ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​៤​នាក់​យក​កាំភ្លើង​វាយ​ក្បាល​សន្លប់​ស្ដូកស្ដឹង​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ ក្រុម​ជន​មិន​ស្គាល់​មុខ​១​ក្រុម​ជិះ​ម៉ូតូ​២​ គ្រឿង​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​មក​ស្ទាក់​វាយ​ក្បាល​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ខណៈ​ដែល​ជន​រង​ គ្រោះ​កំពុង​ដើរ​តាម​ដងផ្លូវ​តែ​ម្នាក់ឯង​ ហើយ​បន្ទាប់​ពី​បង្កហេតុ​រួច​ក្រុម​ជន​ ដៃដល់​ទាំងនោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ស្រមោល​តែ​ម្ដង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ មុខ​វត្ដថា​ន់​ តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ សុធារស​ ស្ថិត​ក្នុង​សង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ទឹម​ រស់​ ភេទ​ ប្រុស​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​១៨​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ដើរ​ តាម​បណ្ដោយ​ផ្លូវ​សម្ដេច​សុធារស​ ក្នុង​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តែ​ម្នាក់ឯង​ ។​ ខណៈ​មក​ដល់​ចំណុច​មុខ​វត្ដថា​ន់​ ក៏​ស្រាប់​ តែ​លេចមុខ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​៤​ នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​ FTR​ មិន​ចាំ​ស្លាក​លេខ​ និង​មួយ​គ្រឿង​ ទៀត​ ម៉ាក​ហុងដា​សេ​១២៥​ មិន​ចាំ​ ស្លាក​លេខ​ បាន​ជិះ​មក​ក្បែរ​បុរស​រូប​នេះ​ ហើយ​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល​ម៉ាក​ មួយ​ដើម​មក​វាយ​ក្បាល​ ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង​ ។​

​សាក្សី​ដដែល​បាន​បន្ដ​ថា​ បន្ទាប់​មក​ ជន​ដៃដល់​ទាំង​៤​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ គេចខ្លួន​បាត់​ស្រមោល​ទៅ​។​ ក្រោយ​ ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ មូលដ្ឋាន​បាន​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ​ហើយ​បាន​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​ ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ គឺជា​ករណី​គំនុំ​ ដោយសារ​តែ​ជន​ដៃដល់​មិន​បាន​យក​ទ្រព្យ​ នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​នោះ​ទេ​ ៕

​ចាន់​ធឿ​ន​

Chan-Th001