ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​លើក​ព្រំ​បំពាន​ចូល​ដី​ប្រជាពលរដ្ឋ​៦០​គ្រួសារ​នៅ​ស្រុក​ស្អាង​

​ខេត្តកណ្តាលៈ​ យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​៦០​គ្រួសារ​ដែល​ជា​ម្ចាស់​ដី​ទំហំ​៩១៨​ហិ​កតា​ ស្ថិត​នៅ​ក្នុងភូមិ​៤​ ឃុំ​ប្រាសាទ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​បាន​ដាក់​ពាក្យ​ប្តឹង​ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ ទៅ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ដែល​មាន​ប្រជាពលរដ្ឋ​៤​នាក់​ជា​តំណាង​ចោទប្រកាន់​ថា​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ បាន​យក​គ្រឿងចក្រ​ជីក​ប្រឡាយ​លើក​ព្រំ​ដី​ បំពាន​ចូល​ក្នុង​ដី​របស់​ពួក​គាត់​ប្រមាណ​៦០០​ហិ​កតា​ ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ក្នុង​បណ្តឹង​របស់​ខ្លួន​ថា​ ដី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​លេខ​៤​ ឃុំ​ប្រាសាទ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ពួក​គាត់​ទាំងអស់​គ្នា​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​ និង​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៥​ មាន​លិខិត​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ លិខិតបញ្ជាក់​ប្រវត្តិ​ដី​ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ដែល​ទទួលស្គាល់​ពី​ប្រធាន​ភូមិ​លេខ​៤​ និង​មេឃុំ​ប្រាសាទ​ ។​ ប្រជាពលរដ្ឋ​បន្ត​ថា​ ចាប់ពី​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៥​មក​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ បាន​ធ្វើ​សកម្មភាព​ជីក​ប្រឡាយ​លើក​ព្រំ​ដី​ រំលោភ​ចូល​ក្នុង​ដី​របស់​ពួក​គាត់​ប្រមាណ​៩០០​ហិ​កតា​ ទាំង​បំពាន​ និង​សូម​ឲ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ប្រើ​គ្រឿងចក្រ​រំលោភ​មក​លើ​ដី​របស់​ពួក​គាត់​ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ បើ​ទោះជា​សកម្មភាព​នេះ​ត្រូវ​បាន​ប្រើ​គ្រឿងចក្រ​ជីក​កាយ​ប្រឡាយ​លើក​ព្រំ​ជា​ញឹកញាប់​ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់ដូចជា​រារែក​ក្នុង​ការ​រារាំង​ ខ្លាច​អំណាច​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ ទើប​ពួក​គាត់​បង្ខំចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​ខេត្ត​ជួយ​អន្តរាគមន៍​។​
​មន្ត្រី​ជលផល​បាន​បង្ហើប​ថា​ ទន្ទឹម​នឹង​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ កាយ​ដី​លើក​ប្រឡាយ​ព្រំ​ដី​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​នោះ​ ក៏​បាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលោភ​យក​ដី​បឹង​ក្នុង​ដែន​អតីត​ឡូត៍​នេសាទ​លេខ​៤​ លេខ​៥​ និង​លេខ​៦​ ហើយ​សមត្ថកិច្ច​ មន្ត្រី​ជំនាញ​កំពុង​តែ​ស៊ើបអង្កេត​តាមដាន​ថា​ តើ​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ រូប​នេះ​ កំពុង​ប្រើប្រាស់​ ឥទ្ធិពល​ អំណាច​អ្នក​ណា​ និង​មាន​ឯកសារ​ស្របច្បាប់​បែប​ណាខ្លះ​ ទើប​គឃ្លើន​ល្មើសច្បាប់​។​

​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ នៅ​ព្រលប់​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​៕​ សុខ​ ខេ​ម​រ៉ា​

photo 3
photo 4
photo 1
photo 2