ព័ត៌មានទាន់ហេតុការណ៍៖

​លោក​ឆាយ​សុផល​ចេញផ្សាយ​សៀវភៅ​ស្តី​ពី​បញ្ហា​ផែនដី​ និង​ផែនទី​កម្ពុជា​-​វៀតណាម​

​ភ្នំពេញៈ​ លោក​ ឆាយ​ សុផល​ សមាជិក​គណៈនាយក​ក្លិប​អ្នកកាសែត​កម្ពុជា​នៅ​ថ្ងៃ​អង្ការ​នេះ​ បាន​ចេញផ្សាយ​សៀវភៅ​មួយទៀត​ដែល​មាន​ចំណងជើង​ថា​ “​សត្រូវ​មិត្តភក្តិ​ឯង​ ៖​ ផែនដី​ និង​ផែនទី​កម្ពុជា​-​វៀតណាម​ (១៦២៣​ -​ ២០១៥)”​ នៅ​ស​ប្តា​ហ៍​នេះ​ ដែល​ជា​ចំណុចក្តៅ​បំផុត​ដែល​បាន​កើត​មាន​កន្លង​មក​នៅ​កម្ពុជា​។​

​ថ្លែង​នៅ​ក្នុ​សន្និសីទ​សារព័ត៌​មាននៅ​ឯ​ក្លិប​អ្នកកាសែត​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​ លោក​ ឆាយ​ សុផល​ បាន​និយាយ​ថា​ សៀវភៅ​នេះ​បាន​បង្ហាញ​ពី​សាវតារ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ ឬ​ដែនដី​កូសាំងស៊ីន​ជា​ផ្លូវការ​ទៅ​ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩​ ដែល​ក្រោយៗ​មករ​ហូត​មក​ដល់​ឆ្នាំ​២០១៥​ ជម្លោះផ្ទៃក្នុង​កម្ពុជា​ស្តី​ពី​ព្រំដែន​ និង​ផែនទី​បាន​កើត​មាន​មិន​ចេះ​ចប់​ ពិសេស​ជម្លោះ​ដ៏​ស្រួចស្រាល់​ចុង​ក្រោយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​នាំ​ឲ្យ​ផ្អើល​ដល់​ពិភពលោក​ ហើយ​ជម្លោះ​នេះ​ក៏​មាន​ចំហាយ​រាលដាល​រហូត​នាំ​ឲ្យ​មានការ​វាយដំ​ទាត់​ធាក់​អ្នកតំណាង​រាស្ត្រ​ពីរ​រូប​កាលពី​ថ្ងៃ​ទី​២៦​ តុលា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​។​

​លោក​ ឆាយ​ សុផល​ ដែល​បាន​ទៅ​មើល​ការ​វាស់​បង្គោល​ព្រំដែន​ជាមួយ​លោក​ សុខ​ ទូច​ ដែរ​នោះ​ បាន​រៀបរាប់​ថា​ សៀវភៅ​នេះ​មាន​កម្រាស់​៤០០​ទំព័រ​ ហើយ​បាន​បង្ហាញ​ពី​ជម្លោះ​ប្រទាក់ក្រឡា​គ្នា​ទាំង​ក្នុង​ចំណោម​ជនជាតិ​កម្ពុជា​ផង​ និង​នៅ​ក្នុង​ចំណោម​បរទេស​ដូច​ជា​ អាម៉េរិក​ អង់គ្លេស​ ចិន​ រុ​ស្ស៊ី​ និង​ពួក​សម្ព័ន្ធមិត្ត​ផង​ ដែល​ដំបូង​គឺជា​មិត្ត​ តែ​ក្រោយមក​ក្លាយជា​សត្រូវ​ និង​សត្រូវ​ក្លាយជា​មិត្ត​ ដោយសារ​តែ​បញ្ហា​ផែនដី​ និង​ផែនទី​កម្ពុជា​ជាមួយ​វៀតណាម​ចាប់តាំងពី​ឆ្នាំ​១៦២៣​ រហូត​មក​ដល់​ឆ្នាំ​២០១៥​ នេះ​។​

​នៅ​ក្នុង​សៀវភៅ​នោះ​ក៏​បាន​លើក​ឡើង​ពី​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​ ជា​ទឹកដី​មហានគរ​ដ៏​ធំ​មហាសាល​ក្នុង​ដែនដី​អាស៊ី​ ប៉ុន្តែ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​បរទេស​ជិតខាង​ មាន​សៀម​ និង​យួន​ ព្រមទាំង​ជប៉ុន​ បារាំង​ និង​អាម៉េរិក​ នោះ​អាណាចក្រ​ខ្មែរ​ត្រូវ​បានកា​ត់ទៅ​ឲ្យ​ប្រទេស​ជិតខាង​។​ ដោយសារ​តែ​ការ​បាត់បង់​ទឹកដី​មហាសាគរ​នេះ​ហើយ​ ទើប​អ្នកនយោបាយ​ខ្មែរ​ជា​ច្រើន​នៅ​ជំនាន់​ក្រោយៗ​រហូត​មក​ដល់​បច្ចុប្បន្ន​ បាន​ចោទប្រកាន់​អ្នក​ជំនាន់​មុន​ និង​ចោទ​គ្នា​នា​បច្ចុប្បន្ន​ទៅ​វិញ​ទៅ​មក​ ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ និង​កេង​ចំណេញ​នយោបាយ​ សម្រាប់​ទាក់ទាញ​យក​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​រៀងៗ​ខ្លួន​។​

​លោក​ ឆាយ​ សុផល​ បាន​ បញ្ជាក់​ថា​ ដោយសារ​តែ​ខ្សែបន្ទាត់​ព្រំ​ដែនទឹក​ និង​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​ និង​វៀតណាម​មិន​បាន​កំណត់​ច្បាស់លាស់​កន្លង​មក​ ទើប​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​ពីរ​នេះ​តែងតែមាន​ភាព​រកាំរកូស​ និង​អរិភាព​នឹង​គ្នា​ រហូត​ដល់​មានការ​បង្ហូរឈាម​គ្នា​នៅ​តាម​ព្រំដែន​ និង​ចូល​ឈ្លានពាន​គ្នា​ទៅ​វិញ​ទៅ​មក​ ពិសេស​នៅ​មុន​ទសវត្សរ៍​១៩៩០៕​ ប្រាថ្នា​

Chhay Chhay sophal