ព័ត៌មានទាន់ហេតុការណ៍៖

១រអិលជើងធ្លាក់ទឹកលង់ស្លាប់ ១ទៀត​ឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ក្នុងថ្ងៃតែមួយ

ខេត្តស្វាយរៀង៖ រយះពេលតែមួយថ្ងៃ នៅខេត្តស្វយរៀងមានករណីមនុស្សស្លាប់២នាក់ ក្នុងករណី២កន្លែងផ្សេងគ្នា មួយនៅ ស្រុករំដួល ក្មេងប្រុសរអឹលជើងលង់ទឹកស្រះស្លាប់ មួយទៀតបុរសម្នាក់ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់នៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានប្រាប់កាសែតនគរវត្តឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទឹកស្រះនៅខាងលិចវត្តកែវមន្នីរ៉ាម ចម្ងាយ ១២០ម៉ែត្រ ក្នុងភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ដោយមានក្មេងប្រុសម្នាក់ឈ្មោះ នួន នីស្សា អាយុ 8ឆ្នាំមុខរបរសិស្សរស់នៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល បានដើរទៅកាត់ស្មៅជាមួយ និងយាយរបស់ខ្លួនគោលបំណងដើម្បីប្រមូលស្មៅឲ្យគោស៊ី ខណៈកំពុងកាត់ស្រាប់តែរអិលជើងធ្លាក់ទឹកស្រះ និងស្រែកឲ្យយាយឮដែរ ប៉ុន្តែអកុសលទម្រាំដឹងហួសពេលទៅហើយ បានត្រឹមតែយំសោកសង្រេងប៉ុណ្ណោះ ។

ករណីទី២ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការកៅស៊ូភូមិជាធាជ ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀងមានករណីឆក់ត្រីមានការធ្វេសប្រហេសភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ដោយបុរសរងគ្រោះ មានឈ្មោះម៉ុន សាវុត អាយុ24 ឆ្ឆ្នាំមុខរបរកសិករ រស់នៅភូមិថ្លុកព្រី ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង ឃុំខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុដោយបុរសរងគ្រោះ បានទៅរកត្រី ខណៈបានយកឧបករណ៍ឆក់ត្រី មកឆក់នៅក្នុងប្រឡាយចំណុច ចម្ការកៅស៊ូ​ របស់ម្ចាស់ឈ្មោះគង់ សារ៉ាន ប្រមាណជាកន្លះម៉ោង ពេលកំពុងឆក់ត្រី មានការធ្វេសប្រហែស ស្រាប់តែភ្លាត់ស្នៀតចៃដន្យ បណ្តាលឲ្យឆក់ត្រូវខ្លួនឯងស្លាប់គ្មានអ្នកដឹង ។

ក្រោយមកសមត្ដកិច្ចមូលដ្ឋាន ក៏ដូចជានគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យជាច្រើនម៉ោងទើប បញ្ជាក់​ថាពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនពិតមែន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន