ព័ត៌មានទាន់ហេតុការណ៍៖

​ប្រពៃណី​បុណ្យដារលាន​ឬ​បុណ្យ​ដារ​ភូមិ​របស់​ប្រជា​កសិករ​ជា​អ្វី​?

​ខេត្ដកណ្ដាល​ ៖​ បុណ្យដារលាន​ដែល​ ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​និយម​ ហៅ​ថា​បុណ្យ​ដារ​ភូមិ​ពិធីបុណ្យ​មួយ​នេះ​ គេ​ប្រារឰ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ចំពោះ​កសិករ​។​ ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៦​ កសិករ​នៅ​ភូមិ​ឃ្មត់​ ឃុំ​បារ​ គូ​ ស្រុក​ណ្ដា​ល​ស្ទឹង​ ខេត្ដកណ្ដាល​ បាន​ មូលមតិ​គ្នា​ប្រារឰ​ពិធី​បុណ្យដារលាន​នេះ​ក្នុង​បំណង​រំលឹក​នឹក​គុណ​ដល់​អា​រុក្ខ​អារក្ខ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​ជួយ​ថែរក្សា​ផលដំណាំ​របស់​ពួក​គាត់​មួយ​រដូវ​ កាល​កន្លង​មក​។​

​ប្រជា​កសិករ​ម្នាក់​ឈ្មោះ​ជា​ សា​រ៉ុ​ម​ រស់នៅ​ក្នុងភូមិ​ឃ្មត់​ ឃុំ​បារគូ​ ស្រុក​ កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ បាន​ទូល​ស្រូវ​ មួយ​កញ្ជើ​សំដៅ​ទៅ​រោង​បុណ្យ​នៅ​កណ្ដាល​ ភូមិ​ដោយ​ទឹកមុខ​រីករាយ​ដោយ​ឆ្នាំ​នេះ​ រូប​គាត់​និង​ក្រុម​គ្រួ​សារបាន​ទទួលផល​ ស្រូវ​ជាទី​គាប់ចិត្ដ​។​

​ចំណែក​កសិករ​ម្នាក់​ទៀត​ឈ្មោះ​មិន​មីនា​ ក៏​បាន​កាន់​នំ​បញ្ចុក​មាន​សម្ល​គី​រី​ សាច់​មាន់​និង​សម្លប្រហើរ​មាន​បង្អែម​យក​ទៅ​កន្លែង​រោង​បុណ្យ​ដើម្បី​ចូលរួម​ ក្នុង​ពិធី​។​

​នៅ​ក្នុង​រោង​បុណ្យ​លោកតា​អាចារ្យ​ ម៉ិ​ញ​ ម៉េ​ន​ បាន​ប្រកាសប្រាប់​ដល់​ប្រជា​ កសិករ​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ បុណ្យ​ថា​ឆ្នាំ​នេះ​ភូមិ​ឃ្មត់​យើង​ធ្វើបុណ្យ​ ដារ​លាន​ក្រោយ​គេ​ក្នុង​ឃុំ​បារគូ​តែ​ទោះ​ ជា​យ៉ាងណា​ក៏​យើង​មិន​ភ្លេច​ពិធី​នេះ​ដែរ​។​ លោកតា​អាចារ្យ​បាន​មាន​ប្រសាសន៍​ ប្រាប់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​យល់​អំពី​អត្ថន័យ​នៃ​បុណ្យដារលាន​នេះ​ថា​ហេតុ​ ដែល​យើង​ប្រារឰ​ពី​ធី​បុណ្យ​នេះ​ជា​រៀង​ រាល់​ឆ្នាំ​គឺ​បំណង​រំលឹក​នឹក​ដល់​អា​រុក្ខ​ អារក្ខ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​ជួយ​ថែរក្សា​ផលដំណាំ​ស្រូវ​មួយ​រដូវ​កាល​ កន្លង​មក​។​ លោក​អាចារ្យ​បាន​ដំណាល​ ថា​កាលពីព្រេងនាយ​មាន​អារក្ស​ម្ចាស់​ដី​បាន​មក​ហួងហែង​ប្រាប់​កសិករ​ថា​យើង​ ជា​អរ​ក្សមាន​ភារកិច្ច​គ្រប់គ្រង​ផលដំណាំ​របស់​កសិករ​គ្រប់​ប្រភេទ​ដូច្នេះ​កសិករ​ ត្រូវ​តែ​ចែក​ភោគផល​ឱ្យ​យើង​ខ្លះ​ទើប​ បាន​បើ​មិន​ដូច្នេះ​ទេ​យើង​មិន​ឱ្យ​ផល​ ដំណាំ​ដុះ​លូតលាស់​ល្អ​ឡើយ​ហើយ​យើង​ នឹង​លែង​សត្វ​ចង្រៃ​ឱ្យ​ស៊ី​បំផ្លាញ​ផល​ ដំណាំ​កសិករ​ឱ្យ​អស់​។​ ឮ​ដូច​នោះ​កសិករ​ សួរ​ទៅ​អារក្ស​ថា​តើ​លោក​ចង់បាន​ភាគ​ផល​ដូច​ម្ដេច​?​ អារក្ស​បាន​ប្រាប់​ទៅ​ កសិករ​ថា​អើ​ភាគ​ផល​ដែល​នៅ​ក្រោម​ ដី​ត្រូវ​បាន​មក​យើង​ចំណែក​ផល​នៅ​លើ​ ដី​ត្រូវ​បាន​ទៅ​កសិករ​។​ បន្ទាប់​មក​រដូវ​ ភ្លៀង​ធ្លាក់​បាន​មក​ដល់​កសិករ​បាន​រៀបចំ​ភ្ជួរ​រាស់​ដក​ស្ទូង​ដំណាំ​ស្រូវ​លុះ​ចុងឆ្នាំ​ កសិករ​បាន​ប្រមូល​ផល់​ស្រូវ​ទុក​ក្នុង​ ជង្រុក​ជា​ការ​ស្រេច​ចំ​ណែ​អារក្ស​បាន​តែ​គល់​ជញ្ជ្រាំង​និង​ឫស​។​ ពេល​នោះ​អារក្ស​ គិត​ថា​ចាញ់បោក​មនុស្ស​លុះ​ឆ្នាំ​បន្ទាប់​ អារក្ស​គិត​ថា​ម្ដងនេះ​យើង​យក​ផ្នែក​ខាង​ លើ​ឱ្យ​កសិករ​យក​ផ្នែក​ក្រោម​ដី​ម្ដង​។​ បន្ទាប់​មក​កសិករ​បាន​ដាំ​ដំណាំ​រុក្ខជាតិ​មាន​មើម​ដូច​ជា​ ដំឡូង​ ត្រាវ​ ឆៃថាវ​ សាគូ​។​ល​។​ លុះដល់​ចុងឆ្នាំ​កសិករ​បាន​ ប្រមូល​ផល​ដែល​ដក​និង​គាស់​យក​មើម​មក​ទុកដាក់​ជា​អាហារ​ចំណែក​អារក្ស​ បាន​តែ​ដើមទង​និង​ស្លឹក​។​ តែ​ម្ដងនេះ​ អារក្ស​គិត​ថា​លែង​ចាញ់បោក​កសិករ​ ទៀត​ហើយ​អារក្ខ​គិត​ថា​យក​ផល​ផ្នែក​ ក្រោម​ដី​និង​ខាង​ចុង​ម្ដង​ឱ្យ​កសិករ​យក​ ផ្នែក​កណ្ដាល​។​

​កសិករ​យល់ព្រម​ក៏​ចាប់​ភ្ជួរ​រាស់​ដាំ​ ដំណាំ​ពោត​លុះ​ចុងឆ្នាំ​កសិករ​បាន​ ប្រមូល​ផល​កាច់​ផ្លែ​ពោត​ផ្នែក​កណ្ដាល​ ទុក​ឱ្យ​អារក្ស​យក​គល់​និង​ផ្កា​ពោត​។​ ពេល​ នោះ​អារក្ស​តូចចិត្ដ​ជាមួយ​កសិករ​យ៉ាង​ខ្លាំង​ក៏​ប្រាប់​ទៅ​កសិករ​ថា​ឆ្នាំ​ក្រោយ​យើង​មិនបាច់​ចែក​របៀប​នេះ​ទេ​បើ​កសិករ​ បង្កបង្កើន​ផល​បាន​យើង​សុំ​ចំណែក​ខ្លះ​ ហើយ​យើង​ធានា​នឹង​ជួយ​មើលថែ​ឱ្យ​ផលដំណាំ​កសិករ​បាន​ភោគផល​ល្អជា​រៀង​ រហូត​។​ តាំងពី​ពេល​នោះ​មក​ប្រជាក​សិ​ ករ​រៀង​រាល់​ការ​ប្រមូល​ផល​រួច​តែង​នាំ​ គ្នា​យក​ស្រូវ​ខ្លះ​មួយ​កញ្ជើ​ខ្លះ​មួយ​ល្អី​ ទៅ​គរ​ពូន​ជា​ភ្នំស្រូវ​ដើម្បី​ឧទ្ទិស​ជូន​ទៅ​ អារក្ស​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​ទទួលផល​ ហើយ​មាន​សេចក្ដីសុខ​ទាំងអស់​គ្នា​។​

​លោកតា​អាចារ្យ​ ម៉ិ​ញ​ ម៉េ​ន​ បាន​ បញ្ជាក់​ថា​ នេះ​គ្រាន់តែ​ជា​រឿងព្រេង​ដែល​ តំណាល​តៗ​គ្នា​តែ​ប៉ុណ្ណោះ​៕​ ឡូ​ សំអាត​

rasak 4 copy