ព័ត៌មានទាន់ហេតុការណ៍៖

៥ខែ ឆ្នាំ២០១៧ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន១០៦គីឡូក្រាម ឃាត់ជនសង្ស័យ៨.១៩៦នាក់

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន១០៦គីឡូក្រាម និងឃាត់ជនសង្ស័យចំនួន៨.១៩៦នាក់ ក្នុងនោះដែរ កម្លាំងជំនាញបានផ្សព្វផ្សាយអប់រំដល់មហាជនជាង៣លាននាក់។

ការលើកឡើងបែបនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍កែ គឹមយ៉ាន អញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកការងារគ្រឿងញៀន, លោក ឃួង ស្រេង អភិបាលរងរាជធានី ភ្នំពេញប្រធានសាលាដំបូងរាជធានី ភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ ដែលបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ ពិធីនេះក៏មានការដុតកម្ទេចចោលថ្នាំញៀនជាច្រើនគីឡូក្រាមផងដែរ ។

NKD-36x6_outline

នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថាជាលទ្ធផលក្នុងរយៈពេលជាង៥ខែកន្លងទៅនេះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលលទ្ធផលគួរជាទីមោទនៈ ។ ក្នុងនោះ អនុវត្តផ្សព្វផ្សាយ អប់រំដល់មហាជនសរុប៣.២៧៨.៩៩៧ នាក់, បង្ក្រាបបទល្មើសសរុប៣.៦៥៣ ករណី ឃាត់ខ្លួនជនសង្ស័យ ៨.១៩៦នាក់ រឹបអូសសារធាតុញៀនទម្ងន់១០៦.២៦៩គីឡូក្រាម កញ្ឆាក្រៀមទម្ងន់១៣.៥៧៨ គីឡូក្រាម និងដើមកញ្ឆា១៤០.៤០០​ដើម។

ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញរឹបអូសបានសម្ភារមួយចំនួនដូចជា រថយន្ត ៤៩គ្រឿង ម៉ូតូ៧៨១គ្រឿង ទូរស័ព្ទដៃ ២.៤០២គ្រឿង ជញ្ជីងថ្លឹង១៧៥គ្រឿង កាំភ្លើងខ្លី៤ដើម និងកាំភ្លើងវែង៣ដើម។

លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុង ប្រតិបត្តិការបង្ក្រាបនេះដែរកម្លាំងជំនាញបានអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ មកស្ដាប់ការណែនាំចំនួន១១.៣៤៤នាក់ ក្នុងនោះកម្លាំងជំនាញបានបិទអាជីវកម្ម ពាក់ព័ន្ធគ្រឿងញៀន៥កន្លែងផងដែរ។ អនុវត្តការងារព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាពនិងមណ្ឌល​បណ្ដោះអាសន្ន ប្រមាណជិត ៣ពាន់នាក់៕ សុខដុម