ខេត្ដបន្ទាយមានជ័យៈ រថយន្ដតូច១គ្រឿងបានឆេះរោលរាលស្ទើរទាំងស្រុង បង្កឡើងដោយការឆ្លងប្រព័ន្ធភ្លើង នៃ ការតភ្ជាប់ហ្គាស កាលម៉ោងជាង១២ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ តាមផ្លូវ ជាតិលេខ៥៦អា នៅត្រង់ភូមិខ្លែងពណ៌ ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខណៈ ដែលរថយន្ដនោះ កំពុងដឹកអ្នកជំងឺទៅមន្ទីរពេទ្យ។
លោក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេកបានឱ្យដឹង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ថា ខណៈកំពុងបើកបររថយន្ដតូចម៉ាកតូយ៉ូតាកាមរីពាក់ ស្លាកលេខភ្នំពេញ២C-៨៨២៥ ដែលមានធុរៈបន្ទាន់ដឹកអ្នកជំងឺ ទៅមន្ទីរពេទ្យ ។
លោក ជា ស្លូញ បាននិយាយបន្ដថា អ្នកបើកបររថយន្ដ ឈ្មោះ ហឿ ពេច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក។
អ្នកបើកបរបាននិយាយថា រថយន្ដនេះ បើកបរដល់ចំណុចខាងលើក៏បាន ឆ្លងប្រព័ន្ធភ្លើងបង្កឱ្យរាល ឆាបឆេះសន្ធោសន្ធៅតែម្ដង។
សូមបញ្ជាក់ថា ក្នុងរថយន្ដមានអ្នករួមដំណើរ៥នាក់ ក្នុងនោះមានអ្នកជំងឺ ម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជា បន្ទាន់ផង ប៉ុន្ដែអ្នកនៅក្នុងរថយន្ដទាំងអស់ពុំមានគ្រោះថ្នាក់អ្វីទេ៕