ព័ត៌មានទាន់ហេតុការណ៍៖

​ជិះទូក​រាយ​មង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​តាម​រក​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​ទឹក​

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​ប្រាប់​ ប្រពន្ធ​ថា​ជិះទូក​ទៅ​រាយ​មង​នៅ​តាម​ដង​ទន្លេសាប​បន្ទាប់​ពី​ទៅ​បាត់​ជា​ច្រើន​ម៉ោង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ប្រពន្ធ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​តាម​រក​និង​ចុះ​រាវរក​ ឃើញ​សាកសព​នៅ​បាតទន្លេ​សាប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ៥​ល្ងាច​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ តាម​ដង​ទន្លេសាប​ ស្ថិត​ក្នុងភូមិ​តា​ពៅ​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ។​

​មន្ដ្រី​នគរបាល​ស្រុក​ពញាឮ​បានឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ យ​ន​ សុភា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជា​ កសិករ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ជ្រោយ​ សំបួរ​ ឃុំ​កោះ​ចិន​ ស្រុក​ពញ្ញា​ឭ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្រាប់​ ក្រុម​គ្រួសារ​និង​ប្រពន្ធ​ថា​ជិះទូក​ទៅ​រាយ​មង​នៅ​តាម​ដង​ទន្លេសាប​។​ និយាយ​រួច​ ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពីផ្ទះ​ទេ​ម្នាក់ឯង​បាត់​ទៅ​ ។​ បន្ទាប់​ពី​ទៅ​បាត់​ជា​ច្រើន​ ម៉ោង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ប្រពន្ធ​និង​ក្រុម​គ្រួសារ​មានការ​សង្ស័យ​ក៏​បាន​នាំ​គ្នា​តាម​រក​ជន​រង​គ្រោះ​នៅ​តាម​ ដង​ទន្លេសាប​ ខណៈ​ទៅ​ដល់​ចំណុច​កើត​ ហេតុ​បាន​ប្រទះ​ឃើញ​ទូក​ដែល​ជន​រង​ គ្រោះ​ជិះ​អណ្ដែត​តាម​ខ្សែទឹក​ធ្វើ​ឱ្យ​ក្រុម​ គ្រួសារ​កាន់តែ​មានការ​សង្ស័យ​ថែម​ ទៀត​ក៏​បាន​នាំ​គ្នា​មុជទឹក​រាវរក​នៅ​បាត​ ទន្លេ​រហូត​ប្រទះ​ឃើញ​សាកសព​ជន​រង​ គ្រោះ​តែ​ម្ដង​ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេក​ ទេស​និង​វិទ្យាសាស្ដ្រ​បាន​សន្និដ្ឋាន​ថា​ ជន​ រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​ ហើយ​ធ្លាក់​ពីលើ​ទូក​ចូល​ទឹក​លង់​ស្លាប់​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ​។​

​ក្រោយ​ពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​ នគរបាល​បាន​ប្រគល់​សាកសព​ជន​រង​ គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស្អាង​ជ័យ​

20151222193726