ព័ត៌មានទាន់ហេតុការណ៍៖

​ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចច្រកបឹងត្រកួនឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង

ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗសមត្ថកិច្ចប្រចាំច្រកបឹងត្រកួនឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃតាមច្រកនេះរាប់រយតោន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះត្រូវប្រជាពលរដ្ឋកាប់ឈើដុតជាធ្យូងទុកលក់ឲ្យឈ្មួញដែលប្រមូលទិញធ្យូងនាំចេញទៅស្រុកសៀម តាមច្រកតំបន់បឹងត្រកួន។ បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន បានឲ្យដឹងថា ក្នុងមួយថ្ងៃៗឈ្មួញដឹកជញ្ជូនធ្យូងតាមរថយន្តធុនធំ តាមត្រាក់ទ័រ និងតាមគោយន្តពីទឹកដីខ្មែរចូលទឹកដីថៃយ៉ាងរលូន ព្រោះមានការសម្របសម្រួលពីសមត្ថកិច្ចច្រើនស្ថាប័នប្រចាំច្រកបឹងត្រកួននេះ។ ប្រភពបានឲ្យដឹងថា មានមន្ត្រីខ្មែរឈ្មោះ ចេត សោត និង ឈ្មោះ ដេត ព្រមទាំងមន្ត្រីប្រចាំច្រកព្រំដែនមួយចំនួនទៀត គឺជាអ្នករត់ការបើកផ្លូវឲ្យឈ្មួញខ្មែរដឹកជញ្ជូនធ្យូងចេញតាមច្រកតំបន់បឹងត្រកួន ទៅលក់ឲ្យឈ្មួញសៀម តាមអំពើចិត្ត។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនធ្យូងពីទឹកដីខ្មែរទៅលក់ឲ្យឈ្មួញសៀមតាម តំបន់ព្រំដែនយ៉ាងរាលដាលដូចសព្វថ្ងៃនេះឡើយ។

មន្ត្រីអាជ្ញាធរមូលដ្ឋាននៅតំបន់ច្រកបឹងត្រកួន បានឲ្យដឹងថា បច្ចុប្បន្នលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែពីរឿង ប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះឈ្មួញ សម្រុកដឹកធ្យូងចេញទៅប្រទេសថៃតាម ច្រកបឹងត្រកួន ក្នុងមួយថ្ងៃៗរាប់រយតោនហើយឈ្មួញខ្លះទៀតបានដឹកជញ្ជូនធ្យូង ចេញទៅស្រុកសៀមតាមច្រករបៀងប្រាសាទត្បែងផងដែរព្រោះមានការឃុបឃិតជា ប្រព័ន្ធ៕