ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូតកម្ពុជាប្រចាំអ.ស.ប.ថ្លែងថាក្រុមប្រឹក្សាសិទ្ធិមនុស្សជាឧបករណ៍នយោបាយ

ភ្នំពេញ ៖ លោក ណី សំអុល ឯកអគ្គ រាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានានៅទីក្រុងហ្សឺណែវបានចេញសេចក្ដីថ្លែងការណ៍មិនយល់ស្របទៅលើសម័យប្រជុំលើកទី៣៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដោយ ចាត់ទុកថា ជារូបភាពនយោបាយដើម្បី ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ អធិបតេយ្យ ។

លោក ណី សំអុល បានឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងកម្ពុជា ដែលថ្លែងដោយតំណាងប្រទេសណូវែលហ្សេឡង់ដោយលោកចាត់ទុកថា បានធ្វើ ខុសនឹងរបៀបវារៈរបស់សម័យប្រជុំលើកទី៣៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយត្រូវបានគេយកមកប្រើសម្រាប់វាយប្រហារ មកលើប្រទេសដទៃទៀតដើម្បីបម្រើផលប្រយោជន៍បែបឈ្លានពានមកលើប្រទេសអធិបតេយ្យដែលជាសមាជិកអង្គការសហ ប្រជាជាតិ ។

លោកឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គ ការអន្តរជាតិនានាថ្លែងថា ការវាយប្រហារលើប្រទេសកម្ពុជានៅក្នុងអង្គប្រជុំគឺខុស របៀបវាៈនៅមុនកិច្ចប្រជុំទៀងទាត់ក្នុងខែមិថុនាដែលកំណត់ដោយច្បាប់ ។

លោក ណី សំអុល បានសរសេរបំភ្លឺ ដែលមានខ្លឹមសារដូចខាងក្រោម៖

អ្វីដែលពុំធ្លាប់កើតមានពីមុនមកទាល់ តែសោះ ថ្ងៃនេះវាបានកើតឡើងហើយក្រុម ប្រឹក្សាសិទ្ធិមនុស្សកំពុងត្រូវបានគេប្រើ ជារូបភាពនយោបាយយ៉ាងធ្ងន់ធ្ងរ។ រដ្ឋា ភិបាលមួយចំនួនប្រើប្រាស់ក្រុមប្រឹក្សានេះ ជាឧបករណ៍នយោបាយដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់រដ្ឋនានារួមបញ្ចូលទាំង កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាផងដែរ។ បណ្តាពួកប្រទេសទាំងនោះបានរំលោភ បំពានដោយគ្មានស្ទាក់ស្ទើរសោះឡើយ ចំពោះបទដ្ឋាន ការអនុវត្ត និងគោលការណ៍ នៃក្រុមប្រឹក្សានេះ ។

ហេតុអ្វីបានជាគណៈប្រតិភូយើងខ្ញុំអះ អាងយ៉ាងដូច្នេះ? ទង្វើមិនស្មោះត្រង់ និង ភាពចម្លែកនៃសេចក្តីថ្លែងការណ៍រួមដែល ថ្លែងដោយណូវែលហ្សេឡង់ប្រឆាំងនឹង កម្ពុជាត្រូវបានរៀបចំឡើងដោយរំលោភ បំពានបទដ្ឋានទៀងទាត់របស់ក្រុមប្រឹក្សា នេះ។ ចំណុចទី២នៃរបៀបវារៈនៃអង្គប្រជំុំ ក្នុងថ្ងៃនេះ គឺស្តីអំពីរបាយការណ៍របស់ ឧត្តមស្នងការពាក់ព័ន្ធនឹងប្រទេសចំនួន៧ រួមមាន Burundi, Colombia, Cyprus, Guatemala, Honduras, Iran, Sri Langka គឺមិនមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា នោះទេដូចដែលត្រូវបានលើកឡើងដោយ ឧត្តមស្នងការរងលោកស្រី Kate Gilmore។ របាយការណ៍ពាក់ព័ន្ធនឹងកម្ពុជាគឺស្ថិតនៅ ក្នុងរបៀបវារៈទី១០ដែលនឹងត្រូវលើកយក មកពិភាក្សានៅថ្ងៃស្អែក ប៉ុន្តែហេតុអ្វីបាន ជាករណីខុសបែបបទប្រាសចាកនឹងការ អនុវត្តរបស់ក្រុមប្រឹក្សានេះកើតមានឡើង នៅពេលនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះវាអយុត្តិធម៌ណាស់ ចំពោះកម្ពុជា ហើយកម្ពុជាក៏មិនអាចទទួល យកបានដែរ ក្នុងពេលដែលចំណុចនៃ របៀបវារៈដែលត្រូវបានគេកំណត់រួចហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺពេលពិភាក្សា បែរជាលើកយកចំណុចផ្សេងមកជជែក ជំនួសទៅវិញ។ ត្រង់នេះវាមិនខុសអំពីអ្វី ដែលគេបានកំណត់នៅក្នុងសៀវភៅមុខ ម្ហូបថា ត្រីសាឌីន គឺនឹងត្រូវដាក់ជូនពិសា ប៉ុន្តែបែរជាត្រីធូសាត្រូវបានគេដាក់មកលើ តុធ្វើជាម្ហូបជំនួសវិញ ។

លើសពីនេះទៀតគណៈប្រតិភូយើងខ្ញុំ សូមប្រឆាំងដាច់អហង្ការរាល់កិច្ចប៉ុនប៉ង ខុសបែបបទក្នុងការរៀបចំឲ្យមានការ ពិភាក្សាអន្តរកិច្ចប្រជុំពាក់ព័ន្ធនឹងប្រទេស កម្ពុជានៅមុនកិច្ចប្រជុំទៀងទាត់ក្នុងខែ មិថុនាដែលសកម្មភាពនេះវារំលោភបំពាន សេចក្តីសម្រេចលេខ៣៦/៣២ដែលត្រូវ បានអនុម័តកាលពីឆ្នាំមុន ។

តើហេតុអ្វីបានជាគំនិតគួរឲ្យអស់ សំណើចបែបនេះត្រូវបានគេស្នើឡើង? េហតុផលគឺដោយសារតែប្រទេសកម្ពុជា នឹងមានរៀបចំការបោះឆ្នោតនៅខែកក្កដា ឆ្នាំនេះ ហើយក៏ព្រោះតែពួកគេចង់ឲ្យមាន ការផ្លាស់ប្តូររបប ពួកគេមានបេក្ខជនដែល ពួកគេបានសន្មតជាមុនដើម្បីថាជាអ្នកឈ្នះ នេះគ្រាន់តែជាការរៀបរាប់ខ្លះៗប៉ុណ្ណោះ។ ហេតុដូច្នេះហើយពួកគេគ្មានការអៀន ខ្មាសក្នុងការជ្រៀតជ្រែកចូលទៅក្នុងកិច្ច ការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ហើយ ជាពិសេសការជ្រៀតជ្រែកទាំងនេះធ្វើឡើងភ្លាមៗនៅមុនពេលការបោះឆ្នោតដែលនឹង ឈានមកដល់ក្នុងខែកក្កដានេះ ។

ហេតុដូច្នេះហើយកម្ពុជាសូមច្រាន ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ដែល មានចរិតនយោបាយបែបនេះដែលបង្កប់ ទៅដោយបំណងអាក្រក់ដើម្បីរារាំងកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការថែរក្សាការពារច្បាប់ សណ្តាប់ ធ្នាប់និងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរ ភាព និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ របស់ខ្លួន ៕ ហេង សូរិយា

 

លោក ណី សំអុល ឯកអគ្គ រាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ