ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្ដីប្រពន្ធ បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បានធ្វើដំណើររួមជាមួយប្រពន្ធក្នុងរថយន្តមួួយគ្រឿងម៉ាកឡិចស៊ីសLX470 ក្នុងល្បឿនលឿន និងមិនប្រុងប្រយ័ន្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្កកល់ជាប់ទ្រូងផ្លូវទៅមុខលេងរួច និងរងការខូចខាតផ្នែកខាងយ៉ាងដំណំផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមខ រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AG-1902 ដែលបើកបរដោយបុរសម្នាក់ រួមជាមួយនិងស្ត្រីម្នាក់ជាប្រពន្ធបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម (ក្បាលនាគ) បាក់អស់១កង់ រីឯរថយន្តបង្កវិញបានកល់ជាប់ជាមួយទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស ។

ក្រោយកើតហេតុ ប្ដីប្រពន្ធ២នាក់ដែលជាម្ចាស់រថយន្តបង្កបានទុករថយន្តចោល ហើយគេចចេញពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕ ភារ៉ា ដង្កោ