRolls-Royceកាដូជូនប្រពន្ធក្រោយឆ្លងទន្លេ

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីអតីតពលការ និងជាអ្នកចម្រៀង លោក ឡេង ណាវ៉ាត់ត្រា បានទិញរថយន្តទំនើបថ្លៃកប់ពពកម៉ាក Rolls-Royce ជូនប្រពន្ធមួយគ្រឿងភ្លាមដើម្បីជាកាដូ ដែលបានបង្កើតកូនឲ្យលោកកាលពីថ្មីៗនេះ ។

ភរិយាលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសម្រាលបានកូនប្រុសគួរជាទីស្រឡាញ់ម្នាក់កាលពីថ្ងៃទី២៥ ខែសីហានេះ សម្រាលបានកូនសប្រុសតាមក្តីប្រាថ្នាភ្លាម អតីតតារាចម្រៀងរូបនេះ បានទិញរថយន្ត Rolls-Royce មួយគ្រឿងជាកាដូលើកទឹកចិត្តភរិយាភ្លាម ដែលធ្វើឲ្យគេស្ងើចសរសើរវាសនាភរិយារបស់លោកពិតជាមានភព្វវាសនាខ្ពស់ស្មានមិនដល់ ។

លោកថា លោកបានរៀបការជាមួយភរិយារបស់លោកបានជិត៤ឆ្នាំ ហើយទទួលបានកូន២នាក់ ក្នុងនោះកូនច្បង គឺជាកូនស្រីវ័យជាង២ឆ្នាំ ចំណែកកូនទី២ ទើបសម្រាលបានប៉ុន្មានថ្ងៃមុននេះ គឺជាកូនប្រុស ។

រថយន្តទំនើប ម៉ាក Rolls-Royce នោះលោកបានទិញកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨តែម្តង ប៉ុន្តែឧកញ៉ាវ័យក្មេងរូបនេះ មិនបានប្រាប់ពីតម្លៃឡើយ តែលោកបានប្រាប់ថា បូកទាំងរថយន្តនេះ គឺជាកាដូធំៗទី៥ហើយ ដែលលោកបានទិញឲ្យភរិយាខ្លួន ។

លោកថា កាដូ៤ផ្សេងទៀតដែលលោកធ្លាប់ជូនទៅភរិយានោះមានឡិចស៊ីស៥៧០ ចំនួន២គ្រឿង ឡង់គ្រីស័រ១គ្រឿងនិងរថយន្តម៉ាក់ផចស្ព័រ១គ្រឿងផងដែរ ។

លោករំពឹងទុកថា នេះគឺជាកាដូមួយដែលភរិយាពេញចិត្ត ហើយលោកមិនមែនចង់សម្ញែងពីទ្រព្យធន ទេប៉ុន្តែគឺចង់បង្ហាញពីទឹកចិត្តស្រឡាញ់ក្រុមគ្រួសារ បើទោះបីជារថយន្តនេះ មិនអាចបញ្ជាក់ ឬបង្ហាញពីទំហំនៃក្តីស្រឡាញ់របស់លោកចំពោះភរិយា និងកូនៗជាទីស្រឡាញ់បានក៏ដោយ ៕ វឌ្ឍនា