ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​បុរស​ម្នាក់​ក្រោយ​ពេល​ធ្វើ​ ខួបកំណើត​ឱ្យ​សង្សារ​រួច ​វាយ​នារី​បម្រើ​ក្នុង​ហាង​ខារ៉ាអូខេ​ឱ្យ​របួស​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ខណៈ​ធ្វើ​ពិធី​ ជប់លៀង​ឱ្យ​ស្រី​ស្នេហ៍​ក្នុង​ហាង​ខារ៉ាអូខេ​មី​លី​នែរ​ ស្រាប់តែ​ខឹង​នារី​ខារ៉ាអូខេ​ម្នាក់​ រហូត​ដល់​ស្ទុះ​ទៅ​វាយ​និង​ដក​កាំភ្លើងខ្លី​ ភ្ជង់​តែ​ត្រូវ​នាង​ប្ដឹង​មន្ដ្រី​កង​រាជ​អាវុធ​ ហត្ថ​ខណ្ឌ​ជ្រោយចង្វា​ឱ្យ​ចាប់ខ្លួន​ហើយ​ ពេល​ឆែកឆេរ​ក្នុង​រថយន្ដ​បុរស​នេះ​សមត្ថ​ កិច្ច​បាន​រក​ឃើញ​គ្រាប់កាំភ្លើង​ម៉ាក​រ៉ូ​ឡូ​ចំនួន​៣​គ្រាប់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ ហាង​ខារ៉ាអូខេ​មី​លី​នែរ​ បន្ទប់​លេខ​១១៨​ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​កៀន​ឃ្លាំង​ សង្កាត់​ -​ខណ្ឌ​ជ្រោយចង្វា​ ។​
​មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយ​ ចង្វា​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​បង្ក​ របួស​ស្នាម​ខាងលើ​ឈ្មោះ​ សុខ​ សាន​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​រថយន្ដ​ រស់នៅ​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា​ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ សាល​ អាយុ​ ៣១​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​។​
​ចំណែក​នារី​ជា​សង្សារ​ឈ្មោះ​ ពិសី​ អាយុ​ជាង​២០​ឆ្នាំ​ ធ្វើការ​ជា​បុគ្គលិក​នៅ​ ហាង​ខារ៉ាអូខេ​វ៉ា​ស៊ី​ន​តោន​ ស្នាក់​នៅ​ បន្ទប់​ជួល​ក្នុងភូមិ​កៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។​ រីឯ​នារី​រង​គ្រោះ​មាន​ ឈ្មោះ​ ឌា​ន​ ចាន់​ណា​ អាយុ​២២​ឆ្នាំ​ បម្រើ​ ការងារ​នៅ​ហាង​ខារ៉ាអូខេ​វ៉ា​ស៊ី​ន​តោន​ជា​មិត្ដភក្ដិ​របស់​នារី​ឈ្មោះ​ពិសី​ជា​សង្សារ​ ឈ្មោះ​សុខ​ សាន​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​ដៃដល់​ រួម​ទាំង​មិត្ដភក្ដិ​ប្រមាណ​ជា​១០​នាក់​បាន​នាំ​គ្នា​ធ្វើ​ពិធី​ខួបកំណើត​ឱ្យ​សង្សារ​របស់​ គេ​ឈ្មោះ​ពិសី​ដែល​ជា​មិត្ដភក្ដិ​របស់​នារី​ រង​គ្រោះ​នៅ​ក្នុង​បន្ទប់​លេខ​១១៨​ ក្នុង​ ហាង​ខារ៉ាអូខេ​មី​លី​នែរ​។​ លុះ​ពេល​ផឹក​ ស្រវឹង​ជន​ដៃដល់​បាន​ដក​កាំភ្លើងខ្លី​មិន​ ស្គាល់​ម៉ាក​ដាក់​លើ​តុ​ហើយ​ភ្ជង់​គំរាម​ នារី​រង​គ្រោះ​ដោយ​ទុក​ឱកាស​ឱ្យ​មិត្ដភក្ដិ​ របស់​ជន​បង្ក​ម្នាក់​ទៀត​ឈ្មោះ​សាល​ស្ទុះ​ ទៅ​វាយ​នារី​រង​គ្រោះ​។​ ពេល​នោះ​នាង​ និយាយ​ថា​ ហេតុ​អី​បានជា​មក​វាយ​ខ្ញុំ​ ខ្លួន​ ជា​ប្រុស​អី​ក៏​ថោក​ម្ល៉េះ​?​ ពេល​នោះ​ជន​ ទាំង​២​នាក់​ដោយ​ម្នាក់ៗ​កាន់​ដប​និង​កែវ​ស្រា​បម្រុង​គប់​មក​លើ​នាង​និង​ព្រួត​គ្នា​ វាយ​នាង​រហូត​មាន​របួស​ហើយ​ឈ្មោះ​ សុខ​ សាន​ ថែម​ទាំង​ដក​កាំភ្លើង​ ខ្លី​ភ្ជង់​ បម្រុង​បាញ់​នាង​ថែម​ទៀត​ តែ​ត្រូវ​មិត្ដភក្ដិ​ ចាប់​ចេញ​ក្រៅ​ហើយ​នាំ​គ្នា​គេចខ្លួន​អស់​។​

​មន្ដ្រី​កងរាជអាវុធហត្ថ​ដដែល​បានឱ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​នារី​រង​ គ្រោះ​បាន​ទៅ​ប្ដឹង​មន្ដ្រី​អាវុធហត្ថ​ខណ្ឌ​ ជ្រោយចង្វា​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​ បង្ក​ហើយ​ពេល​ទៅ​ដល់​បន្ទប់​របស់​នាង​ពិសី​ក៏​ឃើញ​ជនសង្ស័យ​ដេក​ក្នុង​បន្ទប់​ ទើប​ចាប់​ឆែកឆេរ​ក្នុង​បន្ទប់​និង​រថយន្ដ​ រក​ឃើញ​គ្រាប់​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​ចំនួន​៣​គ្រាប់​នៅ​ក្នុង​រថយន្ដ​ មែរ​សឺ​ដេ​ស​ពណ៌​ ខ្មៅ​ពាក់​ស្លាក​លេខ​2L-1666​ របស់​ ជន​ សង្ស័យ​ដែល​ជ្រុះ​លើ​កៅអី​ ។​
​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​ កាំភ្លើង​នោះ​មិនមែន​ជា​ របស់​ខ្លួន​ទេ​តែ​ជា​របស់​មិត្ដភក្ដិ​របស់​ខ្លួន​ធ្វើការ​នៅ​ខេត្ដព្រះវិហារ​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​បញ្ជូន​ បន្ដ​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕
56(4)

57(2)