ព័ត៌មានទាន់ហេតុការណ៍៖

“​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​”​ របស់​My​ TV​ មិន​គួរ​យក​ទឹកភ្នែក​Allen​ ជា​ការ​លេងសើច​

​ភ្នំពេញ​ ៖​ បើ​ទោះជា​កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ My​ TV​ នា​រាត្រី​ថ្ងៃអាទិត្យ​ ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៥​ មានឈ្មោះ​ថា​ “​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ ថ្ងៃអាទិត្យ​”​ បាន​កន្លង​ផុត​ទៅ​នោះ​ក៏​ដោយ​ ប៉ុន្តែ​ដំណក់ទឹកភ្នែក​របស់​ក្មេង​ស្រី​ Allen​ បាន​ឆក់​អារម្មណ៍​បង្ហាញ​ពី​ក្តី​ក្តុកក្តួល​អាណិត​ដ៏​ពន់ពេក​ចំពោះ​ ទឹកចិត្ត​មនោសញ្ចេតនា​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​រវាង​ប្អូនស្រី​ Allen​ ទៅ​លើ​មាតា​របស់​ខ្លួន​ ដែល​បាន​ ឃ្លាតឆ្ងាយ​បាត់​មុខ​ពី​ប្អូនស្រី​ចំនួន​១៣​ឆ្នាំ​នោះ​ ។​

​អ្នកស្រី​ ខេ​ង​ សុ​ឃៀង​ ដែល​ជា​អាជីវករ​លក់​គ្រឿង​ដែក​បាន​និយាយ​ថា​ មិន​គួរ​ណា​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​ អ្នក​រៀបចំ​កម្មវិធី​បង្កើត​នូវ​ភាព​មិន​គ​ម្បី​ ហ៊ាន​យក​ទឹកភ្នែក​ របស់​អ្នក​ដទៃ​មក​ធ្វើ​ជា​ឈុត​ឆាកកំប្លែង​របស់​ខ្លួន​ ដោយ​ពុំ​បាន​គិត​ទៅ​ដល់​ទុក្ខ​អ្នក​ដទៃ​ ។​

​អ្នកស្រី​បន្ត​ថា​ ទាំង​អ្នក​រៀបចំ​កម្មវិធី​ ទាំង​ពិធីករ​ អ្នក​គួរតែ​មានការ​គិតពិចារណា​បន្តិច​មើល​?​ ប្រសិនបើ​ អ្នក​មិន​ធ្លាប់​បាន​សម្រក់​ទឹកភ្នែក​ ខ្ញុំ​ជឿ​ថា​ អ្នក​ទាំងអស់​គ្នា​ពិតជា​ពុំ​បានដឹង​ពី​ទុក្ខសោក​របស់​អ្នក​ដទៃ​ មាន​ទំហំ​ប៉ុណ្ណា​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​សង្គម​រួម​ទាំង​ក្រុម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផង​ដែរ​ មិន​ត្រឹមតែ​មិន​គាំទ្រ​កម្មវិធី​នេះ​ទេ​ ពួក​គេ​បាន​ប្រើ​ពាក្យ​យ៉ាង​ធ្ងន់ៗ​វាយប្រហារ​មក​លើ​ពិធីករ​ អ្នក​រៀបចំ​កម្មវិធី​ស្ទើរតែ​១៨០​អង្សា​ និង​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ អាណិត​ គាំទ្រ​ចំពោះ​ទឹកចិត្ត​ប្អូនស្រី​ Allen​ ពិតជា​មិន​អាច​ឃ្លាតឆ្ងាយ​មនោ​ ស​ញ្ចេ​ត​នា​ពី​ម្តាយ​ដែល​ជា​អ្នក​ផ្តល់​កំណើត​ឲ្យ​នាង​ ។​ បើ​ទោះជា​រយៈពេល​១៣​ឆ្នាំ​ បាន​រសាយ​រសាត់​ បាត់​ស្រមោល​ដ៏​សូន្យឈឹង​ ប្អូនស្រី​ពុំ​បានដឹង​អំពី​សុខទុក្ខ​ និង​ឃើញ​មុខមាត់​ រាង​កាយ​របស់​ម្តាយ​ បែប​ណា​ក៏​ដោយ​ ប៉ុន្តែ​ពេល​ដែល​ឮ​ថា​ ម្តាយ​របស់​នាង​នឹង​បាន​វិល​ត្រឡប់​មក​ជួប​ក្នុង​រាត្រី​នោះ​ នាង​ បាន​បង្ហើ​នូវ​ពាក្យ​ទាំង​ក្តុកក្តួល​ក្នុង​ចិត្ត​ជាមួយ​តំណក់ទឹកភ្នែក​ថា​ “Allen​ ដឹង​ថា​ម៉ាក់​ស្រឡាញ់​ Allen…​ ពេល​ខ្ញុំ​ជួប​ ខ្ញុំ​នឹង​ឱប​ម៉ាក់​ ហើយ​ប្រាប់​គាត់​ថា​ Allen​ស្រឡាញ់​ម៉ាក់​ខ្លាំង​ណាស់​”​ ។​ ផ្ទុយ​ទៅ​វិញ​ក្តី​សង្ឃឹម​ ក្នុង​រយៈពេល​១៣​ឆ្នាំ​ ដែល​នឹង​ត្រូវ​វិល​ត្រឡប់​ដល់​ប្អូនស្រី​ឲ្យ​បាន​ជួប​អ្នកមាន​ គុណ​ សម្រាប់​រាត្រី​ថ្ងៃអាទិត្យ​ក្នុង​ ”​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ ថ្ងៃអាទិត្យ​”​ នៃ​ស្ថានីយទូរទស្សន៍​MyTV​ បាន​ បង្កើត​កម្មវិធី​ពិសេស​ ដើម្បី​អបអរសាទរ​ទិវា​គុណមាតា​ពិភពលោក​ បាន​ក្លាយជា​ក្តី​ឈឺ​ចុកចាប់​កាន់តែ​ ធ្ងន់ធ្ងរ​ជា​មុន​ ។​ មិន​ត្រឹមតែ​ប្អូនស្រី​មិន​បាន​ជួប​មុខ​អ្នក​មានគុណ​ប៉ុណ្ណោះ​ទេ​ អ្នក​រៀបចំ​កម្មវិធី​ និង​ពិធីករ​កាន់តែ​បង្កើន​ទម្ងន់​នៃ​ក្តី​នឹករលឹក​ ក៏​ដូច​ជា​ផ្តល់​សម្រាប់​ការ​ឈឺ​ចុកចាប់​មក​លើ​នាង​ នោះ​ទៅ​ វិញ​ ។​

​អ្នកស្រី​ អៀម​ ផា​រី​រ័​ត្ន​ ជា​គ្រូបង្រៀន​ម្នាក់​បាន​និយាយ​ថា​ ទិវា​អបអរសាទរ​គុណមាតា​ពិភពលោក​ ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៥​ គឺ​បុត្រា​ បុត្រី​លើ​ពិភពលោក​ ក្នុង​នោះ​គេ​សង្កេត​ឃើញ​បុត្រា​បុត្រា​ដ៏​ ច្រើន​លើសលប់​នៅ​កម្ពុជា​ ពួក​គេ​បាន​បង្ហាញ​ពី​ទឹកចិត្ត​ដឹក​គុណ​ ស្រឡាញ់​មាតា​ ដែល​បាន​ផ្តល់​ កំណើត​ឲ្យ​ពួក​គេ​ អ្នក​ខ្ល​ឱប​ថើប​ ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ អ្នកខ្លះ​ជូន​បាច់ផ្កា​ដើម្បី​ឲ្យ​ម្តាយ​ទទួល​ យក​ដោយ​ក្តី​ញញឹម​ ហើយ​ជូនពរ​ដល់​កូន​ជួប​តែ​សំណាងល្អ​សុភមង្គល​អស់​មួយ​ជីវិត​ ។​ អ្នកខ្លះ​ទៀត​ ភាគច្រើន​ជា​កូន​អ្នកមាន​ធនធាន​ ក្នុង​ថ្ងៃ​នោះ​ពួក​គេ​បាន​បង្កើត​កម្មវិធី​ដ៏​សែន​រន្ធត់​មួយ​ដើម្បី​ឲ្យ​ម្តាយ​ ក្នុង​មាន​ជា​អ្នក​មានគុណ​រំភើប​ក្នុង​ចិត្ត​ ផ្តល់​ក្តី​ស្រឡាញ់​មក​លើ​កូន​ និង​ពិតជា​ទទួលស្គាល់​ថា​ កូនៗ​ ទាំងអស់​នៅ​តែ​ស្រឡាញ់​ម្តាយ​ដដែល​ ។​ ដោយឡែក​កូន​អ្នកស្រែ​កសិករ​មួយ​ចំនួន​បើ​ទោះជា​ពួក​គាត់​ ពុំ​មាន​សមត្ថភាព​រក​របស់​ដ៏​មាន​តម្លៃ​ ដើម្បី​ជូន​អ្នក​ម្តាយ​ជា​ការ​ដឹងគុណ​ក៏​ដោយ​ ប៉ុន្តែ​ថ្ងៃ​នោះ​អ្នកខ្លះ​បាន​បំពេញការងារ​នឿយហត់​ នូវ​ការងារ​អ្វី​ដែល​អ្នក​មានគុណ​ចង់បាន​ ។​

​ដូច្នេះ​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​ ខណៈ​ដែល​អ្នក​រៀបចំ​កម្មវិធី​ ពិធីករ​បាន​យក​ទឹកភ្នែក​ប្អូនស្រី​ Allen​ ធ្វើ​ជា​ការ​លេងសើច​ សប្បាយ​នា​រាត្រី​នោះ​កុំ​ថា​ឡើយ​តែ​ប្អូនស្រី​ Allen​ បាន​បង្ហួរ​ទឹកភ្នែក​ដោយ​ មិនដឹង​ខ្លួន​ និយាយ​ទាំង​ក្តី​ក្តុកក្តួល​ស្ទើរ​មិន​ចេញ​សំឡេង​ អរ​និង​រន្ធត់​ពេក​ថា​បាន​ជួប​អ្នក​មានគុណ​ ក្នុង​ នោះ​សូ​ម្បី​តែ​ទស្សនិកជន​ជា​ច្រើន​នាក់​ ពិតជា​រំជើបរំជួល​ក្នុង​ចិត្ត​ និង​បង្ហាញ​ពី​ការ​អបអរសាទរ​ឲ្យ​ប្អូន​ ស្រី​ Allen​បាន​ជួប​អ្នក​មានគុណ​ក្នុង​កម្មវិធី​នោះ​ ហើយ​ទស្សនិកជន​ក៏​ទន្ទឹង​មើល​ដោយ​អន្ទះសា​ផង​ដែរ​ ថា​ តើ​ប្អូនស្រី​ Allen​ដែល​មាន​សម្រស់​រូបឆោម​ដ៏​ស្អាត​ គួប​ផ្សំ​ជាមួយ​សំឡេង​ដ៏​ក្រអួន​ នាង​មាន​ម្តាយ​ មុខមាត់​ដូច​ជា​នាង​ដែរ​ឬទេ​?​ ហើយ​ប្អូ​ស្រី​ Allen​ក៏​បា​និយាយ​ផង​ដែរ​ថា​ “​ម៉ាក់​ Allen​ស​ និង​មុខមាត់​ដូច​ Allen​បេះបិទ​”​ ។​ សម្តី​ទាំងនេះ​ហើយ​កាន់តែ​ជំរុញ​ឲ្យ​ទស្សនិកជន​តាមដាន​ដោយ​មិន​ដាក់​ភ្នែក​ និង​ឲ្យ​ តម្លៃ​ទៅ​លើ​អ្នក​រៀបចំ​កម្មវិធី​ ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​ មានគំនិត​គិតពិចារណា​ខ្ពស់​ស្វះ​ស្វែងរក​កម្ម​ វិធី​ល្អៗ​ដែល​មិន​ធ្លាប់​មាន​ ហើយ​ក៏​ជា​ក្តី​សុបិន​ក្លាយជា​ការ​ពិត​សម្រាប់​ Allen​ដែល​បាន​បែក​ពី​អ្នកមាន​ គុណ​រយៈពេល​១៣​ឆ្នាំ​មក​នោះ​ ។​ ចុង​ក្រោយ​កម្មវិធី​បាន​ក្លាយទៅជា​កម្មវិធី​គ្មាន​ន័យ​ និង​យក​ទឹកភ្នែក​ អ្នក​ដទៃ​ធ្វើ​ជា​ល្បែង​លេងសើច​ ឲ្យ​ទស្សនិកជន​ខកចិត្ត​ និង​ធ្វើ​ឲ្យ​ប្អូនស្រី​ Allen​កាន់តែ​មានទុក្ខ​សោក​ ធ្ងន់ធ្ងរ​ថែម​ទៀត​ ។​

​ពាក់​ព័ទ្ធ​ទៅ​នឹង​កម្មវិធី​មិន​សមរម្យ​នេះ​ ក្រុមការងារ​ ”​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​”​ នៃ​ស្ថានីយ​ ទូរទស្សន៍​My​ TV​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ជូន​ចំពោះ​ប្អូនស្រី​ Autumn​ Allen​ និង​ក្រុម​គ្រួសារ​ ដោយ​ លើក​ឡើង​ថា​ ក្រុមការងារ​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​ មានការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ កំហុស​ដោយ​អ​ចេតនា​ ដែល​កើត​មាន​ឡើង​ក្នុង​កម្មវិធី​នេះ​ និង​ដែល​បាន​ធ្វើ​ឲ្យ​ប្អូនស្រី​ Allen​ រន្ធត់​ចិត្ត​ រហូត​ស្រក់​ទឹកភ្នែក​ និង​មានការ​ខកចិត្ត​ចំពោះ​ក្តី​រំពឹង​ទុក​ថា​ នឹង​បាន​ជួប​ម្តាយ​ដែល​បាន​បែក​គ្នា​រយៈ​ ពេល​១៣​ឆ្នាំ​មក​ហើយ​ ។​ ក្រុមការងារ​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​ មានការ​សោកស្តាយ​ជា​ខ្លាំង​ ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​នេះ​ ហើយ​យើងខ្ញុំ​ក៏​សូម​អភ័យទោស​ចំពោះ​ប្អូនស្រី​ និង​ក្រុម​គ្រួសារ​ របស់​ប្អូនស្រី​ ព្រមទាំង​សាធារណជន​ទាំងឡាយ​ផង​ដែរ​ ។​ ដើម្បី​បញ្ជាក់​អំពី​សណ្តាន​ចិត្ត​ស្មោះត្រង់​ ក្រុមការងារ​កម្មវិធី​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​គេហដ្ឋាន​របស់​ប្អូនស្រី​ Allen​ ដើម្បី​ សុំ​អភ័យទោស​ដោយ​ផ្ទាល់​ចំពោះ​ប្អូនស្រី​ និង​ក្រុម​គ្រួសារ​របស់​ប្អូនស្រី​ផង​ដែរ​ ។​

​បើ​ទោះជា​រឿង​នេះ​បាន​កន្លង​ផុត​ទៅ​ ហើយ​ការ​ចេញ​លិខិត​សុំ​ទោស​ និង​ត្រូវ​បាន​បំពេញ​ចំពោះ​ប្អូនស្រី​ Allen​ ប៉ុន្តែ​មតិ​មហាជន​រួម​ទាំង​ក្រុម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ច្រើន​បាន​លើក​ឡើង​ថា​ កម្មវិធី​ខ្លះ​របស់​ស្ថានីយទូរទស្សន៍​ភាគច្រើន​អ្នក​រៀបចំ​កម្មវិធី​ហាក់ដូចជា​ផ្តល់​ឱកាស​ឲ្យ​ពិធីករ​ ពិធី​ការិនី​ ដែល​មាន​សម្រស់​ដើម្បី​ចេញ​វោហា​ ប៉ុន្តែ​ពុំ​បាន​គិត​អំពី​សមត្ថភាព​ចំណេះដឹង​ និង​កម្រិត​នៃ​ការ​អប់រំ​ នោះ​ទេ​។​ បញ្ហា​ទាំង​អស់នេះ​ហើយ​កំពុង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​សង្គម​ ៕​ សុខ​ ខេមរា​

1

2

3

4

5

6