ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកឃោរឃៅរំលោភកូនស្រីខ្លួនឯងរហូតមានផ្ទៃពោះ៥ខែ ចុងក្រោយបែកការ ទើបសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ ឪពុកតិរច្ឆានឃោរឃៅម្នាក់ពោពេញដោយកាមតណ្ហារំលោភកូនស្រីបង្កើតខ្លួនឯងអាយុ១២ឆ្នាំ រហូតមានផ្ទៃពោះចំនួន៥ខែ ចុងក្រោយបែកការត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា មុនឈានដល់ចាប់ខ្លួនជនសង្ស័យលើនេះ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កុមារីរងគ្រោះមានអក្ការៈមិនស្រួលខ្លួន រួចប្រាប់ម្ដាយរបស់ខ្លួនថា ខ្លួនបានបាត់រដូវអស់រយៈពេល៣ខែហើយ ដោយពុំដឹងថា មកពីមូលហេតុអ្វីនោះទេ ដោយម្ដាយក្មេងស្រីរងគ្រោះមានការងឿងឆ្ងល់ ភ្លាមនោះក៏ទៅទិញឧបករណ៍ពិនិត្យទឹកនោម ដើម្បីមកធ្វើការពិនិត្យ រួចបានឃើញថា កូនស្រីរបស់ខ្លួនមានផ្ទៃពោះចំនួន៥ខែហើយ បន្ទាប់មកម្ដាយក្មេងស្រីរងគ្រោះបានសួរដេញដោលកូនស្រីខ្លួនឯងថា កូនឯងប្រាប់ម៉ែឲ្យត្រង់មក តើកូនបានខូចខិលជាមួយបុរសណា? ភ្លាមនោះកូនក៏ឆ្លើយថា ប៉ា(ជនសង្ស័យ)រំលោភខ្ញុំរហូតមកដល់ឥឡូវនេះ ។ ក្រោយពីម្ដាយបានស្ដាប់កូនស្រីខ្លួនរៀបរាប់ហើយ ភ្លាមនោះក៏ដេញកូនឲ្យទៅជួបជាមួយម្ដាយមីងដើម្បីជូនទៅប្ដឹងសមត្ថកិច្ច ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីកុមារីរងគ្រោះនិងម្ដាយមីងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលរួចហើយ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍ក៏បានធ្វើការចាប់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍រួចបានធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ