ព័ត៌មានទាន់ហេតុការណ៍៖

ឯកសារចុះហត្ថលេខារួមរវាងលោកដូណាល់ ត្រាំ នឹងលោកគីម ជុងអ៊ុន នៅសិង្ហបុរីនិយាយអំពីអ្វីខ្លះ?

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបញ្ចប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

ការប្តេជ្ញានេះត្រូវបានបញ្ជាក់នៅក្នុងឯកសាររួម ចុះហត្ថលេខាដោយលោកគីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់មេដឹកនាំទាំងពីរ ស្ថិតនៅប្រទេសសិង្ហបុរី ។

ជាមួយគ្នានេះ ផងដែរ លោកដូណាល់ ត្រាំ ក៏បានប្តេជ្ញាចិត្តផ្តល់ការធានាសន្តិសុខដល់ប្រទេសកូរ៉េខាងជើង ។

ឯកសារនេះ មិនបានបញ្ជាក់ពីអ្វីដែលអាចធានានោះទេ ។

ខាងក្រោមនេះជាឯកសារហត្ថលេខីរបស់មេដឹកនាំទាំងពីរដែលដាក់ចេញនូវចំណុចគន្លឹះដូចខាងក្រោម៖

សហរដ្ឋអាមេរិក និងកូរ៉េខាងជើងប្តេជ្ញាបង្កើតទំនាក់ទំនងថ្មីរវាងអាមេរិក នឹងកូរ៉េខាងជើង ឱ្យស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព ។

ប្រទេសទាំងពីរ នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកសាងរបបសន្តិភាព ស្ថិរភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ។

ដោយអះអាងជាថ្មីនូវ សេចក្តីប្រកាស Panmunjom នៅថ្ងៃទី 27 ខែមេសាឆ្នាំ 2018 កូរ៉េខាងជើងសន្យាធ្វើឱ្យមានភាពគ្មានអាវុធនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ ។

សហរដ្ឋអាមេរិក និងកូរ៉េខាងជើងប្តេជ្ញាស្តារសំណល់ នៃអ្នកទោសសង្គ្រាម រួមទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៃអ្នកដែលបានកំណត់អត្តសញ្ញាណរួចហើយ ។

ឯកសារនេះក៏បាននិយាយថា ការចរចាបន្តបន្ទាប់ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលពាក់ព័ន្ធមួយរូប នឹងត្រូវបានរៀបចំ “ក្នុងកាលបរិច្ឆេតដែលអាចទៅរួច” ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលប្រទេសសិង្ហបុរី ។

មុនពេល មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើឯកសារ នៅសណ្ឋាគារ Capella ដែនកោះ Sentosa ប្រទេសសិង្ហបុរីនេះ, លោកប្រធានាធិបតី Trump បានថ្លែងថា កិច្ចប្រជុំកំពូលនេះ ទទួលបានភាពល្អ “ប្រសើរជាងការរំពឹងទុក ហើយគ្មាននរណាម្នាក់អាចរំពឹងទុកបានទេ” ។

លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏បានថ្លែងថា “ពិភពលោកនឹងឃើញការផ្លាស់ប្តូរដ៏សំខាន់មួយ” យ៉ាងពិតប្រាកដ ។

លោកគីម បានបន្ថែមថា: «យើងមានកិច្ចប្រជុំជាប្រវត្តិសាស្ត្រ ហើយយើងបានសម្រេចចិត្តបំភ្លេចរឿងអតីតកាល»។ “ពិភពលោកនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតី Donald Trump ចំពោះរឿងនេះ” ៕ ថាច់ យ៉ាត